លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥

ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី្ន ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ចំនួន ៣​រូប ក្នុង​ខេត្ត​កំពង់ធំ មានដូចជា​៖ ១/. នាយចំណង់ ឌី សេង​, ២/. អនុសេនីយ៍ត្រី ញាត ឈីន​, ៣/. អនុសេនីយ៍ត្រី ពេ​ជ ង៉ោ​ល ដែល​បាន​ពលី​ជីវិត​ក្នុង​ការការពារ​បូរណភាព​ជាតិ និង​អធិបតេយ្យ​ជាតិ ។ ជាមួយនឹង​ការ​បាន​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ របស់​សព​យុទ្ធជន​ពលី​នេះដែរ សាច់ញាតិ​នៃ​យុទ្ធជន​ពលី បាន​សម្ដែង​នូវ​ក្ដី​មោទនភាព​ចំពោះ​សាច់ញាតិ​របស់​ខ្លួន ជាមួយ​នឹង​សេចក្តី​ក្រៀមក្រំ និង​ទុក្ខសោក​ក្រៃ​លែង​ផងដែរ ។

​លោកជំទាវ​បណ្ឌិត ក៏​បាន​សម្តែង​នូវ​ការរំលែក​ទុក្ខ​ជូន​ដល់​គ្រួសារ​យុទ្ធជន​ពលី ដែល​នេះ​គឺជា​ការបាត់បង់​យុទ្ធជន​ដ៏​អង់អាច​ក្លាហាន កូន​ជា​ទីស្រឡាញ់ បងប្អូន​ជាទីគោរព ឪពុក​ដ៏​មាន​ព្រហ្ម​វិហារធម៌ និង​ស្វាមី​ដែល​មាន​ភក្តីភាព សម្រាប់​ជាតិ ព្រមទាំង​ក្រុមគ្រួសារ​។​

​បន្ថែម​ពី​នេះ លោកជំទាវ​បណ្ឌិត ក៏​បាន​ពាំនាំ​នូវ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ពី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ក្រុមគ្រួសារ​សព​នៃ​យុទ្ធជន​ពលី ជាមួយនឹង​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​គោលនយោបាយ​ផ្សេងៗ ដើម្បី​ជា​ការ​សម្រាល​នូវ​បន្ទុកគ្រួសារ​យុទ្ធជន​ពលី​ផងដែរ​។​

​ការ​ពលី​របស់​យុទ្ធជន​ជួរ​មុខ​កម្ពុជា នឹង​ត្រូវ​ចងចាំ​ទុកជា​វីរភាព ប្រកប​ដោយ​ឆន្ទៈ​មោះមុត ក្នុង​បុព្វហេតុ​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ឱ្យបាន ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ពី​ការរំលោភ​បំពាន និង​ឈ្លានពាន​មកលើ​ដែន​អធិបតេយ្យភាព​កម្ពុជា​។ សូម​ឧទ្ទិស​បួងសួង​សុំ​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី បានចាប់កំណើត​ក្នុងឋាន​បរម្យ​សុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Leave a Reply

Your email address will not be published. Required fields are marked *