សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៩

​នៅ​រសៀល​ថ្ងៃ​អង្គារ៍ ១១​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៩ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមទ្ធិ​ផល​ការងារ ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សម្រេចបាន​នៅ​ឆ្នាំ​២០២៣ កន្លងទៅ និង សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ដោយមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ ដែល​បាន​ណែនាំ និង តម្រង់​ទិស​ដល់ ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ពេលកន្លងមក ក៏ដូចជា សម្ដេច​ក្រឡាហោម ស ខេង និង ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ដទៃទៀត ក្នុង​ការដឹកនាំ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី ៨ ឆ្នាំ ២០២៣ ទទួលបាន លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ឆ្នាំ​២០២៤ ជា​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ (២០១៧-២០២៣), កងកម្លាំង​អនុវត្ត​ច្បាប់​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស គ្រឿងញៀន​សរុប​ចំនួន ៥៥ ៣០៥ ករណី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១២០ ៣០៧ នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ប្រមាណ ២៧ ៦៤១ គីឡូក្រាម និង សារធាតុ គីមី​ផ្សំ​ប្រមាណ ៥២០ ០០៥ គីឡូក្រាម​, រួម​ទាំង​មធ្យោបាយ សម្ភារៈ និង វត្ថុតាង​ជាច្រើន​ទៀត​។​សម្តេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ត្រូវ​ពន្លឿ​ន​រាល់​នីតិវិធី​ចាត់ចែង​វត្ថុតា​ង និង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​គ្រឿងញៀន​, និង​លើកកម្ពស់​សកម្មភាព​ប្រតិបត្តិ​ការទប់ស្កាត់ និង បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​នាំចូល​ពី​ក្រៅប្រទេស​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ព្រំដែន ជាពិសេស ក្រសួងមហាផ្ទៃ​, ក្រសួង​ការពារជាតិ និង អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ត្រូវ​ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​ករណី​នាំចូល គ្រឿងញៀន​តាម​ព្រំដែន (​ផ្លូវគោក​, ទឹក​, អាកាស និង បញ្ញើ​ប្រៃសណីយ៍​) ជាពិសេស មក​ពី​តំបន់ត្រីកោណមាស​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវ​សហការ​ជាមួយ ដៃគូ​អន្តរជាតិ​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន​អំពី​ចរាចរ​គ្រឿងញៀន ឆ្លងដែន​ខុសច្បាប់​, ពង្រឹង​យន្តការ​ការិយាល័យ ទំនាក់ទំនង​ព្រំដែន BLO ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​ទប់ស្កាត់ និង កាត់ផ្តាច់​រំហូ​រគ្រឿង ញៀន​ពី​ខាងក្រៅ​ចូលមក​ប្រទេស​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មន្ត្រី​អនុវត្ត​ច្បាប់ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត ត្រូវ​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង និង ម៉ឺងម៉ាត់​ជាទីបំផុត​ចំពោះ ករណី​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​សហគមន៍​។ គ្រប់​ថ្នាក់​ដឹកនាំ​ក្រសួង​-​ស្ថាប័ន​, ក្រុមហ៊ុន​ឯកជន​, រោងចក្រ​-​សហគ្រាស និង សមាជិកគ្រួសារ​ត្រូវ​ធ្វើ​ការអប់រំ​, ក្រើន រំលឹក​ពី​ផលប៉ះពាល់ និង វិនាសកម្ម​នៃ​គ្រឿងញៀន ព្រមទាំង​មាន​វិធានការ​ម៉ឺងម៉ាត់ និង តឹងរ៉ឹង​បំផុត ចំពោះ​ការប្រើប្រាស់​គ្រឿងញៀន​។ ត្រូវ​និយាយ​ថា “​ទេ​” ដាច់ខាត​ចំពោះ​គ្រឿងញៀន​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវ​រៀបចំ​ចងក្រង​ខ្លឹមសារ​អប់រំ​អំពី​ផល ប៉ះពាល់​នៃ​គ្រឿងញៀន និង ធ្វើការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង តាម​គ្រប់​មធ្យោបាយ​ដល់​ប្រជាជន​ឱ្យ​បាន​ទូលំទូលាយ​។ សូមឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​ព័ត៌មាន​, ក្រសួង​អប់រំ យុវជន និង កីឡា​, ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​, ក្រសួង​ធម្មការ និង សាសនា និង ក្រសួង​ទេសចរណ៍ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន លើ​ការងារ​ដ៏​សំខាន់​នេះ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​បញ្ហា​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ទូលំទូលាយ ទាំង​នៅ​តាម​សាលារៀន វត្ត​អារាម សិល្បៈ​កំសាន្ត កីឡា និង វេទិកា​នានា ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បញ្ហា​គ្រឿងញៀន មិនមែន​ជា​រឿង​ដាច់​ដោយឡែក​របស់​កម្ពុ​ជា​នោះទេ វា​ជា​បញ្ហា​សកល​។ ទោះ​គ្រឿងញៀន​ជា​បញ្ហា​សកល តែ​មិនត្រូវ​អស់សង្ឃឹម​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វា ហើយ​បណ្តោយឱ្យ​វា​រាតត្បាត​សង្គម​កម្ពុជា​នោះ​ឡើយ​។ ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន មិន​ត្រូវ​ធ្វើ​របៀប​វែក​ចក​នោះទេ គឺ​ត្រូវមាន​ផែនការ​មួយ​ច្បាស់លាស់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ បាន​ដាក់​ចេញ​គោលដៅ​ទប់ស្កាត់ និង​ឈាន​ទៅ​លុបបំបាត់​គ្រឿងញៀន​ក្នុង​សង្គម​ខ្មែរ​។ ដើម្បី​ចូលរួម​លុបបំបាត់​គ្រឿងញៀន​ទៅ​បាន ត្រូវការ​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប តាមរយៈ​ការអប់រំ ការផ្សព្វផ្សាយ ការណែនាំ​សាច់ញាតិ​កុំឱ្យ​ប៉ះពាល់​ជាមួយ​គ្រឿងញៀន​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​ទើបនឹង​ចេញ​សេចក្តីសម្រេច​ថ្មី មន្ត្រីរាជការ​ស៊ីវិល​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ រកឃើញ​ពាក់ព័ន្ធ​គ្រឿងញៀន នឹង​ត្រូវ​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​។ សម្តេច​ចង់​ឱ្យ​វិស័យ​ឯកជន​មាន​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿង ដោយ​មិន​ឱ្យ​បុគ្គលិក​ខ្លួន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​។ បើ​ពាក់ព័ន្ធ​ដេញ​ចេញ​ពី​ការងារ​។ សម្តេច​បន្ត​ទៀត​ថា ការកត់ត្រា​មន្ត្រី​ពាក់ព័ន្ធ​គ្រឿងញៀន​ក្នុង​បញ្ជីខ្មៅ មិនមែន​ជា​ការរំលោភ​សិទ្ធិ​នោះទេ តែ​ជា​ការជួយ​សហគមន៍​មិន​ឱ្យ​ពាក់ព័ន្ធ​គ្រឿងញៀន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ជា​ថ្មី​មិន​អនុញ្ញាត​ឱ្យ​មាន​ការដាំ​កញ្ឆា​នៅ​កម្ពុជា​នោះ​ឡើយ ហើយ​ដរាបណា​សម្ដេច​នៅតែ​ជា​នាយករដ្ឋមន្ត្រី​សម្ដេច​មិន​អនុញ្ញាត​ឲ្យមាន​ការដាំក​ញ្ឆា​នៅក្នុង​ប្រទេ​ស​កម្ពុជា​ជា​ដាច់ខាត​។ សម្តេច​ធិបតី​ក៏​បាន​ផ្តាំ​ទៅ​អ្នក​ចង់​វិនិយោគ​ដាំ​កញ្ឆា​នៅ​កម្ពុជា មិនបាច់​ចំណាយពេល​ជិះ​យន្តហោះ​មក​កម្ពុជា​ដើម្បី​មក​វិនិយោគ​ផ្ដាំ​ដំណាំ​កញ្ឆា នៅ​កម្ពុជា​នោះទេ ដោយ​សម្តេច​មិន​អនុញ្ញាត​ឡើយ​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្ដេច​មហា​បបរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្ស​រយ​យស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ​មួយចំនួន​ផង​ដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *