អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត​

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​សំបូរ​ព្រៃ​គុក (​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក​) ដែល​ដឹកនាំ​ដោយ​សហប្រធាន​ជប៉ុន តំណាង​ដោយ​ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​សហប្រធាន​បារាំង តំណាង​ដោយ​លោក Fabrice ETIENNE ភារធារី​ស្តីទី​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​, លោក Lazare ELOUNDOU ASSOMO ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​, អ្នកជំនាញការ និង​តំណាង​ដៃគូ​អន្តរជាតិ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​ឱកាស​នៃ​ជំនួប គណៈប្រតិភូ​បាន​គោរព​រាយ​កាណ៍​ជូន​សម្ដេច​បវរ​ធិបតី​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១១-១៣ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀមរាប និង​បាន​គោរព​ជម្រាប​ជូន​នូវ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក នៅ​ក្នុង​ការរួមចំណែក​ជំរុញ​ការអភិរក្ស និង​អភិវឌ្ឍ​តំបន់​បេតិកភណ្ឌ​អង្គរ និង​សំបូរ​ព្រៃ​គុក ដែល​មិន​ត្រឹមតែ​ផ្ដល់​សារៈប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ដល់​តម្លៃ​ទៅ​ដល់​មនុស្សជាតិ​ទាំងមូល​ផង​ដែរ ព្រមទាំង​ការចូលរួម​ចំណែក​របស់​យន្តកា​រអាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ក្នុង​ការកសាង​ធនធាន​មនុស្ស​កម្ពុជា ប្រកបដោយ​ជំនាញ​លើ​វិស័យ​អភិរក្ស និង​ការជួសជុល​ប្រាង្គ​ប្រាសាទ​។ គណៈប្រតិភូ​ក៏​បាន​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​ខ្ពស់​នៅ​ក្នុង​ការបន្ត​ចូល​រួមចំណែក​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​យន្តការ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ធានា​ឱ្យបាន​នូវក្នុង​ការថែរក្សា​តំបន់​បេតិកភណ្ឌ​របស់​មនុស្សជាតិ និង​រួមចំណែក​ទៅ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ផងដែរ​។ ទន្ទឹមនឹងនេះ គណៈប្រតិភូ​ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​នា​ពេលកន្លងមក ក្នុង​កិច្ចការ​អភិរក្ស និង​ការអភិវឌ្ឍ ក៏ដូចជា​ជោគជ័យ​នៃ​ការដាក់បញ្ចូល​នូវ​សម្បត្តិ​បេតិកភណ្ឌ​ជាច្រើន​របស់​កម្ពុជា​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ គណៈប្រតិភូ​ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ផងដែរ អំពី​ការសម្រេច​បន្ត​អាណត្តិ​នៃ​យន្តការ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅ​មុខ​ទៀត ផងដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៩ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣១ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក កាល​ពី​ថ្មីៗ​នេះ​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​យន្តការ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក រួមទាំង​អង្គការ​យូណេស្កូ ក៏​ដូច​ជា​ដៃគូ​អន្តរជាតិ​ទាំងអស់ ជា​ពិសេស​ប្រទេស​បារាំង និង​ជប៉ុន​ចំពោះ​ការផ្ដល់​ការគាំទ្រ​ឥត​ងាករេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជួសជុល និង​ការអភិរក្ស​តំបន់​អង្គរ និង​សំបូរ​ព្រៃ​គុក ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ និង​ជា​តម្លៃ​លេចធ្លោ​ជា​សកល​របស់​មនុស្សជាតិ​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​របស់​សន្និសីទ​អន្តររដ្ឋាភិបា​លលើក​ទី​៤ ស្ដី​ពី​អង្គរ ដែល​បាន​បន្ត​អាណត្តិ​នៃ​យន្តការ​អង្គរ​/​សំបូរ​ព្រៃ​គុក សម្រាប់​រយៈពេល​១០​ឆ្នាំ​បន្ថែមទៀត ដើម្បី​ធានា​នូវ​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រាជរដ្ឋាភិបាល​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា យន្តការ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ស្របពេល​ដែល​បញ្ហា​ប្រឈម​នៅតែ​បន្ត​មាន និង​មាន​ភាពស្មុគស្មាញ រួម​មាន​ជាអាទិ៍​៖ ការប្រែប្រួល​អាកាសធាតុ និង​កំណើន​ប្រជាជន ដែល​សុទ្ធសឹងតែ​ទាមទារ​នូវ​កិច្ច​សហប្រតិបត្តិការ​មួយ​ដែល​ធានា​ឱ្យបាន​នូវ​តុល្យភាព​រវាង​ការអភិវឌ្ឍ និង​អភិរក្ស​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈប្រតិភូ​ដែល​បាន​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​នៅ​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​មានជំនឿថា តាមរយៈ​នៃ​ការប្ដេជ្ញាចិត្ត និង​ភាព​ជា​ដៃគូ​នេះ សមិទ្ធផល​ជាច្រើន​នឹង​សម្រេច​បាន​កាន់តែ​ល្អប្រសើរ ដើម្បី​ធានា​ទៅដល់​ការអភិរក្ស​តំបន់​អង្គរ និង​សំបូរ​ព្រៃ​គុក សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ សម្ដេច​បវរ​ធិបតី​ក៏​បាន​ស្នើ​ដល់​យន្តការ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក​, អង្គការ​យូណេស្កូ​, និង​ដៃគូ​អន្តរជាតិ​នានា បន្ត​ផ្ដល់​នូវ​ការគាំទ្រ​បន្ថែម​ទៀត​លេីការ​សម្របស​ម្រួ​ល​ដល់​ការបញ្ជូន​ត្រឡប់​នូវ​វត្ថុ​បុរាណ​ខ្មែរ​ត្រឡប់​មក​មាតុប្រទេស​វិញ​, ការដាក់​បញ្ចូល​នូវ​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា​ចូលទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ និង​ការបន្ត​គាំទ្រ​ទៅដល់​ការអភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *