​សម្តេច ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ «​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍ​មាតុភូមិ​កម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤)

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤) ដែល​បាន​រៀបចំ​ឡើង​នា​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ ដែល​មាន​សមាសភាព​អញ្ជើញ​ចូលរួម​ចំនួន ៧០០​អង្គ​/​នាក់​  ថ្ងៃ​ចន្ទ ២​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន លើកឡើងថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ ១៩៧៩​។​

​ថ្ងៃ​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ជា​ថ្ងៃ​ដែល «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ត្រូវបាន​ប្តូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​»  ត្រូវបាន​បង្កើតឡើង​នៅ​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដោយ​មាន​ការឧបត្ថម្ភ​គាំទ្រ​ស្មារតី និង​សម្ភារៈ​ទៅវិញទៅមក រវាង​បណ្តា​ប្រទេស​ជា​មិត្ត និង​ត្រូវ​បាន​បន្ត​ពង្រឹង​សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ​ទ្វេរ​ឡើង​ថែម​ទៀត​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ទៀត​ថា រយៈពេល ៤៦​ឆ្នាំ​កន្លងមកនេះ ប្រជាជន​បាន​ស្ថិតស្ថេរ​រួមរស់​ជាមួយគ្នា​ក្នុង​ជួរ​រណសិរ្ស ពុះពារ​ឆ្លងកាត់ ឧបសគ្គ​តូចធំ​ទាំងឡាយ​យ៉ាង​អង់អាច​ក្លាហាន​បំផុត ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ស្នូល​ដឹកនាំ និង​ជា​អគ្គ​មគ្គទេសក៍​ដ៏​ឆ្នើម​របស់​ប្រជាជន​កម្ពុជា​។ ស្មារតី​២​ធ្នូ ស្មារតី​៧​មករា ដែល​បាន​ចារឹក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាជន​យើង បាន​ប្រែ​ក្លាយទៅជា​កម្លាំង​យ៉ាង​ធំធេង​ក្នុង​ការបង្កើតឡើង​នូវ​សមិទ្ធផល​ធំៗ នៃ​សង្គមជាតិ​។ ឥឡូវនេះ ក្រោម​ពន្លឺ​នៃ​សន្តិភាព សេរីភាព មនសិការ​ជាតិ និង​ក្នុង​ជំហរ​ផ្សារភ្ជាប់​នូវ​ជោគវាសនា​របស់​ខ្លួន​យើង ទាំងអស់គ្នា យើង​ជឿជាក់ថា​នឹង​គ្មាន​ការ​កើត​ឡើង​ជា​ថ្មី​ទៀត​នូវ​សោកនាដកម្ម ដូច​ក្នុង​អតីតកាល​ឡើយ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ដ៏​សកម្ម​នៃ​រណសិរ្ស​គ្រប់​ថ្នាក់ សូម​លើក​កម្ពស់​ស្មារតី​ថែរក្សា សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ប្រកាន់ខ្ជាប់​ប្រពៃណី​ស្នេហា​ជាតិ ផ្សារភ្ជាប់​ជាមួយ​ប្រជាជន ហើយ​ខិតខំ​បញ្ចេញ​អស់​កម្លាំងកាយ​ចិត្ត ក្នុងការ​បម្រើប្រជាជន និង​ប្រទេសជាតិ ។ ជាពិសេស អនុវត្ត​ឲ្យបាន​នូវ​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ដែល​បាន​ផ្តល់​អនុសាសន៍​ដ៏​ថ្លៃថ្លា នៅក្នុង​អង្គ​មហាសន្និបាត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៦ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លងទៅនេះ​  ។​

Leave a Reply

Your email address will not be published. Required fields are marked *