សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Xie Chuntao អនុប្រធាន​ប្រតិបត្តិ​សាលា​បក្ស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ចូលជួប​សម្ដែង​ការគួរសម​​

នៅ​វិមាន​៧​មករា នា​រសៀល​ថ្ងៃ​ចន្ទ ៣​កើត ខែ​បុស្ស ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​សាស្ត្រាចារ្យ Xie Chuntao អនុប្រធាន​ប្រតិបត្តិ​សាលា​បក្ស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន (CCPS) និង​ជា​សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​អាណត្តិ​ទី​២០ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ ឯកឧត្តម​សាស្ត្រាចារ្យ Xie Chuntao និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​។ ការអញ្ជើញ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ​មកកាន់​កម្ពុ​ជានៅ​ពេល​នេះ គឺ​តប​តាម​ការអញ្ជើញ​របស់​ស​ម្ដេច​តេជោ ក្នុងពេលដែល​សម្ដេច​បា​ន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០២៤​កន្លងទៅ​។

​សម្ដេច​តេ​ជោបាន​បន្តទៀ​ត​ថា វត្តមាន​របស់​ឯកឧត្តម​សាស្ត្រាចារ្យ Xie Chuntao មក​កាន់​កម្ពុជា​នា​ពេល​នេះ ជា​ឱកាស​នៃ​ការពង្រីក​ទំនាក់ទំនង​បន្ថែមទៀត​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​កម្ពុជា​-​ចិន រួមទាំង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​សាស្ត្រាចារ្យ Xie Chuntao បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ ជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ពេល​នេះ​។ ឯកឧត្តម​បាន​រំលេច​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ចិន ដែល​មាន​ជាមួយគ្នា​នាពេល​បច្ចុប្បន្ន​នេះ ដែលជា​កិច្ច​សហប្រតិបត្តិការ​មួយ​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​ក៏បាន​លើកឡើង​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​បក្ស​និង​បក្ស ដែល​មាន​ជាមួយគ្នា ហើយ​ឯកឧត្តម​សង្ឃឹមថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​សាស្ត្រាចារ្យ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ នឹង​ជា​ការរួមចំណែក​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​គ​ណ​បក្ស​ទាំងពីរ ឲ្យ​កាន់តែ​រីកចម្រើន​។ ឯកឧត្តម​បាន​រំលឹកថា កន្លង​មក​ភាគី​ទាំងពីរ​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការផ្លាស់ប្ដូរ​នូវ​ដំណើរ​ទស្សនកិច្ច​រវាង​មន្ត្រី​គណបក្ស​នៃ​ប្រទេស​ទាំង​ពីរ​ទៅវិញទៅមក រួមទាំង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផង​ដែរ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​និងចិន និង​រវាង​គណបក្ស និង​គណបក្ស កាន់តែ​ជិតស្និទ្ធ​។​

​សម្ដេច​តេជោ​បាន​សម្ដែង​នូវ​ក្តីរីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គណបក្ស​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ជាមួយគ្នា ហើយ​សម្ដេច​តេជោ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ដោយ​ធ្វើយ៉ាងណា​ភាគី​ទាំង​ពីរ​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្ដូរ​ទស្សនៈកិច្ច​មន្ត្រី​ទៅវិញទៅមក និង​ការបណ្តុះបណ្តាល ពង្រឹង​ធនធានមនុស្សរ​វា​ងគ​ណ​បក្ស​នៃ​ប្រទេស​ទាំង​ពីរ​។ ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន បច្ចុប្បន្ន សម្ដេច​តេជោ សង្កត់ធ្ងន់​ថា ប្រទេស​ទាំង​ពីរ​គឺជា​មិត្ត​ដែកថែប ជា​សហគមន៍​វាសនា​រួម​គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី ដែល​ជា​ទំនាក់ទំនង​ដ៏​ជម្រៅ​ជាមួយគ្នា​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​សាស្ត្រ​ចារ្យ Xie Chuntao និង​គណៈប្រតិភូ​ទាំងអស់ ទទួលបាន​ជោគជ័យ ក្នុង​ការបំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *