កម្ពុជា​-​សហរដ្ឋអាមេរិក បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​

នា​ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ គណៈប្រតិភូ​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ ឯកឧត្តម Michael George DeSombre ឧបការី​រដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី និង​គណៈប្រតិភូ​សហរដ្ឋអាមេរិក បាន​ពិភាក្សា​គ្នា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង កម្ពុជា​-​សហរដ្ឋអាមេរិក ឱ្យ​កាន់តែ​ស៊ីជម្រៅ នៅក្នុង​វិស័យ​គន្លឹះ ជាពិសេស វិនិយោគ និង​ពាណិជ្ជកម្ម បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ ឯកឧត្តម​ឧបការី​ក៏​បាន​ពិភាក្សា​ជាមួយ​សម្ដេច​បវរ​ធិបតី អំពី​ការតាមដាន​ការអនុវត្ត​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដែល​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ដោយ​មាន​ការចូលរួម​ធ្វើ​ជា​សាក្សី ពី ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដម​នាយករដ្ឋមន្ត្រី Anwar Ibrahim នៃ​ប្រទេស​ម៉ាឡេស៊ី​។ ជាមួយគ្នា​នោះ​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា កម្ពុជា​ប្ដេជ្ញា​អនុវត្តតាម​សេចក្ដីថ្លែងការណ៍​រួម​នេះ ដោយ​ពិតប្រាកដ និង​ដោយ​ស្មោះត្រង់ ក្នុង​បំណង​ធ្វើយ៉ាងណា​ធានា​បាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព រវាង​កម្ពុជា​-​ថៃ និង​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​ដែល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​, សម្ដេច​បវរ​ធិបតី​ក៏​បាន​បញ្ជាក់​ជូន​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​អំពី​ការវាយតម្លៃ​ខ្ពស់ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សហរដ្ឋ​អា​មរិក ជាពិសេស ឯកឧត្តម​ប្រធានាធិបតី Donald J. Trump ដែល​ខិតខំ​ស្វះស្វែង​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា និង​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ ជាមួយនឹង​ការពេញចិត្ត និង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Donald J. Trump, កម្ពុជា បាន​គាំទ្រ​បេក្ខភាព​ឯកឧត្តម​ប្រធានាធិបតី សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​៕

Leave a Reply

Your email address will not be published. Required fields are marked *