សម្តេច​តេជោ ហ៊ុន សែន​៖ កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​-​ថៃ ជា​ការប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ «​ស្ងាត់​តែ​មិន​ស្ងៀម​» របស់ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​

(​ភ្នំពេញ​)៖ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ មានសំណេរក្នុង​បណ្តាញសង្គម សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​-​ថៃ ដែល​ចុះហត្ថលេខា​នៅថ្ងៃនេះ គឺជា​ការប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ «​ស្ងាត់​តែ​មិន​ស្ងៀម​» របស់ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​តាម​បណ្តាញ​សង្គម សម្តេច​បាន​កោតសរសើ​រ​ចំពោះ​យុទ្ធសាស្ត្រ​សម្តេច​ធិបតី ដោយ​លើកឡើង​ដូច្នេះ​ថា​៖ «​នេះ​ជា​ការប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ (​ស្ងាត់​តែ​មិន​ស្ងៀម​) របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​-​ថៃ ក្រោម​ការជួយ​រៀបចំ​របស់រប​ស់នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន និង​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ​»​។​

​សម្តេច​តេជោ បាន​បន្តទៀតថា «​ការរក្សា​ឲ្យបាន​នូវ​សន្តិភាព​ទាំង​នៅ​ផ្ទៃ​ក្នុង​ប្រទេស​ទាំង​ជាមួយ​ប្រទេស​ជិតខាង គឺជា​អាទិភាព​កំពូល​របស់​យើង​»​។​

​​នាពេលកន្លងមក ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នា​ពេល​កន្លង​ទៅ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​ស្ងាត់​តែ​មិន​បាន​នៅ​ស្ងៀម​នោះទេ​។ រាជរដ្ឋាភិបាល បាន​គិត​គ្រប់​មុខ​ព្រួញ​ទាំងអស់​ដើម្បី​ដោះស្រាយ ទាំង​កងទ័ព ជនភៀសសឹក អ្នក​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ និង​មាន​គោលដៅ​សំខាន់​គឺ​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និង​ការស្តារ​ឡើង​វិញ​នូវ​បរិស្ថាន​ដែល​អាច​ឱ្យ​ប្រជាជន​រស់នៅ​បាន​ល្អប្រសើ​រ​ឡើងវិញ​ ។

​សូមបញ្ជាក់ថា ៖ កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ ត្រូវបាន​ចុះហត្ថលេខា​នៅ​ទី​ក្រុងកូឡា​ឡាំ​ពួ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​តុលា​នេះ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី​ថៃ ដោយ​មាន​ការចូលរួម​ធ្វើ​ជា​សាក្សី​ពី លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ជា​សាក្សី​ ៕

Leave a Reply

Your email address will not be published. Required fields are marked *