​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​សម្ពោធ​អគារ និង​ចម្អិន​អាហារ​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្ស នៅ​សាលា​មត្តេយ្យ​សិក្សា​ជី​ផុច​

​ខេត្ត​ព្រៃវែង ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ១​ខ្នង មាន ៤​បន្ទប់ នៅ​សាលា​មត្តេយ្យ​សិក្សា​ជី​ផុច ស្ថិតនៅ​ឃុំ​ជី​ផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

​អគារ​សាលា​មត្តេយ្យ​នេះ ផ្ដួចផ្ដើម​កសាង​ដោយ​សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន សខេង រួម​ទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារ​ពាក់ព័ន្ធ ក្រោម​ការដឹកនាំ​សម្របសម្រួល​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​លោកជំទាវ ដោយ​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​ជាង ៨​ម៉ឺន​ដុល្លារ​។​

​មានប្រសាសន៍​សំណេះសំណាល​នៃ​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានចាត់ទុក​សមិទ្ធផល​ថ្មី​មួយ​នេះ ថា​ទឡ្ហីករណ៍​ជាក់ស្ដែង​នៃ​ការយកចិត្តទុកដាក់​ពង្រឹង​វិស័យ​អប់រំ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឈរ​លើ​មូលដ្ឋាន​មរតក​នយោបាយ​ដឹកនាំ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ ក្រុមការងារ រួម​ទាំង​សប្បុរសជន ដែល​បាន​ចូលរួម​គាំទ្រ​សាងសង់​អគារសិក្សា​សាលា​មត្តេយ្យ​នេះ និង​សង្ឃឹម​ជឿជាក់ថា អគារសិក្សា​ថ្មី​នេះ នឹង​រួមចំណែក​ផ្ដល់​បរិយាកាស​កាន់តែ​ប្រសើរ​សម្រាប់​ការបង្រៀន និង​រៀន​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ជា​ពិសេស​កុមារ​តូចៗ ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​។​

​យោងតាម​របាយការណ៍​លោក ហ៊​ន សុផាត អភិបាល នៃ​គណៈ​អភិបាល​ស្រុក​មេសាង ស្រុក​មេសាង មាន​គ្រឹះស្ថានសិក្សា ចំនួន ៦៥​កន្លែង ក្នុងនោះ​មាន មត្តេយ្យ​ដាច់​១​កន្លែង មត្តេយ្យ​សហគមន៍​២២​កន្លែង សាលាបឋមសិក្សា​៥៥​កន្លែង អនុវិទ្យាល័យ​៦​កន្លែង វិទ្យាល័យ​៣​កន្លែង និង​មាន​មជ្ឈមណ្ឌល​សិក្សា​១​កន្លែង​។ លោក​អះអាង​ថា សមិទ្ធផល​សម្ពោធ​នា​ថ្ងៃនេះ បាន​ធ្វើឱ្យ​វិស័យ​អប់រំ​ក្នុង​ស្រុក​មេសាង រីកចម្រើន​មួយ​កម្រិត​ទៀត​។​

​គួររម្លឹកថា សាលាបឋមសិក្សា​ជី​ផុច បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៧៩ ក្នុង​គោលបំណង​ផ្តល់​ការអប់រំ និង​បណ្ដុះបណ្ដាល​កុមារ និង​យុវជន​ក្នុង​សហគមន៍​។ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​សម្ដេច​ក្រឡាហោម និង​ការទទួល​ដឹកនាំ​ជ្រោមជ្រែង​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត សាលា​មត្តេយ្យ​សិក្សា​ជី​ផុច ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៤ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​១៤ ខែកក្កដា ឆ្នាំ​២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *