ឯកឧត្តម ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​៖ ចិន​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ និង​ចង់​ឱ្យ​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ឱ្យបាន​ឆាប់​

នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជួប​ប្រជុំ​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ បូក ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ធាន​ជី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធានាធិបតី បាន​សម្តែង​ការស្វាគមន៍​ប្រកបដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មមាញឹក អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ បូក នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាពេលនេះ​។ ឯកឧត្តម​ប្រធានាធិបតី​បានចាត់ទុក​វត្តមាន​របស់​សម្តេច​ប​វរ​ធិបតី គឺជា​កាលានុវត្តភាព​ដ៏​សំខាន់ ដើម្បី​បន្ត​រឹតចំណង​មិត្តភាព​ដែក​ថែប និង​ពង្រីក​សាមគ្គីភាព ចិន​-​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត បន្ទាប់​ពី​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម កាលពី​ខែ​មេសា កន្លងទៅ​។ ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​, ឯកឧត្តម ស៊ី ជីន​ពីង បាន​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​ចិន​ក្នុង​ការគាំទ្រ​បទ​ឈប់​បាញ់​, គាំទ្រ​យន្តការ​សង្កេតការណ៍​ប​ទ​ឈប់​បាញ់រ​បស់​អាស៊ាន​ដែល​ដឹកនាំ​ដោយ​ម៉ាឡេស៊ី និង​ចង់​ឱ្យ​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ឱ្យបាន​ឆាប់​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​គាំទ្រ និង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ដើម្បី​ជួយ​ស្តារឡើងវិញ​នូវ​ការខូចខាត និង​ជួយ​សម្រួល​ដល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការប៉ះទង្គិច​ប្រដាប់អាវុធ​កាលពី​ចុងខែ​កក្កដា​កន្លងទៅ​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​។ សម្តេច​បាន​គូសបញ្ជាក់ថា ការគាំទ្រ​របស់​មិត្ត​ចិន គឺជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​យ៉ាង​សកម្ម​របស់​មិត្ត​ចិន ក្នុង​ការសម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ បាន​យ៉ាង​ឆាប់រហ័ស ដែល​ជា​ជំហាន​ឈានទៅរក​ការការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​ជួយ​ស្តារ​ជីវភាព​របស់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​។​

​មុន​នឹង​បញ្ចប់​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​យោបល់​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​អាទិភាព ដែល​រួមមាន​៖ វិស័យ​នយោបាយ​-​ការទូត​, សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​សំខាន់ៗ​ផ្សេងទៀត ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​អភិវឌ្ឍ​ដោយ​ម្ចាស់ការ​ខ្លួនឯង និង ពង្រឹង​ការការពារ​អធិបតេយ្យ​របស់​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *