កម្ពុជា​-​ឡាវ ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​

នា​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ដែល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​, ថ្ងៃទី​៤-៥ ខែ​ធ្នូ​, ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​ឡាវ ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២៤​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ចំណង​មិត្តភាព​កម្ពុជា​-​ឡាវ នឹង​ត្រូវ​បាន​ពូន​ជ្រុំ ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។

​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ឯកឧត្តម និង​គណៈប្រតិភូ​។ ការណ៍​នេះ​បាន​បង្ហាញ​ពី​មិត្តភាព​ដ៏​ជិតស្និទ្ធ និង​ទំនាក់ទំនង​ដ៏​រឹងមាំ ជា​ប្រពៃណី​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​។ ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ និង​កោត​សរសេីរ​កម្ពុជា ដែល​រក្សាបាន​នូវ​សុខសន្ដិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច ជាមួយ​នឹង​ការសម្រេច​បាន​នូវ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ល្អប្រសើរ និង​បោះជំហាន​ទៅមុខ​ប្រកបដោយ​ភាពស្វាហាប់ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី​។ ទាំងនេះ​ពិតជា​បាន​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ប្រ​សេីរ​ឡេីង​។

​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​សម្ដែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ជា​ប្រពៃណី ជា​អ្នក​ជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ ។ ប្រមុខ​ទាំងពីរ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ជំរុញ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​រឹងមាំ និង​ជិតស្និទ​ថែម​ទៀត និង​គាំទ្រ​ឱ្យមាន​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ​នៅ​គ្រប់​កម្រិត រួម​ទាំង​យុវជន និង​យុវជន​ផងដែរ​។

​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​រួម​មាន​ជាអាទិ៍​៖ វិស័យ​នយោបាយ និង​ការទូត​,​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វិនិយោគ និង​ហិរញ្ញវត្ថុ​, ការពារជាតិ និង​សន្តិសុខ​, ថាមពល​, ការដឹកជញ្ជូន​និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ​, ទេសចរណ៍​, វប្បធម៌ និង​សិល្ប​: ព្រមទាំង​កិច្ចសហការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ។

​ឆ្លៀត​ក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​អញ្ជើញ​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​៖ (១) កិច្ចព្រមព្រៀង​ស្ដីពី ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្កា​រការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​, (២) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង (៣) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី កិច្ច​ហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ​៕

Leave a Reply

Your email address will not be published. Required fields are marked *