ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា

នា​រសៀល ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភា​ជប៉ុន ក្នុងឱកាស​ទស្សនកិច្ច​ការងារ​ផ្លូវការ នៅ​ថ្ងៃ​ទី​២៨-៣១ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម SEKIGUCHI Masakazu បាន​កោតសរសើរ​ការ​រីកចម្រើន និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ជាពិសេស​កំណើនសេដ្ឋកិច្ច​។ ឯកឧត្តម​បាន​សម្ដែង​ការពេញចិត្ត ចំពោះ​ទំនាក់ទំនង​យូរអង្វែង​រវាង​ជប៉ុន​និង​កម្ពុជា ដែល​ត្រូវបាន​ពង្រឹង និង​ពង្រីក​លើ​គ្រប់​វិស័យ រហូត​ត្រូវ​បាន​ដំឡើង​ដល់​កម្រិត «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ក្នុង​ឆ្នាំ​២០២៣​។ ឯកឧត្តម​ក៏​បាន​បង្ហាញ​ជំនឿ​ជឿជាក់ថា ទស្សនកិច្ច​របស់​សម្ដេច​បវរ​ធិបតី នាពេលនេះ នឹង​រួមចំណែក​ពូន​ជ្រំ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត​។ ឯកឧត្តម​ប្រធានព្រឹទ្ធសភា​បាន​ប្ដេជ្ញា​បន្ត​ចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​តាមរយៈ​យន្តការ​សភា​។​

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ដោយ​ក្នុង​ឆ្នាំ​២០២៥ នេះ គឺជា​ខួប​លើក​ទី​៧២​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​រំឭក​ពី​តួនាទី​យ៉ាង​សំខាន់​របស់​ជប៉ុន​ក្នុង​ដំណើរ​ស្វែងរក​សន្ដិភាព និង​ការកសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កិច្ចដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា​។ ក្នុង​វិស័យ​អប់រំ ភាគី​ជប៉ុន​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន ហើយ​និស្សិត​មួយចំនួន​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​ប្រទេស​ជប៉ុន បាន​និង​កំពុង​កាន់​តួនាទី​សំខាន់ៗ​នៅក្នុង​រាជរដ្ឋាភិបាល​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានព្រឹទ្ធសភា បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន រួមមាន​៖ ការពារជាតិ សន្តិសុខ ការ​បោសសម្អាត​មីន ពាណិជ្ជកម្ម និង​វិនិយោគ ជាដើម​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្កើត​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​របស់​វិស័យ​ឯកជន រួម​ទាំង​វិនិយោគិន​ជប៉ុន​។ ឯកឧត្តម​ប្រធានព្រឹទ្ធសភា​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​វិនិយោគិន​ជប៉ុន នៅ​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *