ឧបនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​គូសបញ្ជាក់​ការបន្ត​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

នា​ព្រឹក ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​តំបន់ នៃ​ប្រទេស​ម៉ាឡេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន នៅ​កម្ពុជា រួមទាំង អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​។ ឯកឧត្តម​បាន​បង្ហាញ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ម៉ាឡេស៊ី និង​កម្ពុជា និង​បាន​គូសបញ្ជាក់​ការបន្ត​គាំទ្រ​របស់​ម៉ាឡេស៊ី​ក្នុង​ការពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន រួមមាន​៖ វិស័យ​ពាណិជ្ជកម្ម​, សេដ្ឋកិច្ច និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្ដីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​លើក​ទី​១៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ​។ សម្ដេច​បវរ​ធិបតី​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ម៉ាឡេស៊ី​។​

​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​ក្នុង​ការជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​សំខាន់ៗ មាន​ជាអាទិ៍​៖ ឧស្សាហកម្ម​ហា​ឡាល់ ដើម្បី​បម្រើ​ដល់​តម្រូវការ​នៃ​ប្រជាជន​មូស្លីម និង​ប្រជាជន​ទូទៅ​; វិស័យ​ទេសចរណ៍ រួមទាំង ទេសចរណ៍​វេជ្ជសាស្ត្រ​; ការអប់រំ និង​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET), កសិកម្ម​, ហិរញ្ញវត្ថុ និង​ធនាគារ ជាដើម​។ សម្តេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ស្ថានទូត​ម៉ាឡេស៊ី នៅ​ភ្នំពេញ បន្ត​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​កម្ពុជា ដើម្បី​សម្រេច​គម្រោង​កិច្ចសហប្រតិបត្តិការ​ខាងលើ​។

​ក្នុងឱកាស​ខាងលើ សម្តេច​បវរ​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ព្រមទាំង ថ្លែងអំណរគុណ​ជូន​ចំពោះ​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ដែល​បាន​ដើរតួនាទី​យ៉ាង​សកម្ម​ក្នុង​ការសម្របសម្រួល​កា​រ​តាមដាន​ការអនុវត្ត​បទ​ឈប់​បាញ់ ក៏​ដូចជា​ជូន​ចំពោះ​ប្រធាន​ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) នៅ​កម្ពុជា ដែល​បាន​ចុះ​តាមដាន​ការអនុវត្ត​បទ​ឈប់​បាញ់ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *