ខេត្ត​កំពង់ស្ពឺ ប្រារព្ធពិធី‎​អបអរ​សាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០២៥

‎​កំពង់ស្ពឺ៖​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ‎​ខេត្ត​កំពង់ស្ពឺបានប្រារព្ធពិធីអបអរសាទរ​ទិវា​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ មិថុនា ក្រោម​ប្រធានបទ «​រួមគ្នា បង្ការ ទប់ស្កាត់ និង​កាត់ផ្តាច់​ឫសគល់​នៃ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​» ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ  ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជាង ១​ពាន់​នាក់ ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​ដី​ទំនេរ​ខាងលិច (​វត្ត​កំប៉ូត​) ស្ថិតនៅ​ភូមិ​តា​ម៉ុល សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

‎​លោក ឃឹម សុ​ខៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​អាន​របាយការណ៍​សង្ខែប និង​ការអនុវត្តន៍​ការងារ​រយះពេល​កន្ល​មក បាន​បង្ក្រាប​ចំនួន ៧១៤​ករណី លើ ៣០៤​ករណី ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​សរុប​បាន​ចំនួន ១,២៧៦​នាក់ ស្រី ៧៨​នាក់ លើ ៤៩៨​នាក់ ស្រី ៣៥​នាក់ ក្នុងនោះ នគរបាល ៦០៨​ករណី ឃាត់​មុខសញ្ញា ជួញដូរ​គ្រឿងញៀន​សរុប​បាន​ចំនួន ១.០៥៣​នាក់ ស្រី ៥៩​នាក់ និង កងរាជអាវុធហត្ថ ១១០​ករណី ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​សរុប​បាន​ចំនួន ២២៣​នាក់ ស្រី ១៩​នាក់ ដកហូត​គ្រឿងញៀន​គ្រប់​ប្រភេទ ទម្ងន់ ៨.៣២០.៦៥​ក្រាម (៨​គី​ឡូ ៣​ខាំ​) ក្នុងនោះ​៖ មេតំ​ហ្វេ​តា​មីនចំនួន ២,៩៧២​កញ្ចប់ (២,៥៨២​តូច​  រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ បាន​បញ្ជូន ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​មាន ការកើនឡើង ៤១០​ករណី មុខសញ្ញា ៧៧៨​នាក់ ស្រី ៤៣​នាក់ ស្មើនឹង ៧០,១៤%​។​

‎​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ថា ក្នុង​ខណៈ​ដែល​ប្រជាជន​ទូទាំង​ពិភពលោក ក៏ដូចជា​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា បាន​កំណត់​យក ថ្ងៃទី​២៦ ខែមិថុនា ជា​រៀងរាល់ឆ្នាំ​ប្រារព្ធ​ពិធី​នេះ​ឡើង ដើម្បី​ជា​សក្ខីភាព​បង្ហាញឲ្យឃើញ​ពី​ការចូ​ល​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ហើយ​ជា​ភារកិច្ច​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​យកចិត្ត – ទុកដាក់​ឲ្យបាន​ខ្លាំងក្លា​បំផុត ដោយ​មិន​ចាត់ទុកថា​ជា​ភារកិច្ច​របស់​ថ្នាក់​ណាមួយ ជំនាញ​ណាមួយ ឬ បុគ្គល​ណាមួយ​ឡើយ​។​‎‎​

​ឯកឧត្តម សូម​អំពាវនាវ​ដល់​ប្អូនៗ​យុវវ័យ មេត្តា​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​អំពី​គ្រឿងញៀន និង​ត្រូវ​ចងចាំ​ថា​ទោះ​ក្នុង រូបភាព​ណាក៏ដោយ ទាំង​ការជួញដូរ ការផលិត ការដាំដុះ ការប្រើប្រាស់ ឬ​ចាញ់​ឧបាយកល​គេ​ក្នុងការ ប្រើប្រាស់ គឺ​សុទ្ធតែ​ត្រូវ​ទទួល​ការផ្តន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​អំពី​ច្បាប់ ហើយ​អ្នក​ដែល​អាច​ជួយ​យើង​បាន គឺ​មិន មែន​បុគ្គល​ដែល​លួងលោម បង្ខិតបង្ខំ​ឲ្យ​ប្រព្រឹត្ត​នោះ​ទេ ពោល គឺមាន​តែ​ខ្លួនឯង​ដែល​ជួយ​ខ្លួនឯង​បាន​ផង​ដែរ​។​

‎​ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​អ​ណា​ត្តិ​ទី​៧ ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​បាន និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធិភាព សំដៅ​ដឹកនាំ​ប្រទេស​ឲ្យមាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ​ពិសេស​ការពង្រឹង​ខឿន​សន្តិសុខ ស្ថេរ ភាព​សង្គម ឈាន​ទៅរក​វឌ្ឍនភាព​ឥតឈប់ឈរ ហើយ​ត្រូវ​បាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សហគមន៍​ជាតិ និង អន្តរជាតិ​យ៉ាង​ពេញទំហឹង​​៕

 

Leave a Reply

Your email address will not be published. Required fields are marked *