សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​យោធា​ថៃ​បាន​បាញ់ប្រហារ​មុន​មកលើ​ទីតាំង​កងកម្លាំង​កម្ពុជា នៅ​តំបន់​អាន​សេះ ស្ថិតក្នុង​ភូមិ​អានសេះ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន ជម្រាប​ជូន​ដល់​សាធារណជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា​៖ បន្ទាប់​ពី​យោធា​ថៃ​បាន​ចាប់ផ្តើម​ធ្វើ​ការបាញ់​ប្រហារ​មុន​មកលើ​ទីតាំង​កងកម្លាំង​កម្ពុជា នៅ​តំបន់​អាន​សេះ ស្ថិតក្នុង​ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នា​វេលា​ប្រមាណ​ម៉ោង ១១:៥២​នាទី​ព្រឹក រហូតដល់​ម៉ោង ១២:៤៦​នាទី​រសៀល មាន​ចំនួន ២​លើក​៖
– លើក​ទី​១ ចាប់​បាញ់ប្រហារ នៅ​ម៉ោង ១១:៥២​នាទី ដល់​ម៉ោង ១២:២២​នាទី​
– លើក​ទី​២ ចាប់​បាញ់ប្រហារ នៅ​ម៉ោង ១២:២៥​នាទី ដល់​ម៉ោង ១២:៤៦​នាទី​

​នៅក្នុង​ហេតុការណ៍​ដែល​យោធា​ថៃ​បាន​បង្ក​ខាងលើ កងកម្លាំង​របស់​កម្ពុ​ជា មិន​បាន​តបត​ឡើយ គឺ​បាន​ប្រកាន់​នូវ​គោលការណ៍​អត់ធ្មត់​កម្រិត​ខ្ពស់ និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ដែល​ចូល​ជា​ធរមាន​នៅ​ម៉ោង ២៤:០០ (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ឱ្យបាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​។ កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដែល​សម្រេចបាន​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ពូ​ត្រា​ចៃ​យ៉ា ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ផ្ទាល់​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក​នាយករដ្ឋមន្ត្រី អាន់​វ៉ា អ៊ីប្រាហ៊ីម និង​ការចូលរួម​យ៉ាង​សកម្ម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រហូត​មកដល់​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ មាន​រយៈពេល ៦០​ថ្ងៃ​ហើយ​។

​ក្រសួង​ការពារជាតិ សូម​គូសបញ្ជាក់ថា ការវិវត្តន៍​នៃ​ស្ថានការណ៍​នៅ​ជួរមុខ ចាប់តាំងពី​ម៉ោង ១២:៤៦ នាទី​រសៀល មក​ដល់​ម៉ោង ១៨:៣០​នា​ទីនេះ តាម​ការ​ផ្តល់​ស្ថានភាព​មាន​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ បន្ទាប់​ពី​ខាង​យោធា​ថៃ​បាន​
​បញ្ឈប់​ការបាញ់​កាំភ្លើងត្បាល់ និង​កាំភ្លើង​ដៃ​ជា​ច្រើន​គ្រាប់​មក​លើ​ទីតាំង​ឈរជើង​របស់​កម្ពុជា និង​បាន​បង្ក​ឱ្យ​ខូចខាត​សំណង់​មួយ​ចំនួន​។ ជាមួយគ្នានេះ កងកម្លាំង​របស់​យើង​បាន​នឹង​បន្ត​តាមដាន​សភាពការណ៍ ដោយ​ប្រុងប្រយ័ត្ន​លើ​ការវិវត្តន៍​នេះ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​បំផុត និង​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ឱ្យខាងតែបាន​។​

​កងកម្លាំង​របស់​កម្ពុ​ជា សូម​បញ្ជាក់​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការគោរព និង​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ឱ្យបាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត ដោយ​បន្ត​សហការ​គ្នា​ឱ្យបាន​ជិតស្និទ្ធ​នៅ​គ្រប់​កម្រិត និង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការវិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើង​វិញ​ឱ្យ​បាន​ឆាប់រហ័ស និង​អំពាវនាវ​ឱ្យ​ភាគី​ថៃ​អនុវត្ត និង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​ដូចគ្នា ដោយ​ស្មារតី​ស្ថាបនា និង​ស្មោះត្រង់​៕

Leave a Reply

Your email address will not be published. Required fields are marked *