​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​

នា​រសៀល ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភា​ជប៉ុន ក្នុងឱកាស​ទស្សនកិច្ច​ការងារ​ផ្លូវការ នៅ​ថ្ងៃ​ទី​២៨-៣១ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ពី​បំណង​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​បន្ថែមទៀត​។ ឯកឧត្តម​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា រដ្ឋសភា​ជប៉ុន​បន្ត​យកចិត្តទុកដាក់ និង​គាំទ្រ​ចំពោះ​គ្រប់​សកម្មភាព​ទាំងឡាយ ដែល​រួមចំណែក​ដល់​ការជំរុញ​ចំណងមិត្តភាព​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានេះ​, ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​បង្ក​បរិយាកាស​អំណោយផល​ចំពោះ​វិនិយោគិន​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា ។ ឯកឧត្តម​មាន​ជំនឿ​ជឿជាក់ថា តាមរយៈ​ទស្សនកិច្ច​របស់​សម្ដេច​បវរ​ធិបតី​នា​ឱកាស​នេះ ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ជប៉ុន នឹង​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ថែមទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា នា​ពេល​កន្លងមក​នេះ គឺ​មិន​អាច​កាត់ផ្ដាច់​ចេញពី​ការរួមចំណែក និង​ការគាំទ្រ​របស់​ប្រទេស​ជា​មិត្ត រួម​ទាំង​ប្រទេស​ជប៉ុន​ផង ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​កសាង អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា នា​ពេលកន្លងមក ។ សម្ដេច​បវរ​ធិបតី​បាន​ប្ដេជ្ញា​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​ជំរុញ​“​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់​ស៊ីជម្រៅ​បន្ថែមទៀត​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន រួមមាន​៖ វិស័យ​ការពារ​ជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ឯកឧត្តម​ប្រធានរដ្ឋសភា​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​បវរ​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ២​គ្រឿង ចូល​ចត​មុនគេ​បង្អស់ នៅ​កំពង់ផែ​សមុទ្រ​រាម បន្ទាប់​ពី​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ចុងខែ​មេសា កន្លងទៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *