ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា

នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក CHEN Simon ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​ឱកាស​នៃ​ជំនួប​នេះ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​គោរព​ជម្រាប​ជូន​ដោយ​សង្ខេប​អំពី​ក្រុមហ៊ុន ADATA Technology Co., Ltd.​ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បី​មួយ មាន​អាយុកាល​ជាង ៥៣ ឆ្នាំ​។ ក្រុមហ៊ុន​មាន​បុត្រ​សម្ព័ន្ធ​ចំនួន ៥ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារភាគហ៊ុន​នៅ​កោះ​តៃវ៉ាន់ និង​ហុងកុង ព្រមទាំង​មាន​ការិយាល័យ​តំណាង​ជាង ៤០ ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ក្រុមហ៊ុន ADATA Technology Co., Ltd. មាន​ជំនាញ​ផ្នែក​គ្រឿង​អេឡិចត្រូនិក​, រ៉ូបូត​, កុំព្យូទ័រ បច្ចេកវិទ្យា​ជីវមាត្រ (Biometrics) និង​យានយន្ត​។ លោក​ប្រធាន​បាន​បន្តថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ របស់លោក មកកាន់​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏​ចាប់អារម្មណ៍​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ថាប័ន​របស់​កម្ពុជា ដើម្បី​បណ្តុះបណ្តាល និង​កសាង​ធនធានមនុស្ស ផ្នែក​បច្ចេកវិទ្យា​ទំនើប ផងដែរ​។

​ជា​ការឆ្លើយតប សម្តេច​បវរ​ធិបតី​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​របស់​ក្រុមហ៊ុន​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច និង​ចាប់អារម្មណ៍​វិនិយោគ នៅ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន ដែល​មាន​បទពិសោធន៍ និង​ឈាន​មុខ​គេ ខាង​វិស័យ​បច្ចេកវិទ្យា​ទំនើប​។ សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​។ សម្តេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ និង​យន្តការ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការគាំទ្រ​ដល់​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា រួមមាន​៖ ច្បាប់​ស្តីពី​ការវិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ការដាក់ចេញ​វិធានការ​ចាំបាច់ និង​ការកែសម្រួល​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការវិនិយោគ ព្រមទាំង​ការដាក់ចេញ​នូវ​កញ្ចប់​វិធានការ​លើកទឹកចិត្ត​សម្រាប់​វិនិយោគិន ជាពិសេស​ការវិនិយោគ​លើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​។ ទន្ទឹមនេះ សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ក្តីរីករាយ និង​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប នៅ​កម្ពុជា​។

​សម្តេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ចាប់​យក​កាលានុវត្តភាព​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *