គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិ​កវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​

នា​រសៀល ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​ឯកឧត្តម Adam Smith សមាជិក​សភា​ប្រចាំ​រដ្ឋ Washington រួម​ដំណើរ​ដោយ​ឯកឧត្តម Michael Baumgartner សមាជិក​សភា​ប្រចាំ​រដ្ឋ Washington និង​លោកជំទាវ Chrissy Houlahan សមាជិក​សភា​ប្រចាំ​រដ្ឋ Pennsylvania ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម Adam Smith បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​បវរ​ធិបតី និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ បាន​ចូលជួប​ពិភាក្សា​ការងារ​នាពេលនេះ​។ គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក ព្រមទាំង​បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាពេល​នេះ​មាន​គោលបំណង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។ គណៈប្រតិភូ​សភា​អាមេរិក​ក៏​បាន​កោតសរសើរ​ចំពោះ​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​សភា​អាមេរិក​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​។ សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ជាច្រើន ក៏ដូចជា​ការភ្ជាប់​ទំនាក់​ទំនង​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​។

​នៅក្នុង​ជំនួប​នោះ​ដែរ​, សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​សភា​អាមេរិក ក៏​បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​គ្នា ដើម្បី​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួម​មាន​ជាអាទិ៍​៖ សេដ្ឋកិច្ច​, វិនិយោគ​, ការពារជាតិ​, សន្តិសុខ និង​អប់រំ ជា​ដេ​ី​ម​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​, សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Donald J. Trump ដែល​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ បាន​ឆាប់រហ័ស ដែល​បាន​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ជាច្រើន និង​បាន​ជម្រាប​ជូន​គណៈប្រតិភូ​សភា​អាមេរិក​អំពី​បច្ចុប្បន្នភាព​ស្តីពី​ការវិវឌ្ឍ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ដោយ​សន្តិវិធី​, ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី​, អនុសញ្ញា​, និង សន្ធិសញ្ញា ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ​។​

Leave a Reply

Your email address will not be published. Required fields are marked *