សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ​ការទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ២០០ និង ជួបសំណេះសំណាល​ជាមួយ​កម្មករ​-​និយោជិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ

​ខេត្ត​ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ឧសភា ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ​ការទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ២០០ និង សំណេះសំណាល​ជាមួយ​កម្មករ​-​និយោជិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បិត​ត្រា​ង ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ ។​

​ថ្លែង​ក្នុង​ឱកាស​ន៉ សម្តេច​បវរ​ធិបតី​សូម​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​បងប្អូន​កម្មករ កម្ម​ការ​នី និយោជក​ទាំងអស់ និង​បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្ម​ការ​នី នៅទីនេះ ហេ​ី​យ​ការជួបជុំ​បងប្អូន​កម្មករ​និយោជិត លើក​នេះ គឺជា​កំណត់ត្រា​ថ្មី​ក្នុង​បរិមាណ​ដ៏​ច្រើន​រហូត​ដល់​ជាង ៣​ម៉ឺន​នាក់ ព្រមទាំង​ចូលរួម​អបអរសាទរ​ដល់​ការទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ២០០ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នេះ ដែល​កំពុង​ដំណើរការ និង​រួម​គ្នា​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ប្រជាជន​។​

​សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ការទទួល​បាន​ក្រុមហ៊ុន​ចំនួន​២០០​នេះ ពុំមែន​កើតឡើង​ដោយ​ទេវតា​ទម្លាក់​ចុះ​ពីលើ​មេឃ​នោះទេ គឺ​កើត​ចេញពី​ការដាក់ចេញ​នូវ​គោលនយោបាយ​ដ៍​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហេ​ី​យ​រាជរដ្ឋាភិបាល និតីកាល​ទី​៧ នៃ​រដ្ឋសភា នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។ សម្តេច​បវរ​ធិបតី​ជឿជាក់​ថា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ នឹង​មាន​ការកើនឡើង​ជា​លំដាប់​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។

​ទន្ទឹម​នឹង​ការសម្តែង​ភាពសប្បាយ​រីករាយ ដែល​បាន​ជួប​សំណេះសំណាល​យ៉ាង​ស្និទ​ស្នាល​នេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បានលើកឡើង​បន្ថែមថា​រាជរដ្ឋាភិបាល មាន​គោលជំហរ​ក្នុង​ការចាប់យក​ការវិនិយោគ​មកពី​គ្រប់​ប្រទេស ដោយ​ដាក់​ចេញ​គោលនយោបាយ ដេ​ី​ម្បី​ទាក់ទាញ​វិនិយោគិន​នានា មក​បណ្តាក់ទុន និង​បើក​ដំណើរការ​ក្រុមហ៊ុន​នៅ​ទឹកដី​កម្ពុជា​។ រាជរដ្ឋាភិបាល​ស្វាគមន៍ និង​ចាប់យក​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ គឺ​អាច​និយាយបាន​ថា ចាប់យក “​ទាំង​សាច់គោ និង​ស្ពៃ​” ក្នុង​គោលដៅ​សំខាន់​តែមួយ គឺ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​។ ជាក់ស្តែង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ បាន​បង្កើត​ការងារ​យ៉ាង​ច្រើន​ជូន​បងប្អូន​កម្មករ​និយោជិត​រហូតដល់​ជាង ៣​ម៉ឺន​នាក់ ដែល​នេះ​ជា​សាក្ខី​ភាព​ពិត​ដែល​ធ្វើឱ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​៥​ក្នុង ខេត្ត​ព្រះសីហនុ ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​២​របស់​កម្ពុជា ផ្តល់​ប្រាក់​ឈ្មួល​មធ្យម​សរុប​ប្រចាំឆ្នាំ ប្រមាណ​ជាង ១៧៨ លាន​ដុល្លា និង​បាន​ចូលរួម​ចំណែក​ដល់បង្កើត​ការងារ នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជាង ១.៨ លាន​នាក់​។

​សម្តេច​បវរ​ធិបតី បាន​គូសបញ្ជាក់​បន្ថែមថា ក្រោម​ម្លប់​នៃ​សុខសន្តិភាព និង​ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋសភា​នេះ​, រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​គោល​គោលការណ៍​យ៉ាង​ច្បាស់លាស់ ក្នុង​ការបង្កើត​ឱកាស​ការងារ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទទួលបាន​ការងារ​កាន់តែច្រើន និង​កាន់តែ​ល្អប្រសើរ ព្រមទាំង​មាន​ចំណូល​កាន់តែ​ខ្ពស់​។ រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​មាន​មហិច្ឆតា​ទាក់ទាញ​ទុន​វិនិយោគ​មក​អភិវឌ្ឍ​សេដ្ឋកិច្ច​, បង្កើត​រោងចក្រ​សហគ្រាស និង ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ​, តែ​រាជរដ្ឋាភិបាល​ក៏​មាន​មហិច្ឆតា​បង្កើត និង​ពង្រីក​ឱ្យមាន​ភាព​សុខសាន្ត​នៅ​គ្រប់​ទីតាំង​រោងចក្រ​សហគ្រាស ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ ជាពិសេស បងប្អូន​កម្មករ​និយោជិត​។ ការចូលរួម​យ៉ាង​សកម្ម​របស់​បងប្អូន​កម្មក​រ​និយោជិត គឺជា​កម្លាំងចលក​រយ៉ា​ង​សំខាន់ ក្នុង​ការជំរុញ​ការកសាង​ជាតិ​ដ៏​ខ្លាំងក្លា​រឹងមាំ​មួយ​, ពោល គឺ​ការធ្វើ​យុវ​កម្ម​ប្រជាជាតិ​ឱ្យក្លាយ ជា​ប្រទេស​មាន​ការអភិវឌ្ឍ​ពេញលេញ និង ស្រស់បំព្រង​មួយ ។ បងប្អូន​កម្មករ​និយោជិត ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ពិតប្រាកដ ក្នុង​បុព្វហេតុ​ដ៏​ធំធេង​នៃ​ការកសាង​ជាតិ​គ្រប់ ដំណាក់កាល ។ សុខទុក្ខ​របស់​បងប្អូន​កម្មករ​និយោជិត គឺជា​សុខទុក្ខ​របស់​រាជរដ្ឋាភិបាល​ជានិច្ច ។ សម្តេច​បវរ​ធិបតី បាន​ធ្វើ​ការបញ្ជាក់​ថា​ក្នុង​រយៈពេល ២ ទសវត្សរ៍​កន្លងមក​នេះ​, តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ក្លាយជា​កម្លាំង ចលករ​ដ៏​សំខាន់​មួយ សម្រាប់​ការធ្វើ​ពិពិធ​កម្ម និង​ការលើកកម្ពស់​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។

​មុន​នឹង​បញ្ចប់​, សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, រដ្ឋបាល​ខេត្ត​ព្រះសីហនុ​, ប្រធាន និង គណៈ​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ និង គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​សម្រេច​បាន​នូវ​លទ្ធផល​ការងារ​គួរ​ជាទី​មោទនៈ នា​ពេល​កន្លងមក​នេះ ក៏ដូចជា​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​, ជាពិសេស បងប្អូន​កម្មករ​និយោជិត ដែល​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា និង បង្កើន​ផ្លែផ្កា​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

​គួរបញ្ជាក់​ថា គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៥​នេះ សហគ្រាស​ក្នុង​ខេត្ត​ព្រះសីហនុ​កើនឡើង​ពី​ចំនួន ៦៩​សហគ្រាស កើនឡើង​ដល់ ៣ ៨៣៣​សហគ្រាស ជាមួយ​កម្មករនិយោជិត សរុប​ជាង​១១​ម៉ឺន នាក់ ទទួលបាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រចាំ​ឆ្នាំ​ប្រមាណ ៣៥៩​លាន​ដុល្លារ អាម៉េរិក ។ បើ​គិត​ទូទាំង​ប្រទេស ពី​ដំណាច់ឆ្នាំ​២០២៤ ដល់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បាន​កើន​ពី​ចំនួន ៤៤ ៧៩៨ ដល់​ចំនួន ៤៥ ៣៨៦​សហគ្រាស ហើយ​កម្មករ​និយោជិត​បាន​កើន ពី​ប្រមាណ ១,៨២​លាន​នាក់ ដល់​ប្រមាណ​១,៨៧​លាន​នាក់ ដែល​អាច​ផ្តល់​ប្រាក់​ឈ្នួល​ជូន​បងប្អូន​កម្មករ​-​និយោជិត ជា​មធ្យម​សរុប​ប្រចាំឆ្នាំ ប្រមាណ ៥,៩​ពាន់​លាន​ដុល្លារ​អាម៉េរិក ។ ក្នុងនោះ គ្រាន់​តែ​វិស័យ​កាត់ដេរ​មាន​សហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន ១ ៦៥៧​សហគ្រាស មាន​កម្មករ​-​និយោជិត ប្រមាណ ៩៧​ម៉ឺន​នាក់ ទទួលបាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រចាំ​ឆ្នាំ​ប្រមាណ ៣,១​ពាន់​លាន​ដុល្លារ​អាម៉េរិក ៕

Leave a Reply

Your email address will not be published. Required fields are marked *