​គប់​ទឹក​ប៉ាត​ម្សៅ​តាមផ្លូវ ប្រយ័ត្ន​ជ្រុលដៃ​ក្លាយជា​ក្មេង​ទំនើង​!

នៅ​ពេល​តាម​បណ្ដា​មូលដ្ឋាន​មួយចំនួន​ជាពិសេស​ទីប្រជុំជន ក្នុងនោះ​ក៏​មាន​នៅ​រាជធានី​ភ្នំពេញ យុវជន​ជា​បន្តបន្ទាប់​បានចាប់ផ្ដើម​លេង​គប់​ទឹក ប៉ាត​ម្សៅ​ដែល​ជា​សកម្មភាព​ពុំ​គួរ​គប្បី ក្នុងឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខិត​ជិត​ចូលមក​នោះ លោក ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ក្រើនរម្លឹក​ដល់​ក្រុម​យុវវ័យ​ទាំងនោះ ឱ្យ​ប្រយ័ត្ន​៣ គឺ ក្នុងពេល និង​ក្រោយពេល​ចូលឆ្នាំ កុំ​ធ្វើ​សកម្មភាព​ជ្រុល​ហេតុ​នាំឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ និង​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​សូម​ប្រយ័ត្ន​សកម្មភាព​មួយចំនួន​ដែល​អាច​ក្លាយខ្លួន​ជា​ក្មេង​ទំនើ​ង ក្មេង​ទំនើង​ដែល​នឹង​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទាទោស និង​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​។

​លោក ទូច សុឃៈ បាន​ផ្ញើ​សារ​ក្រើនរម្លឹក​ទៅ​ដល់​ក្រុម​យុវវ័យ​ទាំងនោះ​ឱ្យ​ប្រយ័ត្ន​៣​យ៉ាង រួមមាន ប្រយ័ត្ន​ទី​១ ប្រយ័ត្ន​មិនបាន​ចូលឆ្នាំ ប្រយ័ត្ន​ទី​២ ប្រយ័ត្ន​ចូលឆ្នាំ​មិន​ចប់ និង​ប្រយ័ត្ន​ទី​៣ ប្រយ័ត្ន​ចូលឆ្នាំ​ហើយ​ចូល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ (CID)​។ លោក​បន្តថា ប្រយ័ត្ន​ទី​១ ប្រយ័ត្ន​មិនបាន​ចូលឆ្នាំ យុវជន ឬ​យុវវ័យ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ល្មើស ឬ​បទ​ល្មើស ឬ​បង្ក​រឿង​ដែល​ចូល​ទៅក្នុង​រឿង​ព្រហ្មទណ្ឌ ដូចជា​ករណី បង្ក​ហិង្សា កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ ការ​លួច ឆក់ ប្លន់ សេព​គ្រឿងញៀន ជួញដូរ​គ្រឿងញៀន ការ​ដាក់អាវុធ ឬ​ឧបករណ៍​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់ សកម្មភាព​ទាំងនេះ​ហើយ​ដែល​នគរបាល​ព្រហ្មទណ្ឌ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

​លោក​បន្ថែមថា ជាទូទៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​មាន​រយៈ​ពេល​៣​ថ្ងៃ ក៏​ប៉ុន្តែ​នៅ​តាម​តំបន់​និគម ដទៃ​ទៀត​អាច​អូសបន្លាយ​រហូត​ទៅ​ដល់​៥​ថ្ងៃ​។ ដូចនេះ​ប្រយ័ត្ន​ទី​២​នេះ​គឺ ប្រយ័ត្ន​ចូលឆ្នាំ​មិន​ចប់ មានន័យថា​ពេល​ចូលឆ្នាំ​បងប្អូន យុវវ័យ យុវជន​ទាំង​អស់​កុំ​ប្រព្រឹត្ត​បទល្មើស កុំ​បើកបរ​ប្រណាំងប្រជែង បង្កើត​ជា​បក្ខ​ជា​ពួក កុំ​បង្ហោះ​ម៉ូតូ​ពេល​ចូលឆ្នាំ និង​ប្រយ័ត្ន​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​ពេល​ចូលឆ្នាំ​ផង​ដែរ​។ ប្រយ័ត្ន​ចុងក្រោយ គឺ​ប្រយ័ត្ន​ចូល​ឆ្នាំ​ហើយ​ចូល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ មានន័យ​ថា ចូលឆ្នាំ​ចប់​រាល់​ការ​ល្បែង​ផ្សេងៗ​គឺ​ត្រូវ​បញ្ចប់ ជាពិសេស​ការ​ប៉ាត​ម្សៅ ជះ​ទឹក​តែម្ដង​។ ប្រសិនបើ​ហួស​រយៈពេល​នៃ​ពិធី​បុណ្យចូលឆ្នាំ​ហើយ​យើង​នៅតែ​ប្រព្រឹត្ត​ទៀត នោះ​នគរបាល​ព្រហ្មទណ្ឌ​នឹង​ចាត់​នីតិវិធី​តាម​ផ្លូវច្បាប់ ។

​លោក​ក៏​បាន​ទទូច​ឱ្យ​ក្រុម​យុវជន​ដែល​ចង់​ជួបជុំ​លេង​កម្សាន្ត​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជិត​ចូលមក​ដល់​នោះ គប្បី​លេងល្បែង​ប្រជាប្រិយ​ខ្មែរ និង​លេង​អ្វី​ដែល​មិន​ធ្វើឱ្យប៉ះពាល់​សេចក្ដីថ្លៃថ្នូរ​អ្នកដទៃ ឬ​ឆ្លៀតឱកាស​បៀតបៀន​អ្នកដទៃ ដែល​ធ្វើឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​។ លោក​បញ្ជាក់ថា ប្រសិនបើ​មាន​ក្រុម​យុវជន​ទាំង​អស់នោះ ធ្វើ​សកម្មភាព​ជ្រុល​ហួស​ដែន​កំណត់​ច្បាប់ ពួកគេ​អាច​នឹង​ឋិត​ក្នុង​ពន្ធនាគារ​ស្របពេល​ដែល​យុវជន​ផ្សេងទៀត​កំពុង​លេង​កម្សាន្ត​សប្បាយ​តាម​ប្រពៃណី ទំនៀមទម្លាប់ និង​ប្រក​ដប​ដោយ​ភាពថ្លៃថ្នូរ​នោះ គឺ​លេង​សប្បាយ​រហូតដល់​ពេល​ចូលឆ្នាំថ្មី​។

​លោក​បន្ថែម​ទៀត​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ចំពោះ​ប្អូនៗ យុវវ័យ ឬ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ ក្នុងនោះ សមត្ថកិច្ច​ក្នុង​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​នូវ​ផែនការ​រួចជាស្រេច តាំងពី​ថ្នាក់​អគ្គស្នងការដ្ឋាន​ន​គរ​បាល​ជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ និង​បូករួម​នឹង​កម្លាំង​ថ្នាក់ជាតិ​បន្ថែមទៀត ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ រៀបចំ​លំហូរ​ចរាចរណ៍​ផ្សេងៗ និង​ដើម្បី​អន្តរាគមន៍ បង្ការ​ជា​បន្ទាន់​ក្នុង​ករណី​បុគ្គល​ណា​ល្មើស​នឹង​ច្បាប់​ដែល​ធ្វើឱ្យ​ប៉ះពាល់​វិធី​បុណ្យជាតិ និង​សន្តិសុខ​ជាតិ​។

​លោក​ក៏​បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត ឱ្យ​យុវជន​ទាំងអស់​បើកបរ​ឱ្យបាន​ត្រឹមត្រូវ កុំ​វ៉ា​ជែង កុំ​បង្ហោះ មាន​កញ្ចក់ ពាក់មួក​សុវត្ថិភាព គោរព​ច្បាប់​ចរាច​រណ៍ សិក្សា​ស្វែងយល់​ពី​ច្បាប់​ចរាចរណ៍ និង​បើ​មាន​ជួបជុំ​លេង​កម្សាន្ត​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន​សូម​ឱ្យ​លេង​ឋិត​ក្នុង​ស្ថានភាព​ដែល​អាច​ទទួលយកបាន និង​ប្រកាន់ខ្ជាប់​ដោយ​ក្រមសីលធម៌ សុជីវធម៌ និង​ការយោគយល់ អធ្យាស្រ័យ​ឱ្យ​គ្នា​ទោ​វិញ​ទៅ​មក នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ខិត​ជិត​មក​ដល់​៕

​កញ្ញា សេង សុខ​ហ៊ុន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Leave a Reply

Your email address will not be published. Required fields are marked *