សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដឹកនាំ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស សមាគម​អតីតយុទ្ធជន​កម្ពុជា​

(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ មហាសន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ទូទាំង​ប្រទេស​។​

​សមាគម​អតីតយុទ្ធជន​កម្ពុជា ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើតឡើង​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន និង​បាន​បើក​មហាសន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ទូទាំង​ប្រទេស​លើក​ទី​១ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០០៧ ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ពុំ​ធ្លាប់​មាន​នៅ​កម្ពុជា ធ្វើឲ្យ​សាធារណ​មតិ​ជាតិ អន្តរជាតិ និង​អតីតយុទ្ធជន​ទូទាំង​ប្រទេស​អបអរសាទ​រ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេជោ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​ប្រាំ ហ៊ុន សែន ស្ថាបនិក​មគ្គុទ្ទេសក៍​ឯ​ក បិតា​សន្តិភាព​នៃ​កម្ពុជា គឺជា​វរជន​ឆ្នើម ដែល​បាន​លះបង់​គ្រប់បែបយ៉ាង និង​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន ដើម្បី​បុព្វហេតុ​ប្រទេសជាតិ និង​ប្រជាជន បាន​រួមចំណែក​ដឹកនាំ​ចលនា​តស៊ូ​រំដោះជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រហូត​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។​

​តាមរយៈ​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដោយ​បាន​ពន្លត់​ភ្លើងសង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ ១៩៩៨ បាន​នាំមក​នូវ​ពន្លឺ​សន្តិភាព​ក្រាល​គ្រប​លើ​ដែន​សុវណ្ណ​ភូមិ ប្រជាជន​រស់នៅ​ដោយ​សុខ​សុវត្ថិភាព​ពេញបរិបូរណ៍ ទទួល​បាន​ឯកភាព​ទឹកដី កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អតីតយុទ្ធជន​ក្នុង​ជម្លោះ​បានធ្វើ​សមាហរណកម្ម​មក​រួម​រស់​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែមួយ​។​

​អតីតយុទ្ធជន ជា​វីរជន​មាន​គុណបំណាច់​ខ្ពស់​ចំពោះ​ជាតិ និង​ប្រជាជន តាមរយៈ​ការរួមចំណែក​ក្នុង​ចលនា​តស៊ូ​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ក្លាហាន​ប្រយុទ្ធ​ត​ទល់​នឹង​ខ្មាំងសត្រូវ និង​បាន​ចូលរួម​ស្វែងរក​សន្តិភាព កសាង​ជាតិ និង​ការពារ​បូរណភាព​ទឹកដី​ប្រឆាំង​អំពើ​ឈ្លានពាន​ពី​បរទេស​។​

​តាមរយៈ​គុណបំណាច់​ដ៏​ធំធេង​នេះ រាជរដ្ឋាភិបាល និង​សង្គមជាតិ បាន​យកចិត្តទុកដាក់​ផ្តល់​កិត្តិយស ផ្តល់​របប​គោលនយោបាយ​សមស្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ ព្រមទាំង​ជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី និង​សម្ភារៈ​។​

​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ចកាល​តែងតែ​ចាត់ទុក​ស្មារតី​នៃ​ការតស៊ូ​ដ៏​អង់អាច​ក្លាហាន និង​ពលិកម្ម​ដ៏​ស្មោះស្ម័គ្រ​របស់​អតីតយុទ្ធជន​កម្ពុជា​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ជា​គំរូ​វីរភាព​ស្នេហា​ជាតិ​ដ៏​ឧត្តុង្គឧត្តម និង​ជា​គុណបំណាច់​ដ៏​ធំធេង​ដែល​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​។​

​ដើម្បី​រំឭក​អំពី​វីរភាព និង​ផ្តល់​កិត្តិយស​ឱ្យ​សក្តិសម​នឹង​គុណ​បំណាច់​របស់​អតីតយុទ្ធជន​ចំពោះ​ជាតិ​និង ប្រជាជន រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​លេខ​៣១ សសរ ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០០៧ ស្តីពី​ការកំណត់ ទិវា​អតីតយុទ្ធជន​កម្ពុជា ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែមិថុនា រៀងរាល់ឆ្នាំ ជា​ទិវា​អតីតយុទ្ធជន​កម្ពុជា​។​

​ក្រៅ​ពី​ការ​រំឭក​ដល់​វីរភាព និង​គុណ​បំណាច់​របស់​អតីតយុទ្ធជន ទិវា​នេះ​ក៏​មាន​គោលបំណង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន ទូទាំងប្រទេស​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​អំពី​អតីតយុទ្ធជន​ដើម្បី​បំផុស​ចលនា​គាំទ្រ​អតីតយុទ្ធជន លើកកម្ពស់​តួនាទី​របស់​អតីតយុទ្ធជន​ក្នុងសង្គម និង​ជំរុញ​ស្មារតី​ស្នេហា​ជាតិ​ក្នុង​ស្រទាប់​ប្រជាជន កងកម្លាំង​ប្រដាប់ អាវុធ ជាពិសេស​ស្រទាប់​យុវជន​ដើម្បី​ប្រែក្លាយ​យុវជន​ឱ្យ​សក្តិសម​ជា​សសរទ្រូង​និង​ជា​អ្នក​បន្តវេន​ប្រកបដោយ ឧត្តមគតិ មោះមុត រឹងមាំ និង​សេចក្តីថ្លៃថ្នូរ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេជោ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​ប្រាំ ហ៊ុន សែន ជា​ស្ថាបនិក​ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​សមាគម​អតីតយុទ្ធជន​កម្ពុជា ហើយ​សម្ដេច​ក៏​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ពេញ​មួយជីវិត ដើម្បី​ជា​ម្លប់ និង​ដឹកនាំ​សមាគម​ដើម្បី​លើកស្ទួយ​ជីវភាព បង្កើត​ស្មារតី​សាមគ្គីភាព ភាតរភាព មនសិការ ជួយ​ឧបត្ថម្ភ​គ្នា​ទៅវិញទៅមក ក្នុង​ការលើកកម្ពស់​តួនាទី និង​តម្លៃ​របស់​អតីតយុទ្ធជន​កម្ពុជា ឱ្យ​សក្តិសម​ទៅ​នឹង​គុណបំណាច់​ដ៏​ធំធេង​ចំពោះ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *