ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចុះ​ពិនិត្យ​ការត្រៀម​លក្ខណៈ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​

(​ភ្នំពេញ​) :​នៅពេល​ប្រជាជន​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ កំពុង​តាមដាន និង​ទន្ទឹងរង់ចាំ​ការ​មក​ដល់​ថ្ងៃ​បើក​ដំណើរការ​ជា​ផ្លូវការ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នា​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការត្រៀម​លក្ខណៈ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​មន្ត្រី​អន្តោប្រវេសន៍ តាម​ទីតាំង​សំខាន់ៗ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​។ ទីតាំង​សំខាន់ៗ ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យ​នោះ​រួមមាន ស្ថានីយ​ចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំង​ត្រួតពិនិត្យ​អន្តោប្រវេសន៍ (​ទិដ្ឋាការ​ចេញ បញ្ជរ​បែបបទ​ចេញ និង Smart Gate) ទីតាំង ច្រក​អាទិភាព (Fast Track) ទីតាំង អាហាដ្ឋាន (Premium Loung & Food Court) និង​បន្ទប់​សេនា​ការ​របស់​ប៉ុស្តិ៍​ច្រកទ្វារ និង​បន្ទប់ CCTV កន្លែង​បំពេញបែបបទ​ចេញពី​ប្រទេស​របស់​អ្នកដំណើរ ឆ្លងកាត់​តាម​បញ្ជរ និង Smart Gate ព្រមទាំង​ពិនិត្យ​ការអនុវត្ត​ការងារ របស់​មន្ត្រី និង​ស្ថានភាព អ្នកដំណើរ​តាម​រយៈ កាមេរ៉ា CCTV​។​

​ក្រៅ​ពី​ទីតាំង​ស្ថានីយ​ចេញដំណើរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​បន្ត​អញ្ជើញ​ពិនិត្យ​ស្ថានីយ៍​អ្នកដំណើរ​មកដល់ មាន​ជាអាទិ៍ ទីតាំង​បំពេញ​ស​លាកប​ត្រ​អេឡិចត្រូនិ​ចចូល ព្រះរាជាណាចក្រ​កម្ពុជា (CeA) ទីតាំង ផ្តល់​ទិដ្ឋាការ​ពេលមកដល់ ទីតាំង ត្រួតពិនិត្យ​អន្តោប្រវេសន៍ (​បញ្ជរ​បែបបទ​ចូល និង Smart Gate) និង​ទីតាំង យក​អីវ៉ាន់​/​វា​លី​។ ឯកឧត្តម ក៏​បាន​ពិនិត្យ​ដំណើរការ​នៃ​ការ បំពេញ CeA ដំណើរការ​នៃ ការផ្តល់​ទិដ្ឋាការ ដំណើរការ​នៃ ការបំពេញ​បែបបទ​ចូល ប្រទេស​របស់​អ្នកដំណើរ​ឆ្លងកាត់​តាម​បញ្ជរ និង​Smart Gate ព្រមទាំង ស្ថានីយ​ប្រតិភូ​ជាន់ខ្ពស់ (VIP) ។​

​ក្នុងឱកាស​នោះ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ កោតសរសើរ ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទាំង​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ទទួលបន្ទុក ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ជា​ពិសេស​ឯកឧត្តម​អគ្គនាយក​អន្តោប្រវេសន៍​ដែល​បាន​រៀបចំ​ការត្រៀម​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ស្របតាម​ផែនការ​របស់​ក្រសួងមហាផ្ទៃ ជាពិសេស​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។​

​សូមបញ្ជាក់​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ មាន​ផ្ទៃដី ២.៦០០​ហិកតា ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល និង​មួយ​ផ្នែក​ស្ថិតនៅ​ស្រុក​បាទី ខេត្តតាកែវ ។ គ្រោង​នឹង​បើក​ឱ្យ​ប្រតិបត្តិការ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ និង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ ដើម្បី​ទទួល​អ្នកដំណើរ​ផ្លូវអាកាស​ចេញ​-​ចូល​ប្រទេស​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *