រាជរដ្ឋាភិបាល​នឹង​លែងឱ្យ​មាន​ការផ្តល់​រង្វាន់​លើ​គម្រប​ដប ឬ​ក្រវិល​កំប៉ុង​គ្រឿង​ស្រវឹង​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​នឹង​លែងឱ្យ​មាន​ការផ្តល់​រង្វាន់​លើ​គម្រប​ដប ឬ​ក្រវិល​កំប៉ុង​គ្រឿង​ស្រវឹង ព្រមទាំង​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង ដើម្បី​បាន​ត្រៀម​ខ្លួន​ជាមុន ដោយ​ទុក​ពេល ៦ ខែ ឬ ១ ឆ្នាំ ។​

​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៥​កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ផ្ញើលិខិត​មួយ​ទៅ​កាន់​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន​ព័ន្ធ មុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​ឱ្យ​ចាត់វិធានការ​លើ​ការធ្វើ​ទីផ្សារ​ដោយ​ការផ្ដល់​រង្វាន់​តាមរយៈ គម្រប​ដប និង​ក្រវិល​កំប៉ុង​ក្នុង​ឧស្សាហកម្ម​ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​។​

​បើ​យោង​តាម​ខ្លឹមសារ​នៅក្នុង​លិខិត​អោយដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឯកភាព​ឱ្យ​ទុក​ពេល ៦ ខែ ឬ ១ ឆ្នាំ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង ត្រៀមខ្លួន​ជា​មុន ក្នុង​ការហាមឃាត់​ចំពោះ​ការផ្ដល់​រង្វាន់​តាមរយៈ​ក្រវិល​កំប៉ុង ឬ​គម្រប​ដប នៃ​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​រវាង​ម្ចាស់​ក្រុមហ៊ុនផលិតស្រាបៀ​រ និង​ភេសជ្ជៈ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​បិទ​មិនឱ្យ​មាន​ការផ្ដល់​រង្វាន់​ទាំងអស់​នា​ពេល​វេលា​សម​ស្រប​ណាមួយ​៕

Leave a Reply

Your email address will not be published. Required fields are marked *