ប្រមុខ​រដ្ឋាភិបាល កម្ពុជា​-​ឡាវ​-​វៀតណាម ពេញចិត្ត​ចំពោះ​ការរីកចម្រើន នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​បី​

​នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ជំនួប​ពិសារ​អាហារ​ពេលព្រឹក​ការងារ ជាមួយ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង ឯកឧត្តម ផាម មិញ ជី​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។

​ក្នុងជំនួប​អាហារ​ពេលព្រឹក​ការងារ​, នាយករដ្ឋមន្ត្រី​ទាំង​បី បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះ​, ប្រមុខ​រដ្ឋាភិបាល​ទាំង​បី បាន​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត លើ​វិស័យ​សក្ដានុពល​ជាច្រើន រួមមាន​៖ វិស័យ​ពាណិជ្ជកម្ម​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, ថាមពល (​អគ្គិសនី​), ទេសចរណ៍ ព្រមទាំង​សន្តិសុខ និង​ការពារ​ជាតិ ។ ជាមួយគ្នានេះ​, ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​បី ក៏បាន​ផ្លាស់ប្ដូរ​មតិ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *