ធនាគារ AIIB បង្ហាញ​ចំណាប់អារម្មណ៍​ស្វែងរក​ឱកាស​ជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា​

នៅ​រសៀល ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Jin Liqun ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ បូក ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ធាន​ជី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី​ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី​ចូលជួប​សម្ដែង​ការគួរសម និង​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​អញ្ជើញ​មក​បំពេញ​ការងារ​នៅក្នុង​ទីក្រុង​ធាន​ជី​ង នា​ឱកាស​នេះ​។ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល ក៏​បាន​គោរព​ជម្រាបជូន​ថា ជាមួយ​នឹង​ប្រតិបត្តិការ និង​បទពិសោធន៍​របស់​ធនា​គារ ដែល​ផ្តោត​លើ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, ធនាគារ AIIB មាន​សេចក្តីសោមនស្ស​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​គន្លឹះ​នានា​ជាមួយ​កម្ពុជា​។ ជាមួយគ្នានេះ ធនាគារ​ក៏មាន​ចំណាប់អារម្មណ៍​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម ជាពិសេស​ផ្តោតលើ​វិស័យ​អប់រំ​បែប​ទំនើប នៅ​កម្ពុជា ផងដែរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​រីករាយ ដែល​បាន​ជួប​ជាមួយ​នឹង​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​សហការី​ជាថ្មី​។ សម្ដេច​បវរ​ធិបតី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង នៅតែ​ជា​វិស័យ​អាទិភាព ដែល​កម្ពុជា​ត្រូវ​បន្ត​អភិវឌ្ឍ ដូចជា​ផ្លូវ ថ្នល់ និង​ស្ពាន ជាដើម​។ ជាមួយគ្នានេះដែរ​, សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​ជូន​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍវិ​ស័​យ​នេះ ដូចជា​ការកសាង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មីៗ និង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ សំដៅ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ឡូ​ជី​ស្ទីក​។ បន្ថែម​លើ​នះ​, សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​ចាប់តាំងពី​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ មក​ហូត​មក​បច្ចុប្បន្ន គឺ​ផ្ដោត​សំខាន់​ទៅលើ​ការកសាង​នូវ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព​។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​គោល​នយោបាយ​កែទម្រង់​វិស័យ​អប់រំ តាំងពី​កម្រិត​បឋមសិក្សា​រហូត​ដល់​កម្រិត​វិទ្យាល័យ​, កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ពង្រឹង​មូលដ្ឋាន​សុខាភិបាល​គ្រប់​កម្រិត ពិសេស​ការផ្ដល់​សេវា​នៅ​ថ្នាក់មូលដ្ឋាន​។ សម្ដេច​បវរ​ធិបតី ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការផ្ដោត​អាទិភាព​ទៅលើ​ការកសាង​មូលធន​មនុស្ស​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ គឺជា​ការវិនិយោគ​រយៈ​ពេល​វែង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​នា​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​។

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ធ​នា​គារ AIIB ក្នុង​ការស្វែងរក​ឱកាស​នៃ​កិច្ចសហប្រតិបត្តិកា​រនា​នា​នៅ​កម្ពុជា និង​លើកទឹកចិត្ត​ឱ្យ​ធនាគារ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាប់​យក​ឱកាស​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​បន្ថែមទៀត​៕

 

Leave a Reply

Your email address will not be published. Required fields are marked *