ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ណែនាំ​ឱ្យ​សិក្សា​ដាក់​សេវា​លិខិតឆ្លងដែន​នៅ​ខេត្ត​៤ ខណៈ​ភ្នំពេញ​ត្រៀម​សម្ពោធ​ស្នាក់ការ​ថ្មី​មួយទៀត​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ស្នាក់​ការ​ផ្តល់​សេវា​លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​ថ្មី​មួយទៀត នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​មានជ័យ រាជធានី​ភ្នំពេញ​។ បើ​តាម​លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ពិធី​សម្ពោធ​ស្នាក់ការ​ថ្មី​នេះ នឹង​ធ្វើឡើង​នៅ​មុន​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ គឺ​នា​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៥​នេះ​។

​គួរកត់សំគាល់​ថា ក្រសួង​មហាផ្ទៃ​ក្នុង​នាម​ជា​សេនាធិការ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​និង​កំពុង​រៀបចំ​ទីតាំង​ផ្តល់​សេវា​លិខិតឆ្លងដែន​សរុប​ចំនួន​៦​ទីតាំង រួមមាន នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន ភូមិ​តា​ង៉ូវ សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ សាខា​លិខិតឆ្លងដែន​ផ្សារ​ទំនើប​អ៊ី​ន​អន​២​សែន​សុខ សាខា​លិខិតឆ្លងដែន​ខេត្ត​បាត់ដំបង ខេត្ត​កោះកុង ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ និង​នៅក្នុង​មជ្ឈមណ្ឌល Heritage Walk ក្រុង​សៀមរាប​។

​ដោយឡែក​ចំពោះ​ទីតាំង​ផ្តល់​សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មាន​ផ្តល់នៅ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ព្រមទាំង​មាន​នៅ​តាម​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ខណៈ​ការងារ​នេះ​ពលរដ្ឋ​អាច​ទៅ​ស្នើសុំ​បាន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​ផង​ដែរ​។

​លោក រ៉េ​ន រតនៈ បានឱ្យដឹង​ទៀត​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ឱ្យ​ប្រើប្រាស់​សមិទ្ធផល នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កាលពី​ពេល​ថ្មីៗ​នេះ បាន​ណែនាំ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ សិក្សា​បញ្ចូល​សេវា​វា​ធ្វើ​លិខិតឆ្លងដែន​នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ ដែល​អាច​ជា​ជម្រើស​មុនគេ គឺ​ខេត្ត​បាត់ដំបង កំពង់ចាម ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង​។

​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា នេះ​ជា​ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួង​មហាផ្ទៃ​ក្រោម​ការដឹក​នាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដើម្បី​ធ្វើឱ្យ​សម្រេច​នូវ​គោលបំណង​ដ៏​ឧត្តុង្គឧត្តម របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ណែនាំ​ឱ្យ​ក្រសួង​មហាផ្ទៃ​រិះរក​គ្រប់​វិធីសាស្ត្រ និង​ដាក់​ចេញ​វិធានការ​ថ្មីៗ​បន្ថែមទៀត ដើម្បី​បង្ខិត​សេវា​ឱ្យ​កាន់តែ​កៀក និង​ផ្តល់​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​ក៏​មាន​សេវា​ផ្តល់​លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។

​ជាក់ស្តែង​ទីស្នាក់ការ​ផ្តល់​សេវា​លិខិតឆ្លងដែន​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​៤ ខែ​មករា ឆ្នាំ​២០២៥ ដែល​រហូត​មកដល់ពេលនេះ ស្នាក់ការ​នោះ​បាន​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​ជា​ច្រើន​រយ​នាក់ និង​ទទួលបាន​ការអបអរ​សាទរ​ប្រកបដោយ​ក្ដី​ពេញចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប និង​ពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ជុំវិញ ដ្បិត​ពួកគាត់​ពុំ​ចាំបាច់​ធ្វើដំណើរ​មក​ភ្នំពេញ​ដូច​មុន​ទៀតឡើយ​៕

​ដោយ សេង បូ​លីន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​

Leave a Reply

Your email address will not be published. Required fields are marked *