​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព សាធារណរដ្ឋ​ប្រជាមានិត​បួ​គី​ណាហ្វា​សូ ប្រចាំ​កម្ពុជា ចូល​ជួប​និង​ប្រគល់​សារតាំង​

នៅ​វិមាន​ព្រឹទ្ធសភា ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព សាធារណរដ្ឋ​ប្រជាមានិត​បួ​គី​ណាហ្វា​សូ ប្រចាំ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង​។

​យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ដោយ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប ក៏ដូចជា​ការទទួល​សារតាំង​នេះ សម្ដេច​តេជោ ហ៊ុន សែន​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​ចំពោះ ឯកឧត្តម Daouda Bitie ជា​ឯកអគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​ប្រជាមានិត​បួ​គី​ណាហ្វា​សូ ប្រចាំ​កម្ពុជា​។ សម្ដេច​សង្ឃឹមថា វត្តមាន​របស់​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​នៅពេលនេះ នឹង​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​បួ​គី​ណាហ្វា​សូ កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​បន្ទាប់​ពី​ប្រទេស​នេះ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​គ្នា​រយៈពេល ១៥​ឆ្នាំ​មកហើយ ។​

​ឯកឧត្តម Daouda Bitie បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ផ្ដល់​មហា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ឯកឧត្តម​ផ្ទាល់ និង​បាន​ប្រគល់​សារតាំង​នាឱកាស​នេះ​។ ឯកឧត្តម​បាន​ជម្រាបជូន សម្ដេច​តេជោ ថា ជា​មោទនភាព​សម្រាប់​ឯកឧត្តម​ដែល​បាន​បំពេញ​ការងារ​ជា​ឯកអគ្គរដ្ឋទូត​របស់​បួ​គី​ណាហ្វា​សូ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​។ ឯកឧត្តម​បាន នាំនូវ​ពាក្យ​ដ៏​ថ្លៃថ្លា​ផ្តាំផ្ញើ​ពី​ឯកឧត្តម​ប្រធានាធិបតី​របស់​បួ​គី​ណាហ្វា​សូ ជម្រាបជូន សម្តេច​តេជោ ថា ពេល​ឯកឧត្តម​មក​បំពេញ​ការងារ​នៅ​កម្ពុជា វា​ជា​ឱកាស​មួយ​ដែល​បាន​រៀនសូត្រ​ពី​កម្ពុជា​។ ឯកឧត្តម​បានបញ្ជាក់​ថា​កម្ពុជា និង​បួ​គី​ណាហ្វា​សូ គឺ​មាន​ប្រវត្តិ​ស្ថិត​នៅក្រោម​អាណានិគម​បារាំង​ដូចគ្នា ដូច្នេះ​ប្រវត្តិ​មួយចំនួន​មាន​ភាព​ប្រហាក់ប្រហែលគ្នា ហើយ ឯកឧត្តម​ចាប់អារម្មណ៍​ផ្ទាល់​លើ​បទពិសោធ​របស់ សម្ដេច​តេជោ ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​នា​ពេលកន្លងមក​ដែល​ជា​បទពិសោធ អាច​យក​ជា​គំរូ​និង​អាច​រៀនសូត្រ​បាន​ក្នុងពេលដែល ឯកឧត្តម​បាន​បំពេញ​ការងារ​នៅ​កម្ពុជា​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តីរីករាយ​ចំពោះ​ការ​លើកឡើងរប​ស់​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត ហើយ​សម្ដេច​បាន​បញ្ជាក់​ថា សម្ដេច​ពេញចិត្ត​ក្នុងការ​ចែករំលែក​នូវ​បទពិសោធ ហើយ​ក៏​ទទួលស្គាល់​ថា បទពិសោធ​របស់​ប្រទេស​កម្ពុជា និង​បួ​គី​ណាហ្វា​សូ មាន​ភាព​ប្រហាក់ប្រហែលគ្នា ជាពិសេស​ស្ថិតនៅក្រោម​អាណានិគម​បារាំង ដែល​អាច​រៀនសូត្រ​ពី​គ្នា​។ សម្ដេច​តេ​ជោបាន​ចែករំលែ​ក ពី​បទពិសោធ​នៃ​ការដឹកនាំ​ប្រទេស ដោយ​សម្ដេច​បញ្ជាក់ថា យើង​ជា​ប្រទេស​ក្រីក្រ​អ្វី​ដែល​យើង​ប្រយ័ត្ន​បំផុត​នោះ គឺ​ជំនួយ​ពី​បរទេស​ដែល​ជំនួយ​ខ្លះ​នឹង​ជះ​ផល​អវិជ្ជមាន​ផងដែរ ប្រសិនបើ​យើង​ខ្វះ​ការគិតគូរ​ឲ្យបាន​ត្រឹមត្រូ​វ​។ សម្ដេច​តេជោ​ក៏បានចែករំលែក​ទាក់​ទងនឹង​ការវិនិយោគ​សម្រាប់​បរិ​បទ​កម្ពុជា​កន្លងមក ដោយ​ការវិនិយោគ​ពី​បរទេស​ពិត​ជា​សំខាន់​ហើយ ប៉ុន្តែ​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ ការវិនិយោគ​នៅក្នុង​ស្រុក ប្រជាជន​នៅក្នុង​ស្រុក​មាន​ការវិនិយោគ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​ក្រៅ ពីព្រោះ​អ្នកវិនិយោគ​ក្រៅ​ប្រទេស​នឹង​មើលឃើញ​ស្ថានភាព​ល្អប្រសើរ ស្ថិរភាព​នៅក្នុង​ប្រទេស ទើប​គេ​មក​វិនិយោគ​ក្នុង​ប្រទេស​យើង​។ សម្ដេច​ក៏​បាន​ចែករំលែក​ពី​ការផ្ដល់​យោបល់​ពី​បរទេស ជា​ពិសេស​ប្រទេស​អ្នក​មាន​មួយ​ចំនួន ដែល​ពេល​ខ្លះ​ការផ្ដល់​យោបល់​នោះ​មិន​ប្រាកដ​ថា ត្រឹមត្រូវ​ទាំងអស់​នោះ​ទេ​។ ដូច្នេះ​អ្វី​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នោះ​យោបល់​របស់​ពួកគេ​ត្រូវតែ​មាន​ការថ្លឹងថ្លែង​ឲ្យបាន​ស៊ីជម្រៅ ពីព្រោះ​កម្ពុជា​ក៏​បាន​ឆ្លងកាត់​បទពិសោធ​នេះ​រួចទៅហើយ ដូចជា​ការផ្ដល់​យោបល់​ឲ្យ​កម្ពុជាល​ក់​គយ និង​រឿង​ផ្សេងៗ​មួយចំនួនទៀត​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា ពេលខ្លះ​ប្រទេស​អ្នក​មាន​មួយ​ចំនួន ពួក​គេ​គ្រាន់តែ​មាន​សំណាង​ដែល​បាន​កើត​ក្នុង​ប្រទេស​អ្នកមាន ប៉ុន្តែ​មិន​ប្រាកដថា ពួកគេ​មាន​ខួរក្បាល​ល្អ​ជាង​យើង​អ្នកក្រ​នោះទេ​។​

​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​វិញ ឯកឧត្តម​អគ្គរដ្ឋទូត​បាន លើកឡើង​ចំណុច​សំខាន់​ដែល​ភាគី​ទាំងពីរ ត្រូវតែ​ពង្រឹង​ជាមួយគ្នា​នោះ​គឺ​ទាក់ទង​ទៅនឹង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយ ឯកឧត្តម​បាន​លើកឡើង​ថា ប្រទេស​បួ​គី​ណាហ្វា​សូមាន​ចំណុចខ្លាំង គឺ​ផ្នែក​ធនធាន​រ៉ែ ដែល​ជា​ផ្នែក​មួយ​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិកា​របា​ន​ជាមួយ​កម្ពុជា​។ ជាមួយគ្នា​នោះ ក៏​នឹង​មាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​លើ​ការដោះមីន​ផងដែរ និង​ចំណុច​ទាក់ទង​ទៅនឹង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​ជាច្រើន​ទៀត ជាពិសេស​ការគាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ ។​

​សម្ដេច​តេជោ ក៏​បាន​ស្វាគមន៍​ផងដែរ ចំពោះ​ការលើកឡើង​របស់​ឯកឧត្តម​ឯកអគ្គរ​ដ្ឋ​ទូត ក្នុង​ការពង្រឹង​លើ​ចំណុច​សំខាន់​ទាំងបី​ខាងលើ តែ​យ៉ាងណា​សម្ដេច​តេជោ បានបញ្ជាក់​ថា ភាគី​ទាំងពីរ គួរតែបង្កើត​ឲ្យមាន​កិ​ច្ច​ព្រមព្រៀង​ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ ដើម្បី​ពិនិត្យ​ទៅលើ​ចំណុច​ដែល​ត្រូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក្នុងទិសដៅ​ជាក់លាក់​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ ឯកឧត្តម Daouda Bitie ឱ្យ​បំពេញ​បេសកកម្ម​កា​រ​ទូត​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *