​ឯកឧត្តម ប៉ែន បូ​ណា​៖ គ្មាន​អ្វី​អាច​យកឈ្នះ​លើ​បញ្ញាញាណ និង​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​បាន​ឡើយ​!

​រយៈពេល​ចុងក្រោយ​នេះ មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ប្រឌិត បំផ្លើស​បំភ្លៃ​ជាច្រើន​ដែល​បម្រើឱ្យ​សង្គ្រាមចិត្តសាស្ត្រ​របស់​ភាគី​អមិត្ត​ដែល​ចង់​បំផ្លាញ​កម្ពុជា​ក្នុង​គោលដៅ​បំបែកបំបាក់​សាមគ្គីភាព​ក្នុងចំណោម​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ខែល​ដ៏​រឹងមាំ​ដើម្បី​ការពារជាតិ​។​

​ព័ត៌មាន​ដែល​មាន​ចរិត​ញុះញង់​និង​បំបែកបំបាក់​ទាំងនោះ​ធ្វើឡើង​ក្រោម​រូបភាព​ច្រើន​យ៉ាង​ដូចជា​៖
​ទី​១៖ ការបង្កើត​គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ​ដោយ​ដាក់​ឈ្មោះ​ខ្មែរ និង​សរសេរ​ភាសា​ខ្មែរ ប៉ុន្តែ ម្ចាស់​គណនី​ទាំងនោះ​មិនមែន​ជា​ខ្មែរ​ទេ​។​
​ទី​២៖ ការប្រើប្រាស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ផ្លូវការ​ជា​ឧបករណ៍​បម្រើ​សង្គ្រាមចិត្តសាស្ត្រ​ដោយ​ចំហ​តាមរយៈ​ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ដើម្បី​បង្ក​ការឈឺចាប់ បំបាក់​ទឹកចិត្ត ក្នុង​គោលបំណង​បំបែក​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ កងទ័ព និង​រាជរដ្ឋាភិបាល​។​
​ទី​៣៖ ការប្រើប្រាស់​ខ្មែរ​មួយចំនួន​ដែល​រស់​នៅ​ក្រៅ​ប្រទេស​និង​ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​អ្នកប្រឆាំង​ផ្កាប់មុខ ប្រឆាំង​មិន​ស្គាល់​កាលៈទេសៈ និង​ហ៊ាន​ប្រឆាំង​ទាំង​ប្រយោជន៍​ជាតិ​ខ្លួនឯង ដើម្បី​ជា​ឧបករណ៍​បំពង​សំឡេង​សង្គ្រាមចិត្តសាស្ត្រ​របស់​ពួកគេ​។​

​ប៉ុន្តែ អ្វី​ជា​ការកត់សម្គាល់​ប្រកប​ដោយ​មោទនភាព​យ៉ា​ក្រៃ​លែង​នោះ​គឺ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស មិន​ត្រឹមតែ​មិន​ធ្លាក់​ក្នុង​អន្ទាក់​របស់គេ​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ថែមទាំង​បាន​វាយបក​វិញ​យ៉ាង​សកម្ម​និង​យ៉ាង​សមស្រប​និង​ទាន់​ពេលវេលា​ដែល​ធ្វើឱ្យ​សង្គ្រាមចិត្តសាស្ត្រ​ទាំងនោះ​សាបរលាប​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។​

​សូម​បងប្អូន​កត់ចំណាំ​ថា ក្នុង​កាលៈទេសៈ​បែបនេះ អ្នក​ស្រឡាញ់​ជាតិ​ពិតប្រាកដ បាននិងកំពុង​ស្រា​ក់ដៃ​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​រាជរដ្ឋាភិបាល​និង​កងទ័ព​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ក្នុងនាម​ជា​ខ្មែរ​ដែល​ត្រូវ​ឈរ​ការពារ​ផលប្រយោជន៍​ខ្មែរ​ទោះជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។

​ខ្មែរ​ស្នេហា​ជាតិ​មិន​ឆ្លៀត​បំបែកបំបាក់​ខ្មែរ​គ្នា​ឯង​នៅ​ក្នុង​កាលៈទេសៈ​បែបនេះ​ឡើយ​។ សកម្មភាព​ដែល​ប្រជាពលរដ្ឋ​យើង​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​និង​កំពុង​បន្ត​ធ្វើ​គឺ​ជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ជាតិ​ពិតប្រាកដ និង​បង្កើតបាន​ជា​មោទនភាព​ដ៏​ធំធេង​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។​

​សូម​ជនរួមជាតិ​ខ្មែរ​បន្ត​ថែរក្សា​កម្លាំង​មហា​សាមគ្គី​ជាតិ​នេះ​ឱ្យបាន​ស្ថិរស្ថេរ​ជា​រៀងរហូត និង​បន្ត​ជឿជាក់​លើ​រាជរដ្ឋាភិបាល លើ​កងទ័ព​និង​កងកម្លាំង​គ្រប់​ប្រភេទ ជាពិសេស​លើ​ថ្នាក់ដឹកនាំ​ដែល​ដឹង​យ៉ាងច្បាស់​ថា តើ​កាលៈទេសៈ​ណា​ត្រូវ​ប្រើ​វិធីសាស្ត្រ​អ្វី​ដើម្បី​ការពារ​សុខសន្តិភាព​និង​បូរណភាព​ទឹកដី​។ គ្មាន​អ្វី​អាច​យកឈ្នះ​លើ​បញ្ញាញាណ និង​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​បាន​ឡើយ​៕
#​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល #rusg #​ប៉ែន​បូ​ណា #penbona #​សន្តិភាព​នៅ​កម្ពុជា #peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *