កំពង់ស្ពឺ÷ នាថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ទី២ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
រោងចក្រផលិតស៊ីម៉ងតិ៍ ទី២ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក មានសមត្ថភាពផលិតកម្មស៊ីម៉ងត៍ចំនួន ២,២លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារផ្ទាល់ និងប្រយោលចំនួនជាង១០០០កន្លែង ។
កាបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍នៅកម្ពុជា ជាការឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃការកសាងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនយើងតែងតែពឹងផ្អែកលើការនាំស៊ីម៉ងតិ៍ចូលពីក្រៅប្រទេស ។ គិតត្រឹមឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ ដែលអាចផលិតស៊ីម៉ងត៍បានជាង ១១លានតោនក្នុងមួយឆ្នាំ ។
ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលត្រូវបានបង្កើតក្រោមទុនវិនិយោគរួមគ្នារវាងវិនិយោគិចិន និងក្រុមហ៊ុន KT Pacific Group របស់កម្ពុជាដែលមានលោកអ្នកឧកញ៉ា ហុង ស៊ួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រមទាំងអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ជាសហស្ថាបនិក និងអ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ ជាគណៈគ្រប់គ្រងជាន់ខ្ពស់។
សូមបញ្ជាក់ថា ៖ រោងចក្រ ខនស៍ ស៊ីម៉ងតិ៍ ទី១ មានទីតាំងស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងត្រូវបានសម្ពោធជាផ្លូវកាលពីឆ្នាំ២០១៨ ។
ចំណែកឯរោងចក្រទី២ មានទីតាំងស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺលើផ្ទៃដីសរុប ៤០៧ហិកតា រោងចក្រទាំង២នេះមានសមត្ថភាពផលិតសរុបប្រមាណ ៤.២លានតោនក្នុងឆ្នាំ និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ ហើយត្រូវបានចាត់ចូលជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេនៅអាស៊ី និងលេខ២ នៅលើពិភពលោកផងដែរ ៕