កម្ពុជា និង​ចិន ឯកភាព​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី គ្រប់​រដូវ​កាល​

នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៅ​វិមាន​សន្តិភាព​។​

​ជា​កិច្ច​ចាប់ផ្ដើម​, សម្តេច​បវរ​ធិបតី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្តងទៀត នៅ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​គាំទ្រ​ការអភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់ថា ជំនួយ​របស់​មិត្ត​ចិន​បាន​ក្លាយជា​កម្លាំងចលក​រ​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។ សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ស៊ី ជីន​ពីង នាពេលនេះ គូសបញ្ជាក់​ពី​ភាពរឹងមាំ​នៃ​ទំនាក់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម ស៊ី ជីន​ពីង បាន​ថ្លែងអំណរគុណ​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ភាគី​កម្ពុជា ហើយ​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ម្តងទៀត​នៅ​កម្ពុជា​។ ឯកឧត្តម​ប្រធានាធិបតី បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ព្រមទាំង​កោតសរសើរ​ចំពោះ​ភាព​ល្បីល្បាញ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ឯកឧត្តម​បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​បវ​រ​ធិបតី កម្ពុជា​នឹង​បន្ត​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​បន្ត​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ថែម​ទៀត​។ ក្នុងនាម​ជា​មិត្ត​ដែកថែប​របស់​កម្ពុជា​, ឯកឧត្តម ស៊ី ជីន​ពីង បាន​លើកឡើង​ថា ចិន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ហើយ​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​គាំទ្រ​កម្ពុជា​យ៉ាង​មុតមាំ​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​ជួយ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម ស៊ី ជីន​ពីង បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​អាទិភាព រួមមាន​៖ នយោបាយ​, សន្តិសុខ ការពារជាតិ​, ពាណិជ្ជកម្ម វិនិយោគ​, កសិកម្ម​, ទេសចរណ៍​, ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ព្រមទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​។ ឯកឧត្តម ស៊ី ជីន​ពីង ប្តេជ្ញា​ជំរុញ​វិនិយោគិន​និង​ទេសចរ​ចិន​កាន់តែច្រើន មក​កម្ពុជា បន្ត​ផ្តល់​ជំនួយ​សម្រាប់​សកម្ម​ភាព​កម្ចាត់មីន បន្ត​ជួយ​គម្រោង​ផ្លូវ ជនបទ ការផ្គត់ផ្គង់​ទឹក និង​បណ្តាញអគ្គីសនី ព្រមទាំង​ផ្តល់​អាហារូបករណ៍​រដ្ឋាភិបាល​ចិន​ចំនួន ១.០០០ កន្លែង​ក្នុង​រយៈពេល​៣​ឆ្នាំ​៕

Leave a Reply

Your email address will not be published. Required fields are marked *