សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង ៥៩៧​គ្រឿង ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ បានបញ្ជាក់​ថា សម្តេច​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្ត​ក្រុង​ចំនួន ៥៩៧​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​សម្តេច​បញ្ជាក់​ដូច្នេះ​ថា «​ដូចដែល​បាន​រៀបចំ​ជាច្រើន​ឆ្នាំ​កន្លងមក ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុកកំណើត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ខ្ញុំ​បាន​ផ្តល់​គោលការណ៍​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​នូវ​រថយន្តក្រុង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ​»​។​

​បើ​តាម​សម្តេច​បវរ​ធិបតី​, លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ជូន​សម្តេច​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​រថយន្ត​ក្រុង​ចំនួន ៥៩៧​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំថ្ងៃ និង​សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ ចំនួន ៦​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ឆ្នាំ​២០២៥ ដោយ​ក្នុង​នោះ​៖

១. រថយន្ត​ក្រុង​ចំនួន ១០០​គ្រឿង ប្រើប្រាស់​សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​ក្នុង រាជធានី​ភ្នំពេញ និង​សេវា​រថយន្តក្រុង​សាធារណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (AIRPORT EXPRESS BUS)​។​

២. រថយន្ត​ក្រុង​ចំនួន ៤៩៧​គ្រឿង ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ លេង​ស្រុកកំណើត និង​ការវិល​ត្រលប់​មកវិញ ដោយ​មាន​បែងចែក​ជា​ខ្សែ​រត់​ធំៗ​ចំនួន ៧ គោលដៅ​។ ព័ត៌មាន​លម្អិត សាលា​រាជធានី​ភ្នំពេញ​និង​ផ្ដល់​ជូន​សាធារណៈជន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា​ការរៀបចំ​រថយន្តក្រុង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ នឹង​អាចជួយ​សម្រួល និង​សម្រាល​បន្ទុក​ខ្លះ ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *