សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម​បណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រី​នៃ​កុំ​មិនវែល​ដូ​មីនីក (Commonwealth of Dominica) ចូលជួប​សម្តែង​ការគួរសម​

​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៥ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ ឯកឧត្តម​បណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រី​នៃ​កុំ​មិនវែល​ដូ​មីនីក (Commonwealth of Dominica) ចូលជួប​សម្តែង​ការគួរសម​។

​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅក្នុង​ជំនួប​នេះ សម្តេច​តេជោ​បានសម្តែង​នូវ​ការស្វាគមន៍​ចំពោះឯ​ក​ឧត្តម​នាយករដ្ឋមន្ត្រី​នៃ​កុំ​មិនវែល​ដូ​មីនីក និង​សហការី​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេជោ​បានចាត់ទុ​ក​វត្តមាន​ឯកឧត្តម​នាយករដ្ឋមន្ត្រី​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឱកាស​នេះ គឺជា​ច្រក​ដ៏​សំខាន់​ក្នុង​ការពង្រីក​ទំនាក់ទំនង រវាង​កម្ពុជា និង​កុំ​មិនវែល​ដូ​មីនីក ដើម្បី​ឲ្យមាន​ភាព​រីកចម្រើន​បន្ថែមទៀត រវាង​ប្រទេស​ទាំង​ពីរ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​ឯកឧត្តម​បាន​ជួប​សម្តែង​ការគួរសម​នៅ​ពេល​នេះ​។ ឯកឧត្តម​បាន​លើកឡើង​ថា កាល​ពេល​ឯកឧត្តម​នៅ​ជា​និស្សិត ឯកឧត្តម​បាន​សិក្សា​អំពី​ប្រវត្តិ​របស់​សម្តេច​តេជោ ដែល​បាន​តស៊ូ​ជាច្រើន​ក្នុងការ រំដោះ​ប្រទេស​កម្ពុជា ក៏​ដូចជា​ការដឹកនាំ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​។
​ឯកឧត្តម​បាន​កោតសរសើរ​សម្តេច​តេជោ​យ៉ាងខ្លាំង ចំពោះ​ភាព​ជា​អ្នកដឹកនាំ ដែល​ឯកឧត្តម​បាន​ហៅ​សម្តេច​តេ​ជោថា ជា​ស្ថាបត្យករ​របស់​កម្ពុជា ដែល​នាំ​កម្ពុជា​ឲ្យមាន​សន្តិភាព និង​មាន​ភាព​រីកចម្រើន ។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ បាន​អរគុណ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ដែល​បាន​ចាប់អារម្មណ៍​ពី​ប្រវត្តិ​របស់​សម្ដេច​។ សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍រៀ​បរាប់​បន្ថែ​ម​អំពី​ការតស៊ូ​របស់​សម្ដេច ក្នុង​បុព្វហេតុ​នៃ​ការ​រំដោះ​ប្រទេស​ជាតិ តាំង​ពី​ការ​រំដោះប្រទេស​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការនាំ​ប្រទេសជាតិ​មក​រក​សុខ​សន្តិភាព ឯកភាព​ទឹកដី ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​នៅ​ចុងឆ្នាំ​១៩៩៨​។

​សម្តេច​តេជោ​ក៏បានចែករំលែក​ជាច្រើន​ទៀត​ទាក់ទង​ទៅ​នឹង​បទពិសោ​ធ​ទាំងអស់នោះ​ក្នុង​ការស្វែងរក​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​។

​ក្នុងឱកាស​នោះ សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​លើក​ឡើង​អំពី​ស្ថានភាព​ព្រំដែន កម្ពុជា​-​ថៃ ដោយ​សម្តេច​តេ​ជោបាន​ពន្យល់​អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នា​ពេល​កន្លងទៅ​នេះ​។ សម្ដេច​តេជោ​បាន​ជម្រាប​ជូន​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ថា អ្វី​ដែល​កម្ពុជា​ចង់បាន​គឺ​ការរក្សា​នូវ​បទ​ឈប់​បាញ់​មួយ ដោយ​មាន​ប្រសិទ្ធភាព និង​ការបញ្ចប់​នូវ​វិបត្តិ​ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ និង​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ​ដូច​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ពីមុនមក​។

​សម្តេច​តេជោក៏បាន​លើក​ឡើង​អំពី​សក្ដានុពល​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង
​កុំ​មិនវែល​ដូ​មីនីក​។ សម្តេច​តេជោ​បានបញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​ត្រូវតែ​ពង្រីក​នូវ​ចំណងមិត្តភាព តាមរយៈ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយ​គ្នា​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ដើម្បីឲ្យ​ទំនាក់ទំនងរ​ដ្ឋ ក៏ដូចជា​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពល្អប្រសើរ ភាគី​ទាំងពីរ​គួរតែមាន​កិច្ចសហប្រតិបត្តិកា​ររ​វាង​គណបក្សនយោបាយ​ឱ្យមាន​ភាព​ស្អិតរ​មួ​ត​នឹង​គ្នា ដើម្បី​ជា​កត្តា​ជំរុញ​ដល់​វិស័យ​ផ្សេងៗ​ទៀត​។

​ឯកឧត្តម​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ចែករំលែក​នូវ​បទពិសោធន៍​យ៉ាង​ពិស្តារ ជាពិសេស​ការតស៊ូ ការរំដោះ​ប្រទេសជាតិ និង​ការស្វែងរក​សន្តិភាព ដោយ​ឯកឧត្តម​បានចាត់ទុក​សម្តេច​តេជោជា វចនានុក្រម​អត្ថាធិប្បាយ​មួយ​របស់​ពិភពលោក ហើយ​ជា​មេដឹកនាំ​មួយ​ដែល​ធ្វើឲ្យ​កម្ពុជា​មាន​សុខសន្តិភាព និង​ជា​ផ្នែក​មួយ​ធ្វើឲ្យ​ពិភពលោក​មាន​សុខ​សន្តិភាព​ផង​ដែរ​។ ឯកឧត្តម​បាន​ចាត់ទុក​សម្តេច​តេជោ គឺ​ជា​មេដឹកនាំ​ដែល​បាន​ចូលរួមចំណែក នៅក្នុង​ការដោះស្រាយ​បញ្ហា​ពិភពលោក​ជា​ច្រើន​ក្នុងពេលដែល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី​។ ឯកឧត្តម​ផ្ទាល់ និង​សហការី ពិតជា​មាន​កិត្តិយស​ណាស់​ដែល​ពេល​នេះ​បាន​ស្ដាប់​នូវ​ការចែករំលែក​បទពិសោធ​ន៍​របស់​សម្តេច​តេជោ ដែល​ប្រកបដោយ​គតិបណ្ឌិត និង​ជា​មេរៀន​ដ៏​សំខាន់​សម្រាប់​ឯកឧត្តម​ផងដែររ​។

​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ឯកឧត្តម​បាន​បង្ហាញ​អំពី​ការគាំទ្រ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហើយ​សង្ឃឹម​ថា​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នឹង​អាច​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់ៗ និង​វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ​។ នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ក៏​បាន​ទទួលយក​នូវ​សំណើ​របស់​សម្តេច​តេជោ​ក្នុង​ការជំរុញ​ឲ្យមាន​កិច្ច​សហប្រតិបត្តិការ រវាង​គណបក្ស និង​គណបក្ស​នៃ​ប្រទេស​ទាំង​ពីរ ដែល​ឯកឧត្តម​នឹង​ធ្វើ​កិច្ច​ការងារ​នេះ ព្រមទាំង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *