
ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។
បើតាមឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះមានទម្រង់ទិញទំនិញតាមប្រព័ន្ធអនឡាញ ទម្រង់វិនិយោគ និងមួយចំនួនទៀត ជាការបន្លំខ្លួនធ្វើជាមិត្តភក្តិក្នុងបណ្ដាញសង្គម ឬធ្វើជាសហការី ខណៈទម្រង់ផ្សេងទៀត ក៏អាចកើតចេញពីការលេងហ្គេមតាមប្រព័ន្ធអនឡាញផងដែរ។
ឧត្តមសេនីយ៍ឯក ជា ពៅ បានលើកឧទាហរណ៍ថា”បើករណីហ្គេម នៅពេលអ្នកលេងចាប់ផ្ដើមវក់នឹងហ្គេម ក្រុមឆោក ចាប់ផ្ដើមចុះតម្លៃសម្ភារៈ និងយកសម្ភារៈប្លែកៗមកទាក់ទាញចំណាប់អារម្មណ៍ឱ្យអ្នកហ្គេមទាំងនោះចុចទាញយកមកប្រើប្រាស់ ដោយចំណាយប្រាក់ ហើយក្លាយជាជនរងគ្រោះដោយពុំដឹងខ្លួន”។
លោកបន្ថែមទៀតថា ករណីខ្លះទៀត ជីវភាពប្រជាពលរដ្ឋខ្លះនៅមានកម្រិត ក៏ជាហេតុនាំឱ្យពួកគេខ្ចីលុយតាមប្រព័ន្ធអនឡាញ ឬហៅថាកម្ចីអនឡាញ ដែលកម្ចីទាំងនេះងាយនឹងឱ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់ ពីព្រោះកម្ចីនេះ មិនបានតម្រូវលក្ខខណ្ឌអ្វីទាំងអស់ ប៉ុន្ដែយកការប្រាក់ខ្ពស់ជាងគេ៕
ដោយ កញ្ញា សេង សុខហ៊ុន
