​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជំរុញ​និង​លើកទឹកចិត្ត​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​បន្ត​ផលិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សក្តានុពល​ខេត្ត​ឱ្យបាន​ច្រើន​ដើម្បី​ផ្តល់​ព័ត៌មាន​សម្បូណ៌​បែប​ជូន​ដល់​សាធារណ​​ជន និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​

​ខេត្តសៀមរាប ៖ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា ក្នុងនាម​ជា​មន្ត្រី​ព័ត៌មាន សូម​យកចិត្តទុកដាក់​និង​ខិតខំ​ប្រឹងប្រែង​បង្កើន​ការផលិត​ពី​ព័ត៌មាន​វិជ្ជមាន​នានា​ទាក់ទង​នឹង​សមិទ្ធផល​សម្រេចបាន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត មន្ទីរជំនាញ​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ​។

​ការ​ថ្លែង​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី នេត្រ ភ​ក្ត្រា ធ្វើឡើង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បំពាក់​មេដាយ​ការងារ និង​ផ្តល់​បណ្ណ​សរសើរ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​របស់​ខ្លួន នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៥​។

ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​សម្រេច​បាន​កិច្ច​ការងារ​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ​២០២៤ កន្លងទៅនេះ ក្នុង​ការគ្រប់គ្រង​ព័ត៌មាន និង​សោតទស្សន៍​ក្នុង​ខេត្ត រួម​ទាំង​ការចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​វិស័យ​សារព័ត៌មាន ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​កោតសរសើរ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការផលិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន ចូលរួម​បំភ្លឺ​សាធារណ​មតិ​អំពី​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​ទាក់ទង​នឹង​ខេត្តសៀមរាប​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​ប្រកាន់​អភិក្រម​បុរេ​សកម្ម សកម្ម និង​អន្តរ​សកម្ម​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន​និង​សាធារណ​មតិ​របស់​ខ្លួន និង​ជា​សេនាធិការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការងារ​ព័ត៌មាន​និង​សាធារណមតិ​។​

Leave a Reply

Your email address will not be published. Required fields are marked *