សម្តេច​ប្រធានរដ្ឋសភា​៖ សូម​កុំ​ប្រើ “​ច្បាប់​ព្រៃ និង​អនុវត្ត​ច្បាប់​អាជ្ញាសឹក​“ នៅក្រៅ​ដែនដី​របស់​ខ្លួន ដែល​ជា​ការរំលោភ​បំពាន​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ដទៃ​

ថ្លែង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​១ នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​/AIPA) លើក​ទី​៤៦ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី សម្តេច​ប្រធានរដ្ឋសភា បាន​អំពាវ​ទាវ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់ “​ច្បាប់​ព្រៃ និង​ការអនុវត្ត​ច្បាប់​អាជ្ញាសឹក​“ នៅក្រៅ​ដែនដី​របស់​ខ្លួន ដែល​ជា​ការរំលោភ​បំពាន​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ដទៃ​ទៀត​។​

​សម្តេច​ប្រធានរដ្ឋសភា​ជម្រាប មហាសន្និបាត​អាយ​ប៉ា​ថា កាល​ពី​ម្សិលមិញ គឺ​នៅ​ថ្ងៃទី​១៧ ខែកញ្ញា​នេះ កងកម្លាំង​យោធា​ថៃ​បាន​ប្រើប្រាស់​កម្លាំង​មកលើ​ប្រជាជន​ស្លូតត្រង់​របស់​កម្ពុជា ដែល​បណ្តាលឱ្យមាន​អ្នក​រង​របួស​ជាង​២០​នាក់​។ ថៃ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង​នឹង​ជន​ស៊ីវិល និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាជន​កម្ពុជា​ជា​បន្តទៅទៀត​។ សម្តេច​បាន​គូសបញ្ជាក់ថា ការកសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​ពី​ភាគី​ទាំងពីរ ដោយ​មាន​សុច្ឆន្ទៈ និង​ភាពស្មោះត្រង់​ពិតប្រាកដ​។ ភាគី​ដែល​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ ត្រូវតែ​ទទួល​ការ​ថ្កោលទោស ឬ​ការដាក់ទណ្ឌកម្ម​ជាដាច់ខាត​។​

​នៅក្នុង​កិច្ចប្រជុំ​ដែល​មាន​ថ្នាក់ដឹកនាំ​សភា​គណៈប្រតិភូ​សភា​អាស៊ាន​ចូលរួម ជាមួយ​សភា​ប្រទេស​សង្កេតការណ៍ និង​ដៃគូរ​អភិវឌ្ឍន៍​អាយ​ប៉ា ជាច្រើន​ចូលរួម ប្រមាណ​ជា​៩០០​នាក់ សម្តេច​បាន​ជម្រាប​កិច្ចប្រជុំ​ថា កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ នៅ​មាន​ភាពផុយស្រួយ​ខ្លាំង​នៅឡើយ ខណៈ​សកម្មភាព​រំលោភ​បំពាន​ពី​ភាគី​ថៃ​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់ រួមមាន ការបន្ត​ឃុំខ្លួន​ទាហាន​កម្ពុជា ១៨​នាក់ ដោយ​ខុសច្បាប់ ធ្វើជា​ចំណាប់ខ្មាំង ប៉ុន្មាន​ម៉ោង​ក្រោយ​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន និង​ករណី​រាយ​លួស​បន្លា​ខុសច្បាប់ និង​សកម្មភាព​នានា​ដែល​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ និង​បាន​រំលោភបំពាន​ម្តង​ហើយ​ម្តង​ទៀត​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​។​

​សម្តេច​បាន​អំពាវនាវ ដល់​សហគមន៍​អន្តរជាតិ ជួយ​បន្ត​តាមដាន​ជា​ប្រចាំ​នូវ​ការវិវត្ត នៃ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​ធ្វើ​ការវាយតម្លៃ​ដោយ​ខ្លួនឯង ផ្អែក​លើ​តថភាព​ជាក់ស្តែង​។ ក្នុងន័យនេះ យើង​ចាំបាច់​ត្រូវ​មាន​បេសកកម្ម​ស្វែងរក​ការពិត​ជា​អន្តរជាតិ និង​ជា​បន្ទាន់​។ “​ខ្ញុំ​ពិតជា​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ថា ការ​បន្ត​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ នឹង​បណ្តាលឱ្យ​បាត់បង់​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ការផ្ទុះ​ឡើងវិញ​នៃ​ជម្លោះ​ប្រដាប់អាវុធ ដែល​នឹង​បង្ក​ផលវិបាក​ដល់​ប្រជាជាតិ​ទាំងពីរ​”​។​

​ជាមួយគ្នានេះ សម្តេច​ក៏​បាន​អំពាវនាវ បញ្ឈប់​ការប្រើប្រាស់​កម្លាំង​យោធា ដើម្បី​បោះបង្គោល​ព្រំដែន​ជា​ឯកតោភាគី ហើយ​ទុក​ភារកិច្ច​ស្របច្បាប់​ឱ្យ​គណៈកម្មការ​ព្រំដែន​ចម្រុះ​(JBC) បន្ត​ការងារ​របស់​ខ្លួន តាម​មធ្យោបាយ​សន្តិវិធី ផ្អែក​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ​។ សម្តេច​បាន​បញ្ជាក់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ធ្លាប់​បាន​សម្រេចសេចក្តី​លើ​ករណី​ប្រាសាទព្រះវិហារ ក្នុង​ឆ្នាំ​១៩៦២ និង​តំបន់​ជុំវិញ​ប្រាសាទ​ក្នុង​ឆ្នាំ​២០១៣ ដែល​ជា​មូលដ្ឋាន​គតិយុត្ត​ដ៏​សំខាន់​សម្រាប់​ភាគី​ទាំងពីរ ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន ដោយ​សន្តិវិធី ជា​ពិសេស​ពាក់ព័ន្ធ​នឹង​តំបន់​ដែល​មិនទាន់​មាន​ការឯកភាព​គ្នា​៕​

Leave a Reply

Your email address will not be published. Required fields are marked *