ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​កម្ពុជា

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​លោកស្រី Rosemarie P. Rafael ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី Rosemarie P. Rafael បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​សមាសភាព​គណៈប្រតិភូ​នៃ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នា​ពេល​នេះ ដែល​មាន​ថ្នាក់ដឹកនាំ​ស្ត្រី និង​ជា​ធុរជន​ហ្វីលីពីន ចំនួន​៣៥​រូប ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន​ដែល​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ជាច្រើន​។ ជាមួយគ្នា​នោះ លោកស្រី​ប្រធាន​ក្រុមប្រឹក្សា​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ថា គណៈប្រតិភូ​នឹង​ចូលរួម​វេទិកា​ធុរកិច្ច​ដែល​សហការ​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន​និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ ក្នុងឱកាស​នោះ​ដែរ​, គណៈប្រតិភូ បានបង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​៖ វិស័យ​កសិកម្ម (​ឧស្សាហកម្ម​ស្រូវ​អង្ករ​), អាកាសចរណ៍​, ទេសចរណ៍​, យានយន្ត​, អប់រំ​, សុខាភិបាល​, ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​, អាជីវកម្ម​លក់រាយ និង កម្មន្ដសាល ព្រមទាំង​បាន​បង្ហាញ​បំណង​ស្វែងរក​កិច្ចសហការ​ជាមួយ​សហគ្រិន​ជា​ស្ត្រី​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការពង្រឹង​ជំនាញ​វិជ្ជាជីវៈ​, ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និងឧ​ត្ត​មានុ​វត្តន៍​ល្អៗ ការកសាង​សមត្ថភាព​ជា​ដើម​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ និង​ការជួយ​លើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​របស់​ក្រុមប្រឹក្សា ព្រមទាំង​បាន​ស្វា​មគ​មន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​ក្នុង​ការស្វែក​ឱកាស​វិនិយោគ និង​ពាណិជ្ជកម្ម នៅ​កម្ពុជា និង​បង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ការរៀបចំ​វេទិកា​ធុរកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ ក៏​ដូចជា​ការរៀបចំ​វេទិកា​ធុរកិច្ច​នៅ​ហ្វីលីពីន នាពេលខាងមុខ ហើយ​សម្ដេច​បាន​គូសបញ្ជាក់ថា វេទិកា​ធុរកិច្ច​ទាំងនេះ​នឹង​ជួយ​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​ធុរជន ឬ​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ និង​ជួយ​បង្កើត​កាលានុវត្តភាព​បន្ថែម សម្រាប់​ការវិនិយោគ​ជាដើម​។ សម្ដេច​បវរ​ធិបតី​បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ភាពជោគជ័យ​របស់​វិស័យ​ឯកជន តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​គាំទ្រ និង​វិធានការ​លើកទឹកចិត្ត​នានា​សម្រាប់​ការវិនិយោគ និង​ការធ្វើ​ធុរកិច្ច​នៅក្នុង​កម្ពុជា​។ បន្ថែម​លើស​នេះ​, សម្ដេច​បវរ​ធិបតី​លើកឡើងថា នៅ​កម្ពុជា តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​ក៏បាន និង កំពុង​វិវត្ត​រីកចម្រើ​ន​គួរឱ្យកត់សម្គាល់ ហើយ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​អាច​រីកលូតលាស់​ទៅបាន លុះត្រាតែ​មាន​ការចូលរួម​ពី​ពហុ​វិស័យ ដើម្បី​ធានា និង​ជំរុញ​សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *