សម្តេច ហ៊ុន សែន អបអរសាទរ​ខួប​៣២​ឆ្នាំ នៃ​ទិវា​ប្រកាស​ឲ្យប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ​(Constitution Day)

នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ គឺជា​ខួប​ទី​៣២​ឆ្នាំ ដែល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (២៤ កញ្ញា ឆ្នាំ​១៩៩៣-២៤ កញ្ញា ឆ្នាំ​២០២៥)​។​

​ផ្តើមចេញ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ស្តី​ពី​ដំណោះស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ ដែល​បន្ទាប់មក​នៅ​ថ្ងៃ​ទី ២៣-២៨ ខែ​ឧសភា ប្រទេស​យើង​បាន​រៀបចំ​ការបោះឆ្នោត​ជា​លើក​ដំបូង​ក្រោម​ការឧបត្ថម្ភ​គាំពារ​ពី​អង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)​។ ក្រោយ​ពី​ការបោះ ឆ្នោត​រួច​មក រដ្ឋធម្មនុញ្ញ​ជាតិ ក៏​ត្រូវបាន​បង្កើតឡើង​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ឆ្នាំ​១៩៩៣ ផងដែរ​។

​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ នៅក្នុង​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ នៅក្នុង​ព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ អតីត​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ​។

​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា គឺជា​ថ្ងៃ​កំណើត​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែល មកដល់​ឆ្នាំ​២០២៥ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​អាយុ កាល​៣២​ឆ្នាំ​ហើយ​។ រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ច្បាប់ និង​សេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​។​
​រដ្ឋធម្មនុញ្ញ​កម្ពុជា​បានចែង​អំពី​គោលការណ៍ នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពីគ្នា​គឺ
១)​អំណាចនីតិបញ្ញត្តិ
២)​នីតិប្រតិបត្តិ​
៣)​តុលាការ ហើយក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​និង​គោលការណ៍​នីតិរដ្ឋ​ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *