​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​

នា​ព្រឹក ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម António Costa ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ក្នុងឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃ​ទី​០៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​បវរ​ធិបតី ព្រមទាំង​បាន​លើកឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) និង​កិច្ចសហការ​ដែល​កំពុង​បន្ត​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក រួម​ទាំង​កម្ពុជា​ផង​ដែរ​។ ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​លើ​ការងារ​កសាង​ក្រប​ខ័ណ្ឌ​គតិយុត្ត ជាពិសេស​វឌ្ឍនភាព​អំពី​ច្បាប់​ស្តីពី ជលផល នា​ពេល​ថ្មីៗ​នេះ​។ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការ​បន្ត​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​។ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ក៏​បាន​កោតសរសើរ​ជំហរ​របស់​ប្រទេស​កម្ពុជា​នៅក្នុង​សង្គ្រាម​អ៊ុ​យក្រែន និង​សង្កត់ធ្ងន់ថា បើ​សង្គ្រាម​កើតឡើង​ហើយ យើង​មិនដឹង​ថា វា​នឹង​បញ្ចប់​នៅ​ពេល​ណា​ទេ​។

​ជា​ការឆ្លើយតប សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​ដែល​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​កន្លងមក តាមរយៈ​ការអនុវត្ត​គម្រោង​រួម​គ្នា​រវាង​កម្ពុជា​-​សហភាព​អឺរ៉ុប​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ សម្តេច​បវរ​ធិបតី​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហភាព​អឺរ៉ុប​នឹង​នៅតែ​បន្ត​ធ្វើ​ជា​ដៃគូ ជាមួយ​កម្ពុជា ក្រោយពេល​ចាកចេញ​ពី​ឋានៈ​ជា​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ ខាងមុខ​។ ចំពោះ​ការដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ជលផល កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្តែង​ជាច្រើន ដែល​ក្នុងនោះ​មានការ​ជំរុញ​ការអនុម័ត​ច្បាប់​ស្ដីពី​ជលផល​ដែល​បាន​ឆ្លង​រដ្ឋសភា​រួច ហើយ​ព្រឹទ្ធសភា​នឹង​បន្ត​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​នេះ​ក្នុង​ខែ​មិថុនា​នេះ​។ ក្រៅ​ពី​វិស័យ​ជលផល កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ដើម្បី​ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន ៧០% នៅ​ឆ្នាំ​២០៣០ និង​សម្រេចបាន​នូវ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ បើទោះបីជា​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​បំភាយ​ឧស្ម័ន​កាបូនិក​ក៏ដោយ​។ សម្តេច​បវរ​ធិបតី បាន​គូសបញ្ជាក់ថា ស្របពេល​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នឹង​ភាពមិនប្រាកដប្រជា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ប្រកាន់ខ្ជាប់​ពហុភាគី​និយម​។ កម្ពុជា​ធ្លាប់​រងគ្រោះ​សង្គ្រាម​ស៊ីវិល​ជា​ច្រើន​ទសវត្សរ៍ និង​យល់​ច្បាស់​អំពី​ផលវិបាក​នៃ​សង្គ្រាម ជាពិសេស​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​

​មុន​នឹង​បញ្ចប់​ជំនួប ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ក៏​បាន​អញ្ជើញ​សម្តេច​បវរ​ធិបតី​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប ទីក្រុង​ព្រុច​សែ​ល ដើម្បី​បន្ត​ពិភាក្សា​ស្វែងរក​កាលានុវត្តភាព​ថ្មី សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហភាព​អឺរ៉ុប និង​កម្ពុជា​។ សម្តេច​បវរ​ធិបតី​បាន​ទទួលយក​ការអញ្ជើញ​នេះ ដោយ​គ្រោង​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ពេលវេលា​សមស្រប​ណាមួយ​នាពេលខាងមុខ​៕

Leave a Reply

Your email address will not be published. Required fields are marked *