តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP)៖ គ្មាន​ការអភិវឌ្ឍ​ណា​អាច​ប្រព្រឹត្តទៅបាន ដោយ​គ្មាន​សន្តិភាព​នោះទេ​

នា​រសៀល​ថ្ងៃ​អង្គារ ទី​១ ខែកក្កដា ២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Alissar Chaker អ្នក​តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP) ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប , លោកស្រី Alissar Chaker បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូប​លោក​ស្រី និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា នា​ឱកាស​នេះ​។ លោកស្រី Alissar Chaker បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​សមិទ្ធផល នៃ​ភាព​ជា​ដៃគូ​ដ៏​ល្អ​រវាង​UNDP និង​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា នា​ពេលកន្លងមក ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ផ្ដល់​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជាមួយ UNDP, ជាពិសេស នៅក្នុង​អំឡុងពេល​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ លោកស្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ដែល​គ្រោង​នឹង​ចាកចេញ​ពី​ចំណាត់​ថ្នាក់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​(LDC) នៅក្នុង​ឆ្នាំ ២០២៩ ដែល​នេះ​គឺជា​ជោគជ័យ​មួយ​បន្ថែម​ទៀត របស់​កម្ពុជា ហើយ​លោក​ស្រី​សង្ឃឹមថា UNDP នឹង​បន្ត​ចូលរួមចំណែក និង​គាំទ្រ​ដល់​កម្ពុជា​នៅក្នុង​ការរៀបចំ​ការចាក​ចេញ​នេះ​។ លោកស្រី​ក៏​បាន​កោតសរសើរ​ចំពោះ​ភាពជោគជ័យ​របស់​កម្ពុ​ជា​លើ​សកម្មភាព​បោសសម្អាត​មីន ដោយ​លោកស្រី​បាន​គូសបញ្ជាក់ថា ជាមួយ​នឹង​ការគាំទ្រ​ពី​អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​, កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចាត់ចែង​លើ​សកម្មភាព​បោសសម្អាត​មីន​ដោយ​ប្រសិទ្ធភាព​, ប្រកប​ដោយ​ភាពម្ចាស់ការ និង ស្វ័យប្រវត្តិ​។ លោកស្រី Alissar Chaker បាន​គូសបញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ជាច្រើន និង ជា​ប្រទេស​ដែល​បាន​ចាប់ផ្ដើម​កសាង​ប្រទេស​ឡេីង​វិញ​ពី​ចំណុច​សូន្យ ក្រោយពី​សង្គ្រាម​   ឱ្យមាន​ការអភិវឌ្ឍលេ​ី​គ្រប់​វិស័យដូច​ពេលបច្ចុប្បន្ន​នេះ​។ លោកស្រី​បាន​សង្កត់ធ្ងន់ថា​៖ សន្តិភាព​បាន​នាំមក​នូវ​ការអភិវឌ្ឍ ហើយ​គ្មាន​ការអភិវឌ្ឍ​ណា​ដែល​អាច​ប្រព្រឹត្តទៅបាន ដោយ​គ្មាន​សន្តិភាព​នោះទេ​។ លោកស្រី Alissar Chaker មាន​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ចក្ខុវិស័យ របស់​សម្ដេច​បវរ​ធិបតី​,  កម្ពុជា​នឹង​កាន់តែ​មាន​ការអភិវឌ្ឍ​, រីកចម្រើន និង រឹងមាំ​បន្ថែម​ទៀត​។ លោក ស្រី Alissar Chaker ក៏បាន ជម្រាប ជូន សម្តេច បវរ ធិបតី អំពី ការ បន្ត កិច្ច សហប្រតិបត្តិការ របស់ UNDP ជាមួយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កម្ពុជា និង សង្ឃឹម ថា រាជរដ្ឋាភិបាល កម្ពុជា នឹង នៅ តែ បន្ត កិច្ច សហប្រតិបត្តិការ ជាមួយ UNDP ក្នុង ភាព ជា​ដៃគូ ប្រកប ដោយ ទំនុកចិត្ត​។

​ជា​ឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​អរគុណ​ចំពោះ​ការគាំទ្រ​   និង កិច្ច​សហ ប្រតិបត្តិការ របស់ UNDP តាម រយៈ កម្មវិធី​នានា ដែល​បាន​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា និង បាន ផ្តល់នូវ ផលប្រយោជន៍ ជាក់ស្តែង​ដល់​ប្រជាជន​កម្ពុជា​។ សម្តេច បវរ ធិបតី បាន​គូសបញ្ជាក់ថា ចាប់តាំងពី​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​ចុងឆ្នាំ​១៩៩៨, រាជរដ្ឋាភិបាល​បាន​ខិតខំ​កៀរគរ ប្រមូល​កម្លាំង និង​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។ សម្ដេច​បវរ​ធិបតី​គូសបញ្ជាក់ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល គឺ​ផ្ដោត​ទៅលើ​ប្រជាជន ជា​ចម្បង តាមរយៈ​ការពង្រឹង​វិស័យ​អប់រំ , វិស័យ​សុខាភិបាល​, ការបង្កើត​ការងារ​ជូន​ដល់​ប្រជាជន​កម្ពុជា​សំដៅ​ដល់​ការ លេីក​កម្ពស់ មូលធន​មនុស្ស​កម្ពុជា ព្រមទាំង ការដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​គាំពារ​សង្គម និង​ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១.៥ លាន​នាក់ ឱ្យមាន ចំណេះដឹង និង ជំនាញ មួយ​ច្បាស់លាស់ ដែល នឹង រួម ចំណែក​ដល់ ការ ត្រៀមខ្លួន របស់ កម្ពុជា​ក្នុង​ការចាកចេញ ពី ប្រទេស ដែល មាន ការ អភិវឌ្ឍ តិចតួច (LDC) នៅ ឆ្នាំ ២០២៩ ប្រកប ដោយ ភាព ធន់​។

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​អំពី ការ​បន្ត​ការគាំទ្រ ដល់ កិច្ច សហប្រតិបត្តិការ របស់ រាជរដ្ឋាភិបាល កម្ពុជា ជាមួយនឹង UNDP និង លើកទឹកចិត្ត ដល់ UNDP ឱ្យ​បន្ត​ធ្វើការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ក្នុង ភាព ជា​ដៃគូ ឱ្យ កាន់តែ រីកចម្រើន និង​រឹងមាំ បន្ថែមទៀត​។​

Leave a Reply

Your email address will not be published. Required fields are marked *