ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​លក់​សំបុត្រ និង​ការត្រួតពិនិត្យ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្រោម​អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មករា ២០២៥ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​លក់​សំបុត្រ និង​ការត្រួតពិនិត្យ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ។​

​ជា​ការដាក់​ឱ្យ​អនុវត្ត​នូវ ថ្នាល​ឌីជីថល សម្រាប់​ការលក់ និង ការគ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង រមណីយដ្ឋាន ទេសចរណ៍​ពាក់ព័ន្ធ​ផ្សេងទៀត ក្រោម​សមត្ថកិច្ច​របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​សមិទ្ធផល​ថ្មី មួយទៀត របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ចប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការផ្តល់​សេវា​ជូន​ដល់​អ្នកទេសចរ​អន្តរ​ជាតិ​, ការជំរុញ​ការទាក់ទាញ​ទេសចរ​អន្តរជាតិ និង ការលើកកម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ ។​

​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង និង ជា​សសរស្តម្ភ​មួយ​ដ៏​សំខាន់ ដែល​ជួយ​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច​, បង្កើត​ឱកាស​ការងារ និង លើកស្ទួយ​វប្បធម៌​ជាតិ ។ ទេសចរណ៍ ជា​វិស័យ​មួយ​ដែល​មាន​ការរីកចម្រើន​យ៉ាង​រហ័ស តាមរយៈ​ការចាប់យក​នូវ​បច្ចេកវិទ្យា​ថ្មី ជាពិសេស បច្ចេកវិទ្យា​ឌីជីថល ដែល​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការគ្រប់គ្រង និង ការស្តារ​ឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ។

​រាជរដ្ឋាភិបាល​បាន​បង្កើត​គ្រឹះស្ថាន​អង្គរ ដែលជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល នៅ​ថ្ងៃ​ទី ២១ ខែ មករា ឆ្នាំ ២០១៦, ជា​អង្គភាព​ថ្មី​មួយ សម្រាប់​ធ្វើ​ការគ្រប់គ្រង​ការប្រមូល និង ការបង់​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​មាន​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជា​អាណាព្យាបាល​ហិរញ្ញវត្ថុ និង ក្រសួង​ទេសចរណ៍ ជា​អាណាព្យាបាល​បច្ចេកទេស ។​

Leave a Reply

Your email address will not be published. Required fields are marked *