ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរដ្ឋទូត​វៀតណាម ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​ទំនាក់ទំនង​ទ្វេភាគី

នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន មិញវូ (NGUYEN MINH VU) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដែល​តែងតែ​ផ្ដល់​ការគាំទ្រ និង​មាន​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង​មហាផ្ទៃ​កម្ពុជា ក្នុង​បុព្វហេតុ​ដើម្បី​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម​។

​ការ​ថ្លែង​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​នា​ឱកាស​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ង្វៀន មិញ​វូ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម ក្នុង​ឱកាស​មក​កាន់​មុខតំណែង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​កម្ពុជា​។

​ឯកឧត្តម ង្វៀន មិញ​វូ បាន​ថ្លែងអំណរគុណ​ក្រសួង​មហាផ្ទៃ​កម្ពុជា ជាពិសេស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​បាន​ផ្តល់​កិច្ចសហការ​ជាមួយ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ក្នុង​បុព្វហេតុ​រួម រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ពេល​កន្លងមក​។ ឯកឧត្តម ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​វៀតណាម​។

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​សម្ដែង​ការស្វាគមន៍​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​ទទួលបាន​សេចក្ដីទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​។

​ឯកឧត្តម ង្វៀន មិញ​វូ បាន​ថ្លែងអំណរគុណ និង​ជូនពរ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ក្រុមគ្រួសារ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ មាន​សុខភាព​ល្អ សុភមង្គល និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕

Leave a Reply

Your email address will not be published. Required fields are marked *