ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​ ​ប្រធាន​បេសកកម្ម IOM សរសើរ​និង​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​របស់​កម្ពុជា​

​ក្នុង​កិច្ច​ជំនួប​ជាមួយ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ទីស្ដីការក្រសួង នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ លោកស្រី Nellie GUSAYNI ប្រធាន​បេសកកម្ម​នៃ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ប្រចាំ​កម្ពុជា (IOM) ថ្លែង​ដោយ​មិន​អល់អែក​ថា ក្នុងនាម​ជា​ជនជាតិ​លី​បង់ ម្នាក់ លោកស្រី ដឹង​និង​យល់​អំពី​ទុក្ខលំបាក​របស់​ប្រទេស ដែល​មាន​សង្គ្រាម​ស៊ីវិល ព្រមទាំង​បញ្ហា​ជាច្រើន ដែល​ត្រូវការ​ពេលវេលា ដើម្បី​ដោះស្រាយ ហើយ​លោក​ស្រី បាន​វាយតម្លៃ​ខ្ពស់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា កន្លងមក​។

​លោកស្រី Nellie GUSAYNI បាន​ជម្រាប​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ទៀតថា លោកស្រី ទទួលស្គាល់ថា បញ្ហា​ជួញដូរ​មនុស្ស មាន​វិសាលភាព​ធំធេង និង​ជា​ការគំរាមកំហែង​ពិភពលោក មិនមែន​តែ​ប្រទេស​កម្ពុជា​តែ​មួយគត់​ឡើយ និង​ថា​បញ្ហា​នេះ មិន​អាច​ដោះស្រាយបាន ដោយ​ផ្អែក​តែ​លើ​រាជ ឬ​រដ្ឋាភិបាល នៃ​ប្រទេស​មួយ​នោះឡើយ គឺ​ត្រូវតែ​មាន​ការគាំទ្រ​សហការ រួម​ទាំង​ពី​អង្គការ​បរទេស​។

​ក្នុងឱកាស​នោះ​ដែរ លោកស្រី Nellie GUSAYNI ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចសហការ​យ៉ាង​យូរលង់​មកនេះ និង​ការរក្សា​នាម​ជា​ជ័យលាភី​ក្នុង​ការអនុវត្ត​។ លោកស្រី ក៏​បាន​គូសបញ្ជាក់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទេសន្តរប្រវេសន៍​។

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា  ​ក៏​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកស្រី​ប្រធាន​បេសកកម្ម និង​អង្គការ IOM ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​អង្គការ IOM ព្រមទាំង​ការជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ទាំង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ជំនួយ​សម្ភារៈ​បច្ចេកទេស ជា​បន្តបន្ទាប់ បម្រើ​ដល់​ការងារ​ពាក់ព័ន្ធ​នឹង​ទេសន្តរប្រវេសន៍​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​អង្គការ IOM ដែល​បាន​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា រហូត​ទទួល​ស្គាល់​ជា​ប្រទេស​ជ័យលាភី​ក្នុង​ការអនុវត្ត​កតិកាសញ្ញា​ពិភពលោក សម្រាប់​ទេសន្តរប្រវេសន៍ ដោយ​សុវត្ថិភាព រៀបរយ និង​ស្រប​ច្បាប់ (GCM) នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ព្រមទាំង​ការបន្ត​គាំទ្រ​ឱ្យមាន​កិច្ចសហការ និង​ការប្រជុំ​ផ្លាស់ប្តូរ​យោបល់ ក្នុងនាម​ជា​ប្រទេស​ជ័យលាភី ក្នុង​ការអនុវត្ត GCM និង​ការគាំទ្រ​ឱ្យ​កម្ពុជា ធ្វើ​ជា​សហប្រធាន​ជាមួយ​ក្រុម​បណ្តាញ​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​ទេសន្តរប្រវេសន៍ ក្នុង​តំបន់​  និង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុម​ប្រទេស​ជ័យលាភី​ក្នុង​តំបន់​ថែមទៀត​។

​ក្នុង​ជំនួប​នេះ​ផងដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកស្រី Nellie GUSAYNI បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម និង​សង្ឃឹម​យ៉ាងម៉ុត​មាំ​ថា​កិច្ចសហការដ៏​ស្អិតល្មួត​រវាង​អង្គកា​រ IOM និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ទៅមុខ​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *