លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា

បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១ របស់ គ​.​ប​.​ឆ​.​ប​. កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ និង​ការ​ដាក់​បទបញ្ជា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៥, គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥ បាន​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅក្នុង​ភូមិសាស្ត្រ រាជធានី ខេត្ត គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ ៖

១-​បាន​ចុះ​ធ្វើ​រដ្ឋបាល និង​ប្រតិបត្តិការ​បង្ក្រាប​សរុប​បាន ២០​ទីតាំង (៧ រាជធានី ខេត្ត រួមមាន​៖ រាជធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និង​ពោធិ៍សាត់​)

២-​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ១.៣៦២ នាក់ (​ស្រី ២២៤​នាក់​) ក្នុងនោះ មាន​ជនជាតិ​វៀតណាម ៣៤៧​នាក់​(​ស្រី ៦៤​នាក់​), ជនជាតិ​ឥណ្ឌូនេស៊ី ២៧១​នាក់​(​ស្រី ៤៥), ជនជាតិ​ចិន ២២៦​នាក់​(​ស្រី ២៣​នាក់​), ជនជាតិ​កូរ៉េ ៥៧​នាក់​(​ស្រី ២​នាក់​) តៃវ៉ាន់ ៣៧​នាក់ និង​ជនជាតិ​ផ្សេងៗ​ទៀត រួមមាន ថៃ បង់​ក្លា​ដេស និង​មី​យ៉ាន់​ម៉ា​ជាដើម​។

៣-​ដកហូត​ឧបករណ៍​វត្ថុតាង​មួយ​ចំនួន​បម្រើឱ្យ​បទល្មើស Online Scams មានដូចជា​កុំព្យូទ័រ កុំព្យូទ័រ​យួរដៃ ទូរ​សព្ទ ម្សៅ​អេ​ស្ដា​ស៊ី​(​ថ្នាំញៀន​) អាវុធ គ្រាប់កាំភ្លើង និង​សម្ភារ​មួយចំនួនទៀត​។​

-​ក្រោយ​ប្រតិបត្តិការ​បង្ក្រាប ទីតាំង និង​ជនសង្ស័យ​ត្រូវបាន​អាជ្ញាធរ​រាជធានី​-​ខេត្ត គ្រប់គ្រង និង​បិទ​ទីតាំង​មិនឱ្យ​មាន​ការចេញ​-​ចូល​។ ចំណែក​មុខសញ្ញា​មេក្លោង​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​នីតិវិធី (​រាជធានី​ភ្នំពេញ បាន​បញ្ជូន​មេក្លោង ១១​នាក់ និង​វត្ថុតាង​ទៅ​តុលាការ​) ព្រមទាំង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រៀម​រៀបចំ​បញ្ជូន​ជន​បរទេស​ទៅ​កាន់​មណ្ឌល​រង់ចាំ​ត្រៀម​បណ្ដេញចេញ​ទៅ​ក្រៅប្រទេស​។

​ដោយឡែក វត្ថុតាង​រឹបអូស​មួយចំនួន​ត្រូវបាន​ប្រគល់ជូន​តុលាការ និង​មួយចំនួនទៀត​ស្ថិត​ក្រោម​ការគ្រប់គ្រង រក្សា​ទុក​របស់​អាជ្ញាធ​រ​រាជធានី​-​ខេត្ត សម្រាប់​បម្រើ​ឱ្យ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *