សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​បងប្អូន​វីរៈ​កងទ័ព​ទាំង​១៨​រូប និង​ក្រុមគ្រួសារ​ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​

នៅ​វិមាន​៧​មករា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​មករា ឆ្នាំ ២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ​បងប្អូន​វីរៈ​កងទ័ព​ទាំង​១៨​រូប និង​ក្រុមគ្រួសារ ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹងថា នៅក្នុង​ជំនួប​សំណេះសំណាល​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​ស្វាគមន៍​ចំពោះ​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​វីរៈ​យុទ្ធជន​របស់​យើង ដែល​បាន​ជួបជុំ​ជាមួយនឹង​ក្រុមគ្រួសារ និង​បាន​មកដល់​ប្រទេស​កំណើត​របស់​ខ្លួន​ឡើងវិញ ។​

​សម្ដេច​តេជោ​លើកឡើងថា សម្តេច​យល់​អំពី​អារម្មណ៍​របស់​វីរ​:​យុទ្ធជន​របស់​យើង ក៏​ដូចជា​ក្រុម​គ្រួសារ​នូវ​ការលំបាក​នៃ​ការព្រាត់ប្រាស់​គ្នា ព្រោះ​សម្ដេច​ផ្ទាល់ ធ្លាប់​បាន​ឆ្លងកាត់​នូវ​បទពិសោធ​នៃ​ការព្រាត់ប្រាស់​គ្រួសារ​កាលពី​ពេល​ដែល​ស​ម្ដេច យក​ជីវិត​ជា​ដើមទុន​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។​

​សម្ដេច​ក៏​បាន​យក​ឱកាស​នេះ អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ជា​និច្ច​ចំពោះ​សុខទុក្ខ​និង​អាយុជីវិត​របស់​វីរៈ​យុទ្ធជន​របស់​យើង ហើយ​រូប​សម្ដេច​ផ្ទាល់ ក៏​បាន​យកចិត្តទុកដាក់ និង​បាន​តាមដាន​ជាប្រចាំ​អំពី​ស្ថានភាព របស់​វីរៈ​យុទ្ធជន​យើង ហើយ​ជាពិសេស​បំផុត​នោះ សម្ដេច​បាន​មានប្រសាសន៍ថា ព្រះមហាក្សត្រ​នៃ​យើង ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ ក៏​ព្រះអង្គ​ទាំង​ទ្វេ បាន​យក​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​វីរៈ​យុទ្ធជន​របស់​យើង​ទាំង​១៨ រូប រួម​ទាំង​វីរៈ​កងទ័ព​ទាំងអស់​របស់​យើង​នៅតាម​ព្រំដែន ដែល​នេះ​ជា​ការយកចិត្ត​ដាក់​ពី​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​។​

​ជាមួយនេះ សម្ដេច​តេជោ ក៏​បាន​បង្ហាញ​នូវ​ក្ដីរំភើប​បន្ថែមទៀត ដែល​កាល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ ម្សិលមិញ នៅពេល​ដែល​សម្ដេច បានឃើញ​វីរៈ​យុទ្ធជន​របស់​យើង​ធ្វើដំណើរ​មក​ដល់​កម្ពុជា តាមរយៈ​ការផ្សព្វផ្សាយ​ផ្ទាល់ សម្ដេច​មាន​អារម្មណ៍​រំភើប រហូត​ដល់​ស្រក់​ទឹកភ្នែក នៅពេល​ឃើញ​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ប្រជាជន​របស់​យើង​គ្រប់​មជ្ឈដ្ឋាន​នៅតាម​ដងផ្លូវ ចំពោះ​វីរៈ​យុទ្ធជន​របស់​យើង​ទាំង​១៨​នាក់ ដែល​សម្ដេច​បាន​បញ្ជាក់​ថា នេះ​ជា​ស្មារតី​នៃ​ការ​សាមគ្គី​របស់​ប្រជាជន​ខ្មែរ​ដ៏​ធំ​បំផុត​សម្រាប់​វីរៈ​យុទ្ធជន​របស់​យើង​ទាំងអស់​១៨​នាក់ ក៏ដូចជា​ស្មារតី​នៃ​ការ​សាមគ្គី​ជាមួយនឹង​វីរៈ​យុទ្ធជន​យើង​នៅ​សមរភូមិ​មុខ​ផងដែរ ។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ដល់​វីរៈ​យុទ្ធជន​ទាំង​១៨​រូប រួម​ទាំង​ក្រុម​គ្រួសារ ជួបប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន និង​បាន​រស់នៅ​ជាមួយនឹង​ក្រុមគ្រួសារ ព្រមទាំង​បាន​រស់នៅ​ក្នុង​ទឹកដី​កំណើត​ឡើងវិញ​ប្រកបដោយ​ភាពសុខសាន្ត​៕​

Leave a Reply

Your email address will not be published. Required fields are marked *