សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី

នៅ​ថ្ងៃ​ពុធ ១១​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ ពាន់ ម៉ា​ហា​រ៉ានី (Puan Maharani) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី នៅ​វិមាន​រដ្ឋ​សភា រដ្ឋធា​នីហ្សាការ​តា សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។

​ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ លោក​ជំទាវ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ សម្ដេច​តេជោ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី​នាពេលនេះ​។ លោកជំទាវ បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នាពេល​នេះ​បាន​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឥណ្ឌូណេស៊ី​-​កម្ពុជា កាន់តែ​រឹងមាំ​ថែម​ទៀត​។

​លោកជំទាវ​ក៏​បាន​រម្លឹក​ពី​ឱកាស​ដែល​បាន​ជួប​សម្ដេច​តេជោ​កាល​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី និង​កាន់តែ​រីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ​នៅពេលនេះ ដែល​សម្ដេច​កាន់តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោបាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច និង​គណៈប្រតិភូ​កម្ពុជា​។ សម្ដេច​តេជោ​បានបង្ហាញ​ក្ដីរីករាយ​ដោយ​បាន​ជួប​លើកជំទាវ​ជា​ថ្មី ដែល​ជំនួប​លើក​នេះ គឺជា​ជំនួប​លើក​ទី​៣ ហើយ​រវាង​សម្ដេច និង​លោក​ជំទាវ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី​។

​សម្ដេច​តេជោក៏បាន​បង្ហាញនូវ​ក្ដីរីករាយ​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូណេស៊ី ដែល​បាន​បន្ត​រហូត​មក​ទល់​នឹង​ពេលនេះ​។ សម្ដេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ចំពោះ​ឥណ្ឌូណេស៊ី ដែល​បាន​ប្រឹងប្រែង​សម្របសម្រួល​នៅក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​ជូន​កម្ពុជា រហូត​សម្រេច​បាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ សម្ដេច​តេ​ជោបាន​រម្លឹក​ពី​ការរៀបចំ​ប្រា​រ​ព្ធ​ខួប ៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ​២០២៤ គឺ​ឆ្នាំ​មុន ដោយ​នៅ​ឆ្នាំ​មុន​ក្នុង​ខួប​៦៥​ឆ្នាំ​នេះ​កម្ពុជា​បាន​ត្រៀម​រៀបចំ​មហាវិថី​ចំនួន​២ ដើម្បី​ដាក់​សម្ពោធ​, នោះ​គឺ​មហាវិថី ស៊ូ ការណូ ជា​មហាវិថី​ដាក់ឈ្មោះ​អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​មហាវិថី អា​លី អា​ឡា​តាស់ ជា​មហាវិថី​ដាក់ឈ្មោះ​អតីតរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​កម្មវិធី​សម្ពោធ​មហាវិថី​ទាំង​ពីរ​ត្រូវ​ខកខាន​ទៅវិញ​។ សម្ដេច​តេជោក៏បាន​អញ្ជើ​ញ​លោក​ជំទាវ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តាម​កាល​វេលា​សមស្រប​ណា​មួយ​នៅពេល​ឆាប់ៗ​ខាងមុខ និង​ដើម្បី​មាន​ឱកាស​សម្ពោធ​មហាវិថី​ទាំង​ពីរ​នោះ​ផង​។

​លោក​ជំទាវ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី រីករាយ​ទទួលយក​សំណើ​របស់​សម្ដេច​តេជោ និង​រីករាយ​ចំ ពោះ​កម្ពុជា​ដែល​បាន​ដាក់ឈ្មោះ ឯកឧត្ដម ស៊ូ ការណូ ដែលជា​ជីតា​របស់​លោកជំទាវ​នៅ​មហាវិថី​នៅ​កម្ពុជា​។ លោកជំទាវ​បាន​សន្យាថា នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាងមុខ ដោយ​នឹង​នាំ​ម្ដាយ​លោកជំទាវ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ផង​ដែរ​។ លោកជំទាវ​រីករាយ​នឹង​អញ្ជើញ​សម្ពោធ​មហាវិថី​ទាំងនោះ​នៅ​អំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា​។

​សម្ដេច​តេជោ​មានប្រសាស​ន៍​ថា សម្ដេច​រីករាយ និង​រង់ចាំ​ស្វាគមន៍​លោកជំទាវ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​អំឡុង​ជំនួប​ពិភាក្សា​នេះដែរ សម្ដេច​តេជោ និង​លោក​ជំទាវ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី ក៏​បាន​ពិភាក្សា​ពី​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ដោយ​សម្ដេច​តេជោ​ស្នើឱ្យ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ចំនួន​កើនឡើង​ថែម​ទៀត ដោយសារ​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ សម្ដេច​តេជោក៏បាន​ស្នើ​ឱ្យ​បង្កើន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ជំរុញ​កំណើន​ទេសចរ ព្រមទាំង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​។ សម្ដេច​តេជោបា​នអរគុណ​ជាថ្មី​ចំពោះ​ឥណ្ឌូណេស៊ី​ដែល​បាន​ទទួល​ស្វាគមន៍​សម្ដេច និង​ប្រតិភូ​កម្ពុជា​ប្រកបដោយ​ភាព​កក់ក្ដៅ​បំផុត​។ សម្ដេច​តេជោ​សង្ឃឹមថា​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​រីកចម្រើន​ថែម​ទៀត​នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​៕ ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ លោក​ជំទាវ​ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី បាន​អញ្ជើញ​សម្តេច​តេជោ​ដើម្បី​ទស្សនា​អាគារ​វិមានរ​ដ្ឋ​សភា​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *