​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា

​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែ​បុស្ស ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា បន្ទាប់​ពី​ឯកឧត្តម​បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​ឯកឧត្តម​សារជាថ្មី ហើយ​សម្ដេច​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​បេសកកម្ម​ក៏ដូចជា​កិច្ចការ​របស់​ឯកឧត្តម ដែល​បាន​បំពេញ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អា​រ៉ាប៊ីសាអូឌីត​មានភាព​រីកចម្រើន ជាពិសេស​ការសម្របសម្រួល​របស់​ឯកឧត្តម​ឯកអគ្គរាជទូត ក្នុងឱកាស​ដែល​សម្ដេច​តេជោ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​អា​រ៉ាប៊ីសាអូឌីត​កន្លងទៅ​នេះ ដែល​ទាំងអស់​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​ភាព​រីកចម្រើន​។

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​ឯកអគ្គរាជទូត​អារ៉ាប់ប៊ីសាអូឌីត បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម និង​សហការី​បាន​ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​នៅពេលនេះ​។ ឯកឧត្តម​បាន​បញ្ជាក់ថា​ក្នុង​រយៈពេល​បំពេញ​បេសកកម្ម​ការងា​រ​នៅ​កម្ពុជា ឯកឧត្តម​មាន​អនុស្សាវរីយ៍​ដ៏​ច្រើន​ជាមួយនឹង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។
​ឯកឧត្តម​ក៏​បាន​ឃើញ​ពី​ភាព​រីកចម្រើន ជាពិសេស​លើ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា​។ ឯកឧត្តម​សង្ឃឹមថា​ប្រទេស​កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​មួយ​មាន​ភាព​រីកចម្រើន​នៅក្នុង​តំបន់​អាស៊ាន​។
​ឯកឧត្តម​ក៏បាន​រំលេច​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ភាព​រីកចម្រើន ជា​ពិសេស​តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ទៅវិញទៅមក​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​។ ហើយ​ឯកឧត្តម​បាន​បញ្ជាក់​នៅ​ចំពោះមុខ​សម្ដេច​តេ​ជោថា នៅក្នុង​ឆ្នាំ​២០២៦​នេះ អ្នកវិនិយោគ​របស់​អា​រ៉ាប់ប៊ីសាអូឌីត នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​នូវ​ឱកាស​វិនិយោគ​ផ្សេងៗ តាមរយៈ​សភា​ពាណិជ្ជកម្ម​របស់​អារ៉ាប់ប៊ីសាអូឌីត ។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ចំពោះ​ការលើកឡើង​របស់​ឯកឧត្តម​ឯកអគ្គរាជទូ​ត​អារ៉ាប៊ី​សា​អូឌីត ដោយ​សម្ដេច​តេជោ​បានបញ្ជាក់​ថា នេះ​គឺជា​ស្នូល​នៃ​ទំនាក់ទំនង​ដែល​សម្ដេច​ចង់ឃើញ​នូវ​ទំនាក់ទំនង ពាណិជ្ជកម្ម ក៏​ដូចជា​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​រីកចម្រើន​។
​សម្ដេច​តេជោក៏បាន​ស្វាគ​មន៍​ចំពោះ​ប្រតិភូ​នៃ​សភា​ពាណិជ្ជកម្ម​អា​រ៉ាប៊ីសាអូឌីត ដែល​គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។

​សម្ដេច​តេ​ជោបាន​បន្តទៀ​ត​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​គ្នា​ទៅវិញទៅមក​នា​ពេល​កន្ល​ង​ទៅនេះ គឺជា​ផ្នែក​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​កា​រ​រីកចម្រើន ហើយ​សម្ដេច​រំពឹងថា ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​មាន​ភាពល្អប្រសើរ​បន្ថែម​ទៀត ដែល​ទាំងអស់​នេះ​ជា​ការរួមចំណែក​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​ភាព​រីកចម្រើន​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរាជទូត​អារ៉ាប់ប៊ីសាអូឌីត ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕​

Leave a Reply

Your email address will not be published. Required fields are marked *