ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ

​នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី និង គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​បវរ​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​របស់​កម្ពុជា ក្នុង​ការសម្របសម្រួល​ដល់​ការបំពេញ​ការងារ​របស់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ា​ន (AOT) ដើម្បី​ចុះ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​នៅ​កម្ពុជា នា​ពេលកន្លងមក​។ ឯកឧត្តម​អគ្គមេបញ្ជាការ​បាន​គូសបញ្ជាក់ថា ជីវិត និង​សន្ដិភាព ពិតជា​មាន​តម្លៃ​ណាស់​។ ក្នុងន័យនេះ​, ​ឯកឧត្តម​បាន​បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម ក្នុង​ការចូលរួមចំណែក​សម្របសម្រួល​ឱ្យ​ទទួលបាន​នូវ​សន្តិភាព​នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ការប្ដេជ្ញាចិត្ត​ក្នុង​ការបំពេញ​ការងារ​ប្រកប​ដោយ​អព្យាក្រឹតភាព ក្នុង​ការសម្របសម្រួល​លើ​កិច្ចការ​នេះ​។

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី និង​គណៈប្រតិភូ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ប្រទេស​ម៉ាឡេស៊ី ជាពិសេស តួនាទី​ដ៏​សំខាន់​របស់​ឯកឧត្ដម​នាយករដ្ឋមន្ត្រី Anwar Ibrahim ដែល​បាន​ចូលរួមចំណែក​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង ការឈាន​ទៅ​សម្រេចបាន​នូវ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក៏ដូចជា​អរគុណ​ដល់​តួនាទី​ដ៏​សកម្ម​របស់ ឯកឧត្តម​អគ្គមេបញ្ជាការ ក្នុង​ការដឹកនាំ និង​សម្របសម្រួល​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន ស្រប​តាម​បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ​, ស្មារតី​នៃ​កិច្ចប្រជុំ​គណ​:​កម្មា​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ និង​ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ​, សម្ដេច​បវរ​ធិបតី បាន​ជម្រាបជូន​ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី អំពី​ស្ថានភាព និង​ការវិវត្ត នៃ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​នេះ​ដោយ​សន្តិវិធី ស្រប​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​-​ថៃ ព្រមទាំង​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង កិច្ចព្រមព្រៀង​ទ្វេភាគី អនុសញ្ញា និង​សន្ធិសញ្ញា​ដែល​មាន​ស្រាប់​។

​ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី បាន​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការខិតខំ​ចូលរួម​ចំណែក​សម្របសម្រួល និង​ធានា​ឱ្យបាន​នូវ​ការអនុវត្ត​តាម​បទ​ឈប់​បាញ់​កម្ពុជា​-​ថៃ​, ស្មារតី​នៃ​កិច្ចប្រជុំ​គណ​:​កម្មា​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ និង​ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ៕

Leave a Reply

Your email address will not be published. Required fields are marked *