ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥-ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានលើកឡើងថាការងារនៅប្រទេសយើងគឺមានច្រើនណាស់ បងប្អូនអាចចូលធ្វើដោយគ្មានហានិភ័យនិងគ្មានការរើសអើងដូចធ្វើនៅក្រៅប្រទេសនោះទេ។ការលើកឡើងដូច្នេះ គ្រាដែលជួបសំណេះសំណាលជាមួយបងប្អូនអតីតពលករចំណាកស្រុកដែលកំពុងបម្រើការនៅក្នុងរោងចក្រស៊ីគ្លូខេត្តកំពង់ស្ពឺ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ការធ្វើការងារនៅក្នុងស្រុកមានហានិភ័យទាប និងមិនប្រឈមនឹងការរើសអើង ប្រមាថ ធ្វើទុក្ខបុកម្នេញនានាពីសំណាក់ក្រុមជ្រុលនិយមថៃនោះទេ ព្រោះគ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរឡើយ។ក្រុមជ្រុលនិយមថៃមួយចំនួនបានវាយធ្វើបាប និងប្រមាថមកលើពលករខ្មែរ ក្រោយមានបញ្ហាព្រំដែន។ដោយហេតុនេះបានធ្វើឱ្យបងប្អូនពលករយើងសម្រេចចិត្តចាកចេញនិងវិលមកកាន់មាតុប្រទេសវិញ។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជាកាលពី២០ឆ្នាំមុននោះទេ បើនិយាយពីប្រាក់ឈ្នួល គឺមានការកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងអត្តប្រយោជន៍ផ្សេងៗជាច្រើនទៀត ខណៈដែលការងារនៅជិតផ្ទះ មានភាពកក់ក្តៅជាងការងារនៅឆ្ងាយពីក្រុមគ្រួសារ។ហើយចំពោះវត្តមាននៃការវិលត្រឡប់មកវិញរបស់ពលករខ្មែរ រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្ត ក្រុងបានយកចិត្តទុកដាក់និងសម្របសម្រួលគ្រប់បែបយ៉ាងធ្វើយ៉ាងឱ្យបងប្អូនទទួលបានការងារដោយមិនចាំបាច់វិលត្រឡប់ទៅវិញ ដែលអាចប្រឈមនូវហានិភ័យ និងការមើលងាយពីពួកក្រុមជ្រុលនិយមថៃទៀតនោះទេ។យ៉ាងណាម៉ិញចំពោះប្រាក់ឈ្នួលនាពេលបច្ចុប្បន្នក៏មិនចាញ់ប្រទេសថៃនោះដែរ ហើយកាន់តែពិសេសគឺមួយខែបងប្អូនអាចបើកបានរហូតដល់ទៅ២ដង។ហើយទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានជម្រុញឱ្យអាជ្ញាធរនិងមន្ទីរជំនាញជួយសម្របសម្រួលរាល់ឯកសារផ្សេងៗដល់បងប្អូនដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្នាក់នៅនិងរកការងារធ្វើ។
នៅក្នុងជំនួបសំណេះសំណាលនោះ តំណាងពលករបានលើកឡើងថា ពួកគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជាង១០ឆ្នាំ ខ្លះក៏ធ្វើនៅតាមហាងលក់បាយ ខ្លះនៅតាមរោងចក្រផ្សេងៗ។ក្រោយព្រឹត្តិការណ៍ព្រំដែន ពួកគាត់ត្រូវបានផ្អាកការងារតែថៅកែរោងចក្រនិងហាងមិនឱ្យវិលត្រឡប់មកមាតុប្រទេសវិញទេ ដោយគេអះអាងថានិងឱ្យចូលធ្វើការវិញបន្ទាប់ពីសភាពការណ៍ព្រំដែនដោះស្រាយរួចរាល់។
ក្នុងដំណាក់កាលនោះ ពួកគាត់ត្រូវពួនសំងំនៅក្នុងបន្ទប់មិនអាចដើរហើរសេរីនោះទេព្រោះខ្លាចមានការវាយធ្វើបាបពីសំណាក់ក្រុមជាតិនិយមថៃ។ដោយស្ថានភាពប្រទេសជាតិកាន់តែតានតឹង ពួកគាត់បានសម្រេចចិត្តវិលត្រឡប់មកមាតុប្រទេសវិញ ហើយស្របពេលដែលថ្នាក់ដឹកនាំប្រទេសប្រកាសប្រាប់ថា នៅក្នុងប្រទេសមានការងារសម្រាប់ពួកគាត់។ពេលមកដល់គឺមិនខ្វះមែន ហើយប្រាក់បៀរវត្សរ៍ក៏បានថ្លៃនិងបើកក្នុងមួយខែ២ដងទៀតផង ដែលអាចជួយដោះស្រាយដល់ជីវភាពបានយ៉ាងល្អប្រសើរ ដូច្នេះពួកគាត់សន្យាមិនវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតទេ ៕ (រដ្ឋបាលខេត្តកំពង់ស្ពឺ)