សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​)

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១០​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) ដែល​ជា​ប្រភេទ​ស្ពានបេតុង​ភ្លោះ មាន​ប្រវែង ៨៤៥,៧​ម៉ែត្រ មាន​ចំណុច​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ និង​ចំណុច​បញ្ចប់​នៅ​ត្រើយ​ខាងកើត​ទន្លេ​បាសាក់ ស្ថិតក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា ស្ពានបេតុង​ភ្លោះ​នេះ មាន​ទទឹង​ប្រវែង​សរុប ២៧​ម៉ែត្រ ដោយ​ស្ពាន​នី​មួយៗ​មានមុខ​កាត់​ទទឹង ១៣,២៥​ម៉ែត្រ ត្រូវ​អ៊ុត​បេតុង​កៅស៊ូ AC ផ្ទៃ​ខាងលើ​កម្រាស់ ១០​សង់ទីម៉ែត្រ ហើយ​មាន​គម្លាត​ពីគ្នា កន្លះ​ម៉ែត្រ​។ ស្ពាន​នីមួយៗ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន ២​គន្លង ប្រវែង ៧​ម៉ែត្រ គន្លង​ផ្លូវ​សម្រាប់​ទោចក្រយាន​មាន​ចំនួន ១​គន្លង ប្រវែង ២,៥​ម៉ែត្រ ផ្លូវ​ថ្មើរជើង​មាន​ចំនួន ១​គន្លង ប្រវែង ២​ម៉ែត្រ បង្កាន់ដៃស្ពាន​សងខាង​សរុប​ប្រវែង ១,២៥​ម៉ែត្រ គម្លាត​សុវត្ថិភាព​ប្រវែង កន្លះ​ម៉ែត្រ និង​មាន​ទំហំ​ឆ្លងកាត់​សម្រាប់​នាវាចរ​ផ្នែក​ខាងក្រោម​ស្ពាន ៩០​ម៉ែត្រ x ១១,៥​ម៉ែត្រ​។​

​ចំពោះ​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន មាន​ប្រវែង​សរុប ៨០៤,៣​មែត្រ ត​ភ្ជាប់​ពី​ក្បាលស្ពាន​ទាំងសងខាង​ទៅ​មហាវិថី​សំខាន់ៗ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ផ្លូវ​ត​ភ្ជាប់​ក្បាល​ស្ពាន​នេះ នឹង​ត្រូវ​ស្ថាបនា​ទៅតាម​លក្ខណៈ​បច្ចេកទេស ក្នុងនោះ ផ្លូវ​ត​ភ្ជាប់​ពី​ក្បាលស្ពាន​ត្រើយ​ខាងលិច មាន​ប្រវែង ៣៧៩,១៥​ម៉ែត្រ និង​ត្រើយ​ខាងកើត មាន​ប្រវែង ៤២៥,១៥​ម៉ែត្រ នឹង​ត្រូវ​ស្ថាបនា​ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC អ៊ុត​កម្រាស់ ៩​សង់ទីម៉ែត្រ ទទឹង ២០​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​រួម ២៧​ម៉ែត្រ​។ គម្រោង​នេះ​ក៏​រួម​បញ្ចូល​ការស្ថាបនា​រង្វង់​មូល​ចំនួន ២​កន្លែង នៅ​សងខាង​ក្បាលស្ពាន និង​ផ្លូវ​អម​ស្ពាន​ទាំងសងខាង​ចំនួន ៤​កំណាត់ ប្រវែង​សរុប ១,៥៤១​ម៉ែត្រ ដោយ​ក្រាល​បេតុង​សរសៃដែក ព្រមទាំង​ការស្ថាបនា​ពង្រីក​កំណាត់​ផ្លូវ​ចំនួន ២​ខ្សែ រួមមាន ផ្លូវជាតិ​លេខ​២ ប្រវែង ៣០០​ម៉ែត្រ នៅ​ត្រើយ​ខាងលិច និង​ផ្លូវ​លេខ​១១០ ប្រវែង ១១០​ម៉ែត្រ នៅ​ត្រើយ​ខាងកើត ដើម្បី​ត​ភ្ជាប់​ជាមួយ​ស្ពាន និង​ការរៀបចំ​បំពាក់​ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់​ផងដែរ​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) នេះ ជា​ប្រភេទ​ស្ពាន​ដែល​អនុញ្ញាត​ឱ្យ​រថយន្ត​បើក​ឆ្លងកាត់​ចំនួន ២ ខ្សែ​ទៅ ២ ខ្សែ​មក​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី​បាន​មានប្រសាសន៍​បញ្ជា​ឱ្យ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ពិនិត្យ​លទ្ធភាព​ជាមួយ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ម្ចាស់​ដី ដើម្បី​អាច​បើកផ្លូវ​ត្រង់​ចំណុច​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) ដោយ​ធ្វើយ៉ាងណា​អាច​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ត្រង់​ទៅ​ចំ​ផ្លូវជាតិ​លេខ​១​តែម្ដង ដើម្បី​ផ្ដល់​ភាព​កាន់តែ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​ធិបតី​បន្តថា ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺ​បាន ជួយ​ឱ្យ​ការធ្វើដំណើរ​ប្រជា​ពលរដ្ឋ​កាន់តែ​ងាយស្រួល កាត់បន្ថយ​ចំណាយ និង​កាត់បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ បង្រួម​ខេត្ត​ក្រុង​ឱ្យ​កាន់តែ​ជិតគ្នា​។ តាមរយៈ​កំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ចូលរួម​រុញ​កំណើន រោងចក្រ សហគ្រាស ជាច្រើន​ទៅ​ដល់​បណ្ដា​ខេត្ត បង្កើន​ការងារ និង​មុខរបរ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា គោលនយោបាយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជា​អាទិភាព​ទី​ពីរ​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​ដាក់​ចេញ​ក្នុង​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​ជាតិ បន្ទាប់ពី​មនុស្ស​។ សម្តេច​បន្តថា គម្រោង​សាងសង់​ស្ពាន​ពី​ផ្សារ​ចាស់​ទៅ​អរិយ​ក្សត្រ និង​ស្ពាន​ដែល​ធំជាងគេ​នៅ​ខេត្ត​ក្រចេះ ពេលនេះ​កំពុង​សិក្សា​ដើម្បី​ឈាន​ទៅ​ធ្វើ​ការសាងសង់​នាពេលខាងមុខ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ការបង្កើន​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺ​ដោយសារ​មាន​កំណើន​ប្រជាជន និង​សេដ្ឋកិច្ច​ជាតិ រីកចម្រើន ដែល​ទាមទារ​ឱ្យ​មាន​ការពង្រីក​ការសាងសង់​បន្ថែម​។​

​សម្តេច​ធិបតី​បន្តថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ គិត​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ដ្រៃយ៍ និង​ប្រជាពលរដ្ឋ​មក​ប្រកប​ការងារ​ពី​បណ្ដា​ខេត្ត​សរុប​មាន​ជាង ៣ លាន​នាក់ ដូច្នេះ​ការដោះស្រាយ​បញ្ហា​ចរាចរណ៍​គឺ​ត្រូវ​គិតគូរ​មិន​អាច​រង​ចាំ​បាន​ទេ​។ បញ្ហា​ចរាចរណ៍​នេះ ត្រូវ​បាន​គិតគូរ​តាំងពី​អាណត្តិ​មុន​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ដូច្នេះ​មិន​ត្រូវ​រងចាំ​ទៀត​ទេ​គឺ​ត្រូវ​ការដោះស្រាយ​ប​ញ្ហ​នេះ​តាមរយៈ​ការបង្កើន​សមត្ថភាព​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​, ការបើកផ្លូវ​ក្រវាត់ក្រុង និង​មធ្យោបាយ​ក្រោម​ដី (​រថភ្លើង​ក្រោម​ដី​) និង​លើ​អាកាស (​រថភ្លើង​លើ​អាកាស​)​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា កន្លងមកនេះ មិត្ត​ចិន​បាន​ជួយ​សាងសង់​ស្ពាន​ធំៗ​ឆ្លង កាត់​ទន្លេ​នៅ​កម្ពុជា បាន​ចំនួន ១៦ ស្ពាន​រួចហើយ​។ ចិន គឺជា​ប្រទេស​ដែល​ឈរ​នៅ​លំដាប់​ទី​១ ដែល​បាន​ផ្ដល់​ឥណទាន និង​ជំនួយ​ផ្សេងៗ ដើម្បី​ជំរុញ​ការសាងសង់​ហេដ្ឋារចនាសម្ពន្ធ​(​ស្ពាន​, ផ្លូវ​,…) នៅ​កម្ពុជា​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ឱ្យ​ត្រៀម​មធ្យោបាយ​ដឹកជញ្ជូន និង​ទឹក​សុទ្ធ សម្រាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ​នាពេលខាងមុខ​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្ដេច​ធិបតី នាយករដ្ឋមន្ដ្រី បានបញ្ជាក់​ថា កម្ពុជា​មិន​អាច​អត់ឱន​ឱ្យ​បាន​ទេ ចំពោះ​ជនជាតិ​ចិនតៃវ៉ាន់​ពីរ​នាក់ ដែល​បាន​ផលិត​មាតិកា​វីដេអូ​ប្រឌិត ធ្វើឱ្យ​ខូច​មុខមាត់ និង​កិត្តិយស​កម្ពុជា តាមរយៈ​ការផលិត​វីដេអូ​ចាប់ជំរិត និង​វីដេអូ​ប្រឌិត​ជាច្រើន​ទៀត ដូច្នេះ​មិន​អាច​ឱ្យ​មាន​ការអន្តរាគមន៍​ជាដាច់ខាត​។ សម្ដេច​ធិបតី​ក៏​បាន​ព្រមាន​ដល់​ក្រុម​អ្នក​ផលិត​មាតិកា​វីដេអូ​ផ្សេងៗ ដែល​ធ្វើឱ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ កម្ពុជា​នឹង​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ករណី​នេះ​។ សម្ដេច​ធិបតី ក៏​បាន​ព្រមាន​ដល់​ពលរដ្ឋ​នៅ​ប្រទេស​ផ្សេង​ទៀត ដែល​មាន​បំណង​ចង់​យក​កម្ពុជា ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន នឹង​ត្រូវ​ចាប់​ដាក់​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ចំនួន ២ ឆ្នាំ បន្ទាប់​មក​បណ្ដេញចេញ​ពី​កម្ពុជា ហើយ​នឹង​ត្រូវ​ដាក់​ក្នុង​បញ្ជី​ខ្មៅ មិន​ឱ្យ​ចូលមក​កម្ពុជា​មួយជីវិត​ថែមទៀត​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បញ្ជា​ឱ្យ​បន្ត​ការត្រួតពិនិត្យ និង​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​បន្ថែមទៀត ជាពិសេស​ករណី​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​នៅតាម​រាជធានី ខេត្ត​។ សម្ដេច​ស្នើឱ្យ​ប្រជាពលរដ្ឋ​ស្វ័យ​ម្ចាស់ការ​លើ​ការបើកបរ ត្រូវ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​។ សម្ដេច​ធិបតី​បាន​មានប្រសាសន៍ថា ចំនួន​អ្នក​ស្លាប់​ដោយ​បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា បច្ចុប្បន្ន ច្រើន​ជាង​អ្នក​ស្លាប់​ដោយ​សង្គ្រាម និង​គ្រាប់​មីន​ទៅទៀត​។ សម្ដេច​ធិបតី​បានស្នើ​ដល់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ កុំ​គេចវេះ និង​ត្រូវ​ចូលខ្លួន​មក​ទទួលខុសត្រូវ​លើ​កំហុស​របស់​ខ្លួន​។ សម្ដេច​ធិបតី បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​យានយន្ត​ទាំងអស់ សូម​បើកបរ​គោរព​តាម​ច្បាប់​ចរាច​រណ៍ ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ទុក្ខសោក​ដល់​ក្រុមគ្រួសារ​អ្នកដទៃ បញ្ជៀ​ស​កុំឱ្យ​អ្នក​ដទៃ​ស្រក់​ទឹកភ្នែក ដោយសារ​ការបើកបរ​មិន​គោរព​ច្បាប់​។​

​មុន​នឹង​បញ្ចប់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​នឹង​ឯកឧត្តម វ៉ាងវិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុច​ប៊ូ​តុង បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) ចាប់ពី​ពេលនេះ​តទៅ​៕

Leave a Reply

Your email address will not be published. Required fields are marked *