​កម្ពុជា​-​ម៉ាឡេស៊ី​នៅ​មាន​សក្ដានុពល និង​កាលានុវត្តភាព​ជាច្រើន ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​

នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខ​រដ្ឋបាល នៃ​រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី និង​ជា​ប្រធាន​អង្គការ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ឥស្លាម​តំបន់​អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក​(RISEAP) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រមុខ​រដ្ឋបាល​នៃ​រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដល់​ការគាំទ្រ​ដល់​អង្គការ RISEAP ក្នុង​ការរៀបចំ​សន្និបាត​លើក​ទី ២០ របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ នា​ឱកាស​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង​បំផុត​។ ឯកឧត្តម​ប្រមុខ​រដ្ឋបាល​នៃ​រដ្ឋ Sarawak ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​សាវតារ​របស់​អង្គការ RISEAP ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨០ ដោយ​នាយក​រដ្ឋមន្ត្រី​ទី​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី ក្នុង​គោលបំណង​លើកកម្ពស់​ការយោគយល់​គ្នា និង​ការគោរព​គ្នា​ទៅវិញទៅមក រវាង​សាសនា​និង​សាសនា ព្រមទាំង​ការចូលរួម​ចំណែក​ក្នុង​ការបង្កើត​សង្គម​មួយ​ប្រកបដោយ​សុខសន្តិភាព និង​សុខដុម​នីយកម្ម​។ ឯកឧត្តម​ប្រមុខ​រដ្ឋបាល​នៃ​រដ្ឋ Sarawak​ក៏​បាន​កត់សម្គាល់​បន្ថែ​ម​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល និង​កាលានុវត្តភាព​ជាច្រើន នៅក្នុង​ការពង្រឹង​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា ដែល​រដ្ឋ Sarawak អាច​ដើរតួនាទី​នៅ​ក្នុង​ការចូលរួមចំណែក​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ការតភ្ជាប់រ​វាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ អង្គការ RISEAP ដែល​បាន​រៀបចំ​សន្និបាត​លើក​ទី​២០ របស់​ខ្លួន​នៅ​កម្ពុជា​។ ការណ៍​នេះ​បាន​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​ពិត​របស់​កម្ពុជា​ទៅកាន់​ពិភពលោក ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាននូវ​សន្តិភាព និង​សុវត្ថិភាព​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា តាមរយៈ​សន្តិភាព និង​ស្ថិរភាព​នេះ បាន​ផ្ដល់​ឱកាស​ដល់​ការ​កសាងបាន​នូវ​សុខដុម​នីយកម្ម​សាសនា​នៅក្នុង​សង្គម​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការផ្ដល់ តម្លៃ និង​សិទ្ធិ​សេរីភាព​ពេញលេញ​នៅក្នុង​ការគោរព និង​ការ​ប្រណិប័តន៍​ជំនឿ​សាសនា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សហគមន៍​សាសនា​ទាំងអស់ រួមទាំង​សហគមន៍​សាសនា​ឥស្លាម​ដែល​គាំទ្រ​ទៅដល់​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​ឯកភាព​ជាមួយ​នឹង​ឯកឧត្តម​ប្រមុខ​រដ្ឋបាល នៃ​រដ្ឋ Sarawak ផងដែរ​ថា កម្ពុជា​-​ម៉ាឡេស៊ី នៅ​មាន​កាលានុវត្តភាព​ជាច្រើន​បន្ថែមទៀត​នៅក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​សហប្រតិបត្តិការ​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រមុខ​រដ្ឋបាល នៃ​រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​បន្ត​ជំរុញ​, ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត ជាពិសេស​រវាង​កម្ពុជា និង​រដ្ឋ Sarawak លើ​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា​៖ វិស័យ​អប់រំ​, ទេសចរណ៍​, ថាមពល​កកេីត​ឡេីង​វិញ និង​លទ្ធភាព​នៃ​ការភ្ជាប់​ការហោះហើរ​ត្រង់​ពី​រដ្ឋ Sarawak មក​កាន់​កម្ពុជា ព្រមទាំង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *