សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី នៅ​វិមាន​ប្រធានាធិបតី នា​ទីក្រុង Jakarta នៅក្នុង​អំឡុង​ពេល​ទស្ស​ន​កិច្ចការងារ​របស់​សម្តេច នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​ប្រធានា​ឥណ្ឌូណេស៊ី ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​សម្តេច​តេជោ ដោយ​ឯកឧត្តម​លើកឡើងថា ជា​កិត្តិ​យ​ដែល​បានទទួល​វត្តមាន​របស់​សម្តេច​តេជោ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ឯកឧត្តម​បាន​ជួប​សម្តេច​នៅ​ភ្នំពេញ នៅ​ខែ​កញ្ញា ឆ្នាំ​២០២៤ មុន​ឯកឧត្តម ស្បថ​ចូល​កាន់ដំណែង​។
​ឯកឧត្តម​ប្រធានាធិបតី​បន្តថា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​សម្តេច​ជា​បុរស​រដ្ឋ ដែល​មាន​បទពិសោធន៍​ដឹកនាំ​ប្រទេស​យូរ​ឆ្នាំ​។ ឯកឧត្តម ដឹងថា ទស្សនកិច្ច​នៅ​ពេល​នេះ សម្តេច​តេជោ គ្រោង​ធ្វើ​បាថ​កថា​ពិសេស នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូ​ព៌ា​។ ឯកឧត្តម បន្តថា ឥណ្ឌូណេស៊ី តែងតែ​ប្តេជ្ញា​លើកកម្ពស់​កិច្ចសន្ទនា ការផ្សះផ្សា​ជាតិ និង​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី​នៅ​កម្ពុជា តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង​១៩៩០ ដែល​កាលប្រវត្តិ​នេះ ជា​គ្រឹះ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូណេស៊ី លើ​គ្រប់​វិស័យ សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​។

​នៅក្នុង​ជំនួប​នោះ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី ដែល​ជា​មិត្ត​ចាស់ ដោយ​សម្តេច​និង​ឯកឧត្តម​បាន​ស្គាល់​គ្នា​ជាង ៣០ ឆ្នាំ​មកហើយ​។ សម្តេច​បន្តថា កម្ពុជា​មាន​ចំណង​មិត្តភាព​ជា​មួយ​ឥណ្ឌូណេស៊ី​ជាង ៣៧ ឆ្នាំ ចាប់តាំងពី​ចរចា​ស្វែងរក​សន្តិភាព​មក​។ ដូច្នេះ សមិទ្ធផល​កម្ពុជា​នៅពេលនេះ មិន​អាច​កាត់ផ្តាច់​ពី​ការជួយ​របស់​ឥណ្ឌូណេស៊ី​ឡើយ ដោយ​សម្តេច​សូម​គោរព​ចំពោះ​ការចូលរួម​របស់​ឥណ្ឌូណេស៊ី ក្នុង​ការជួយ​ដល់​កម្ពុជា​។ សម្តេច​តេជោ បន្តថា កម្ពុជា​និង​ឥណ្ឌូណេស៊ី ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ទាំង​នៅ​ក្របខណ្ឌ​ទ្វេភាគី និង​អាស៊ាន​។

​ជាមួយគ្នានេះ សម្តេច​តេជោ ក៏​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​កន្លងទៅ ដែល​ឯកឧត្តម​ប្រធានាធិបតី ដែល​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​។ សម្តេច​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លើកឡើង​ទៀត​ថា ថ្មីៗ​នេះ ឥណ្ឌូណេស៊ី បាន​ក្លាយជា​អធិរាជ​ផ្នែក​ស្បៀង ហើយក៏​ជា​អធិរាជ​ផ្នែក​សន្តិសុខឋាម​ពល​ផងដែរ តែ​កម្ពុជា​វិញ មាន​សន្តិសុខ​ស្បៀង តែ​ខ្វះ​សន្តិសុខឋាម​ពល ។ សម្តេច​តេជោ បន្តថា ប្រទេស​យើង​ទាំងពីរ​មាន​សហប្រតិបត្តិការ​ល្អ ហើយ​សម្តេច​សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​អាច​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត នូវ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ការហោះហើរ ឱ្យ​ខ្លាំងក្លា​ថែម​ទៀត ។​
​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេជោ ក៏​បាន​ជម្រាប​ទៅលើ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ពី​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា​ចំពោះ​ឯកឧត្តម​ក្នុង​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេល​សមស្រប​។ សម្តេច​តេជោ បញ្ជាក់ថា កន្លងទៅ មាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជាច្រើន​បាន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​ជា​ការឆ្លើយតប​លោក​ប្រធានាធិបតី ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ បាន​អរ​ព្រះ​គុណ​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា ចំពោះ​ការអញ្ជើញ រូប​ឯកឧត្តម ហើយ​ឯកឧត្តម​ប្រធានាធិបតី បាន​ជម្រាប​សម្តេច​តេ​ជោថា ឯកឧត្តម សូម​ទទួលយក និង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅពេល​ខាងមុខ​។ ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​ផ្តាំ​តាម​សម្តេច​តេជោ ឲ្យ​នាំនូវ​សេចក្តី​នឹករលឹក​ពី​ឯកឧត្តម ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ បន្ថែម​ពីលើ​នេះ ឯកឧត្តម ប្រា​បូ​វ៉ូ បាន​ជម្រាប​សម្តេច​តេជោ​ទៀតថា ក្នុង​រយៈពេល ៦ ខែ ដែល​ឯកឧត្តម ធ្វើ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រទេស​ឥណ្ឌូនេស៊ី បាន​ទទួល​សមិទ្ធផល ខាង​ផ្នែក​សន្តិសុខ​ស្បៀង ជាមួយនឹង​ការយកចិត្តទុកដាក់​សន្តិសុខឋាម​ពល ជា​ពិសេស​ជំរុញ​វិនិយោគ​ផ្នែក​សន្តិសុខឋាម​ពល​។​

​ឯកឧត្តម​បន្តថា ឥណ្ឌូណេស៊ី ចង់ឲ្យ​កម្ពុជា​ចុះ​អនុស្សារណៈ​នៃ​ការយោគយ​ល់​គ្នា លើ​ផ្នែក​នេសាទ ហើយ​ឥណ្ឌូណេស៊ី ត្រៀម​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ឯកជន​ផ្នែក​នេសាទ​និង​ឋាម​ពលនៃ​ប្រទេស​ទាំងពីរ​។ ចំណែក​ពាក់ព័ន្ធ​នឹង​ការហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ​ឯកឧត្តម ប្រា​បូ​វ៉ូ លើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើរ​របស់​ក្រុមហ៊ុន AirAsia Cambodia មាន​ជើងហោះហើរ​ទៅ​កោះ​បាលី របស់​ឥណ្ឌូណេស៊ី ឯ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី ក៏​កំពុង​សិក្សា​ដើម្បី​បើក​ជើងហោះហើរ​ទៅ​ខេត្ត​សៀមរាប​ផងដែរ​។​

​នៅ​ចុង​ក្រោយ​នៃ​ជំនួប សម្តេច​តេជោ និង​ឯកឧត្តម ប្រា​បូ​វ៉ូ ពេញចិត្ត​នឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​យោធា​និង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​សន្ទុះ​ល្អ ហើយ​មេដឹកនាំ​ទាំង​ពីរ​បន្ត​ជំរុញ​ឲ្យ​ពង្រីក​បន្ថែម​។​លើសពីនេះ ភាគី​ទាំងពីរ​ជជែក​ពី​ការសហការ​គ្នា​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើ​បទ​ឆបោក​តាម​អន​ឡា​ញ និង​បញ្ហា​គ្រឿងញៀន​ជា​ដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *